ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ចេញយុទ្ធសាស្ដ្រកាត់បន្ថយផលិតផលសម្រេចពីបរទេសដើម្បីលើកស្ទួយវិស័យឧស្សាហកម្មធុនតូច និងមធ្យមឲ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងកម្មវិធី ការជំរុញលក់ផលិតផលសហគ្រាស ធុនតូច និងមធ្យមតាមប្រព័ន្ធអ៊ីធើណិតរវាងកម្ពុជា-ឥណ្ឌាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨លោក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបន្ត ថា បច្ចុប្បន្ននេះកម្ពុជា តែងតែនាំចូលផលិតផលសម្រេច ពីបណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសថៃជាដើម ដែលការនាំចូល ផលិតផលនេះ នឹងធ្វើឲ្យមានការប៉ះពាល់ដល់ SME ក្នុងស្រុក។
លោកឧកញ៉ាបានបន្ថែមទៀតថា « ដើម្បីលើកស្ទួយ SME រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ស្រ ប់ហើយក្នុងការកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេស ដើម្បីជួយដល់ SMEព្រោះថា SMEគឺ ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ប្រសិនបើអ្នកទាំងអស់គ្នា មិនកាត់បន្ថយការនាំចូលទេ នោះ SME មិនអាចងើបរួចនោះឡើយ»។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា ក្នុងគោលបំណងលើកស្ទួយ SME សម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដើម្បីជំរុញផលិតផលខ្មែរដែលមាន ទៅកាន់ទីផ្សារពិភពលោក តាមប្រព័ន្ធអនឡាញ។
លោក Sailesh Lachu Hiranandani ប្រធានក្រុមហ៊ុន SRAM & MRAM បានឲ្យដឹងថា«ខ្ញុំរំពឹងថា ផលិតផលរបស់កម្ពុជា នឹងមានទទួលស្គាល់ច្រើន ព្រោះដោយសារតែប្រទេសកម្ពុជា ដីមានជីវជាតិល្អ អាចដាំដំណាំបានល្អ ប្រទេសភាគច្រើនដូចជា វៀតណាម-ថៃ ក៏បានទិញផលិតផលខ្មែរយកទៅវេចខ្ចប់ លក់ និងមានភាពល្បីល្បាញលើទីផ្សារពិភពលោកផងដែរ»។
អាជីវករខ្មែរដែលបានចូលរួមនៅក្នុងកម្មវិធីនោះបានបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការសហការវាងសមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា ចំពោះការដាក់លក់ផលិតផលខ្មែរតាមប្រព័ន្ធអនឡាញនេះ ដោយម្នាក់គ្រោងនឹងបង្កើតផលិតផលផ្សេងៗបន្ថែមទៀត ដើម្បីសម្រុកក្នុងការនាំចេញ។
អ្នកនាង កែវ សុខទៀង ប្រធានក្រុមហ៊ុន សេង ហួត ហ្វាហ្វា បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះការសហការគ្នារវាង សមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដែលគ្រោងនឹងនាំផលិតផលខ្មែរ ទៅលក់លើទីផ្សារអន្ដរជាតិ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះ។ ខ្ញុំពិតជា មានកម្លាំងចិត្តក្នុងការផលិត ផលិតផលខ្មែរបន្ដទៀតណាស់ ព្រោះយើងមានទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស»៕
Source: Kampuchea Thmey Daily
0 Comments