Ad Code

ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​អនុញ្ញាតការ​ជួសជុល​សំណង់​ស្រាល​ចំនួន​៦២៤ ករណី



សៀមរាប​ ៖​ ក្រុមការងារ​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ប្រជុំ​បូកសរុប​របាយការណ៍​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ដោយមាន​ការអនុញ្ញាត​សំណង់​ស្រាល​ចំនួន​៦២៤​ករណី ជូន​ប្រជា​សហគមន៍​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោម​អធិបតីភាព លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នៅ​សាល​បេង​មាលា នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា ​ឆ្នាំ​២០១៨​កន្លងទៅនេះ​។

 

យោង​តាម​របាយការណ៍​របស់​ក្រុមការងារ​សហគមន៍​បាន​លើកឡើង​ថា ក្រុមការងារ​សហគមន៍​ទាំង​៥ ក្រុង​/​ស្រុក ក្នុងនោះ​មាន​ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង ស្រុក​ពួក ស្រុក​អង្គរធំ បាន​ចុះ​ទៅដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អនុញ្ញាត​ប្រភេទ​សំណង់​ស្រាល តាម​ការស្នើសុំ​របស់​ពួកគាត់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ប្រភេទ​សំណង់​ទាំងនោះ​គឺមាន ត​យាប ដូរ​សសរ​ផ្ទះ ដូរ​ជញ្ជាំង​ផ្ទះ ដូរ​ដំបូល​ផ្ទះ ធ្វើ​បង្គន់ ធ្វើ​របង​ផ្ទះ​។​ល​។

 

លោក ស៊ុំ ម៉ាប់ អគ្គនាយក​បាន​លើក​ឡើង​ថា ការងារ​សហគមន៍​ជា​រឿង​ចាំបាច់​ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវតែ​ធ្វើ និង​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​តាម​គោលដៅ​រៀងៗ​ខ្លួន ដើម្បី​បង្កើន​ការ​យក​ចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ដោះស្រាយ និង​សម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រោះ​វា​ទាក់ទង​នឹង​ជីវភាព ជាពិសេស​គឺ​សុខទុក្ខ​របស់​ពួកគាត់​ជា​ចាំបាច់​។​

 

លោក​អគ្គនាយក បាន​បន្តថា ដើម្បី​ឲ្យ​ការងារ​សហគមន៍ កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ សូម​ក្រុមការងារ​សហគមន៍​នីមួយៗ បង្កើន​ការ​យក​ចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការងារ​ចុះ​តាម​មូលដ្ឋាន ដើម្បី​ជួប​ប្រជាពលរដ្ឋ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ដែល​នូវ​សេសសល់​ឲ្យ​ដាច់ស្រេច៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu