ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី បានគាំទ្រនិងសាទរជានិច្ចចំពោះការវិនិយោគទុនតូចធំលើគ្រប់វិស័យ ដោយសារតែមានស្ថិរភាពនយោបាយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះក្នុងឱកាស ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារ លី ខាសល រីរើរនាល្ងាច ថ្ងៃ១១កើត ខែបឋមាសាឍ ឆ្នាំច ស.ព ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅខណ្ឌដូនពេញរាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះអ្នកវិនិយោគទុនខ្មែរសុទ្ធសាធ ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តដាក់ទុនវិនិយោគ លើគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ដ៏ធំមួយនេះនៅក្នុងរាជធានីភ្នំពេញ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសូមស្វាគមន៍ និងអបអរសាទរចំពោះគម្រោងវិនិយោគ ដែលសាងសង់សណ្ឋាគារនេះឡើងដោយមានរចនា យ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗមានជិត១០០បន្ទាប់មានទីតាំងជាប់មាត់ទន្លេសាបទល់មុខផែថ្មរាជធានីភ្នំពេញ។
លោកជំទាវកិត្តិសង្គហបណ្ឌិតសង្ឃឹមថា សណ្ឋាគារនេះពិតជាមោទនភាពមួយរបស់កម្ពុជា ដោយយើងនឹងមានអគារដ៏ខ្ពស់ស្កឹមស្កៃ ជាច្រើនទៀតលេចឡើងកណ្តាលក្រុង ដែលបង្ហាញពីមុខមាត់ថ្មី និងការលូតលាស់ឥតឈប់ឈររបស់កម្ពុជា។ ការវិនិយោគទុនលើការសាងសង់សណ្ឋាគារដ៏ទំនើបនេះពិតជា រួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា។
សណ្ឋាគារនេះ ពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមានស្ថានភាពសេដ្ឋកិច្ច និងស្ថិរភាពនយោបាយល្អ និងគោលនយោបាយគាំទ្រ ដល់អាជីវកម្ម និងជិតពេលដែលកម្ពុជាកំពុងត្រៀមបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រផងដែរ។ ការសាងសង់សណ្ឋាគារទំនើបនេះ ពិតជាជម្រើសដ៏ត្រឹមត្រូវ ព្រោះទីតាំងគម្រោងស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ស្នាក់នៅ និងធ្វើការ តាមបែបទំនើប ជាពិសេសជនបរទេស។
ដោយមានកិច្ចសហការជំរុញការលក់ ជាមួយក្រុមហ៊ុនល្បីៗ និងមានសមត្ថភាព លោកជំទាវកិត្តិសង្គហបណ្ឌិតជឿជាក់ថា សណ្ឋាគារនេះនឹងទទួលបានជោគជ័យ ដោយមានការគាំទ្រ និងការនិយមចូលចិត្ត ពីអតិថិជនជាមិនខានឡើយ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពភ្លឺស្វាង វាងវៃ របស់សម្តេចតេជោហ៊ុន សែនបានដឹកនាំនាវាកម្ពុជតាំងពីបាតដៃទទេរហូតមានអ្វីៗគ្រប់បែបយ៉ាងបច្ចុប្បន្ននេះដោយកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ។ ក្នុងរយៈពេលប្រហែល២០ឆ្នាំ ចុងក្រោយនេះ ប្រទេស កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមប្រមាណ ៧ ភាគរយជាប់ៗគ្នា ដែលនាំឲ្យចំណូលរបស់ប្រជាជនយើងមានការកើនឡើង និងមានជីវភាពកាន់តែធូធារផងដែរ។
ដោយឡែករាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើកដែលមានសកម្មភាពអាជីវកម្មមមាញឹក មានហាងលក់ទំនិញ និងសំណង់ធំៗ សណ្ឋាគារខុនដូរជាពិសេសអគារខ្ពស់ៗជាច្រើនកំពុងតែសាងសង់ និងរីកដុះដាលដូច ផ្សិតបម្រើដល់ការរកស៊ី ស្នាក់នៅ និងធ្វើការងាររបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា ដោយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគដែលអនុគ្រោះដល់ធុរកិច្ចជន ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយគួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។
ពិធីសម្ពោធសណ្ឋាគារនាពេលនេះ កំពុងបញ្ជាក់យ៉ាងច្បាស់ អំពីភាពរស់រវើក នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម អចលនទ្រព្យ និងសំណង់។ ការសាងសង់សណ្ឋាគារដ៏ទំនើប ប្រណិត ខ្នាតអន្តរជាតិ ដែលមានសោភ័ណភាព លម្អមានចំណតរថយន្តយ៉ាងសមរម្យសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីសក្ដានុពល នៃការទាក់ទាញវិនិយោគបរទេសរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជំទាវកិត្តិសង្គហបណ្ឌិតសូមលើកទឹកចិត្តឲ្យសណ្ឋាគារនេះបន្តសកម្មភាពរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ ធានា សោភ័ណភាពគុណភាព និងប្រណិតភាព តាមការគ្រោងទុក និងសូមគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ភាពជោគជ័យរបស់សណ្ឋាគារដ៏ទំនើបនេះ ពិតជារួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម ការអភិវឌ្ឍន៍រាជធានីភ្នំពេញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments