Ad Code

កាតារ​ នាំ​អារ៉ាប់​រួម​ទៅ​តុលាការ​ជាន់ខ្ពស់​របស់​UN​ជុំវិញ “​ការ​រំលោភ​សិទ្ធិមនុស្ស​”



ប្រទេស​កាតារ​ កាលពី​ថ្ងៃ​ចន្ទ​ បាន​និយាយ​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ប្រឆាំង​ នឹង​ប្រទេស​អារ៉ាប់​រួម​នៅ​ឯ​តុលាការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ ដោយ​ចោទប្រកាន់​គូ​សត្រូវ​ឈូង​សមុទ្រ​របស់​ខ្លួន​មួយ​នេះ​ពី​បទ​រំលោភបំពាន​សិទ្ធិមនុស្ស​ និង​ប្រកាន់​ពូជសាសន៍។

កាលពី​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ឆ្នាំមុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់​រួម បា​រ៉ែ​ន​និង​អេ​ហ្ស៊ី​ប​ បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​កាតារ​ដោយ​ចោទប្រកាន់ថា កាតារ​បាន​គាំទ្រ​ដល់​អំពើ​ភេរវកម្ម​និង​ប្រទេស​អ៊ីរ៉ង់​។ ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ដូ​ហា​បាន​បដិសេធ​ការអះអាង​នេះ​។​

ពួកគេ​ក៏បាន​ចាត់វិធានការ​ជាច្រើន​រួមទាំង​រារាំង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​ពី​ការប្រើប្រាស់​ដែនអាកាស​របស់​ពួកគេ​និង​បណ្តេញ​ពលរដ្ឋ​កាតា​ចេញពី​ទឹកដី​របស់​ពួកគេ​ផងដែរ​។ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​បិទ​ព្រំដែន​ដីគោក​របស់ខ្លួន​ជាមួយ​កាតារ​។​

កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​កា​តារ​បានប្រកាស​ថ្កោលទោស “​ការរំលោភ​សិទ្ធិមនុស្ស​ដែល​កើតឡើង​ពី​ការរើសអើង​របស់​អារ៉ាប់​រួម​ប្រឆាំង​ប្រទេស​កាតារ​និង​ពលរដ្ឋ​កាតារ​”​។​

ក្រសួង​ក៏បាន​ថ្កោលទោស​ផងដែរ​ចំពោះ​ការឡោមព័ទ្ធ​ដែនដី ដែនសមុទ្រ​និង​ដែនអាកាស​ខុសច្បាប់​ប្រឆាំង​កាតា​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នៃ​ការបង្ខិតបង្ខំ​នយោបាយ​និង​សេដ្ឋកិច្ច​។​

ក្រសួង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កាតា​រលោក Mohammed bin Abdulrahman Al-Thani ថា “​វិធានការ​ខុសច្បាប់​ដែល​ដាក់​ដោយ​អារ៉ាប់​រួម​បាន​បំបែកបំបាក់​គ្រួសារ​ជាច្រើន​”​។​

លោក​បាន​បន្តថា “​អារ៉ាប់​រួម​បាន​ដកហូត​ក្រុមហ៊ុន​កាតា​ព្រមទាំង​អចលនទ្រព្យ​និង​ទ្រព្យសម្បត្តិ​ហើយ​បាន​បដិសេធ​ការទទួល​បានជា​មូលដ្ឋាន​នៃ​ការអប់រំ វេជ្ជសាស្ត្រ​និង​យុត្តិធម៌​នៅក្នុង​តុលាការ​អារ៉ាប់​រួម​”​។​

ដោយសារតែ​រឿងនេះ ប្រទេស​កាតារ​បានចាប់ផ្តើម​នីតិវិធី​ប្រឆាំងនឹង​អារ៉ាប់​រួម​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងឡាអេ​ដែលជា​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​សម្រេច​ក្នុង​ជម្លោះ​រវាង​ប្រទេស​នានា​។​

កាតារ​បានស្នើ​ឲ្យ ICJ បញ្ជា​ឲ្យ​អារ៉ាប់​រួម​ចាត់វិធានការ​ទាំងអស់​ដើម្បី​អនុវត្តតាម​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​ដោយ​រួមទាំង​បញ្ឈប់​និង​ដកហូត​វិធានការ​រើសអើង​និង​ស្ដារឡើងវិញ​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​កាតា​រ​ផងដែរ​។​

សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា ប្រទេស​កាតារ​ក៏បាន​ទាមទារ​ឲ្យ​មាន​សំណង​ពេញលេញ​រួមទាំង​សំណង​ចំពោះ​គ្រោះថ្នាក់​ដែល​ទទួលរង​ដោយសារតែ​ការរំលោភ​របស់​អារ៉ាប់​រួម​លើ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍ (CERD) ផងដែរ​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu