Ad Code

សាលា​បច្ចេកទេស JVC ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ប្រទេស​សិង្ហបូរី​



ភ្នំពេញ ​៖ ​សាលា​មធ្យមសិក្សា​បច្ចេក​ទេស​ហ្ស៊ី វ៉េ សេ ទទួលបាន​វិញ្ញាបនបត្រ ISO 9001-2015 ពី​ក្រុមហ៊ុន GIC ដែលជា​ក្រុមហ៊ុន​វាយតម្លៃ​មួយ មានការ​ទទួលស្គាល់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហបូរី​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ISO​នេះ​ដែរ លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ​តាមរយៈ​ការ​ប្រគល់​វិញ្ញាបនបត្រ​នៅ​ពេល​នេះ គឺជា​ម៉ែត្រ​វាស់​មួយ ក្នុង​ការ​កំណត់​នូវ​បទដ្ឋាន នៃ​ការដឹកនាំ​របស់​គណៈ​គ្រប់គ្រង និង​គុណភាព នៃ​ការអប់រំ បច្ចេកទេស ជំនាញ និង​ការ​វិវត្ត​របស់​សាលា​មួយ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ និង​មានការ​កែលំអ​បំពេញបន្ថែម​។



ក្រៅ​ពី​នេះ ក៏​ជា​ការ​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ក្នុង​ការ​បំពេញការងា​រ និង​ការ​ជម្រុញ​លើកកម្ពស់​ការអប់រំ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់ នូវ​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ ក្នុង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ​។

លោក​បាន​បន្ត​ថា ​សមិទ្ធ​ផល​ដែល​សាលា​ទទួល​បាន​នា​ពេល​នេះ​ គឺ​ឆ្លៀត​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​អាទិភាព​របស់​ក្រសួង​ការងារ​ក្នុង​ការ​អភិវឌ្ឍន៍​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជាពិសេស​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥ ២០២៥​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សំដៅ​ជំរុញ​ការ​កែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនា​ឧស្សាហកម្ម​កម្ពុជា​ពី​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​លើ​ផ្នែក​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។

លោក​បន្ថែម​ថា ការអប់រំ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​កត្តា​ដែល​មិនអាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម និង​ជំរុញ​ឲ្យ​អ្នក​សិក្សា​ទទួល​បាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស ជាមួយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ក្លាយជា​ពលករ​ជំនាញ អ្នកបច្ចេកទេស ក្នុង​ការ​បង្កើន​ធនធាន មនុស្ស សម្រាប់​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ស្រប​ពេល​ដែល​ប្រទេស កំពុង​មាន​សុខ​សន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​ពិតប្រាកដ។

លោក ស៊ឹម សូ​រិ​ន ទីប្រឹក្សា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​នាយក​សាលា​មធ្យមសិក្សា បច្ចេកទេស JVC បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សាលា​ដែល​មាន​ទីតាំងនៅ​ផ្លូវ​លេខ​៦​អា ភូមិ​ដើម​គរ សង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នេះ បាន​វិវត្តន៍​ខ្លួន ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តា​ល​បច្ចេកទេស JVC មក​ជា សាលា​មធ្យម​បច្ចេកទេស JVC ហើយ​មានការ​ឧបត្ថម្ភ​គាំទ្រ ពី​អង្គការ​ស្ម័គ្រចិត្ត ជនជាតិ​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុន ទាំង​អគារ ឧបករណ៍​សម្ភារៈ ដែល​បំពាក់​ក្នុង​សាលា​និង​រោង​ជាង សម្រាប់​ធ្វើ​ការ​បណ្តុះបណ្តាល​ទៅលើ​ជំនាញ បច្ចេកទេស​ជួសជុល​រថយន្ត ដែល​ស្ថិត​នៅ​ក្រោម ការគ្រប់គ្រង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

លោក​បាន​បញ្ជាក់​ថា​ សាលា​បាន​ដំណើរការ​បណ្តុះបណ្តាល​ជំនាញ បច្ចេកទេស​ជាច្រើន​ដូចជា កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស កម្រិត​សញ្ញាបត្រ​បច្ចេកទេស​វិជ្ជាជីវៈ កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង កម្មវិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​ជាដើម​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu