Ad Code

១៥​មិថុនា ​ប្រកាស​សាលក្រម​ នគរបាល​បាញ់​សម្លាប់​មនុស្ស



ភ្នំពេញ​ ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​​មិថុនា ឆ្នាំ​២០១៨​នេះ អតីត​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់​ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ ម​១​ ​​បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើកសវនាការ​រឿង​ឃាតកម្ម​(​បាញ់សម្លាប់​សន្តិសុខ​ផ្សារ​ស្ទឹងមានជ័យ​នៅ​កន្លែង​ហាង​ផឹកស៊ី)។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក វ៉េង ហ៊ត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក ហ៊ឹង ប៊ុនថន ជា​តំណាង​អយ្យការ។

ជន​ត្រូវ​ចោទ​មានឈ្មោះ សាន បូរី ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នាក់នៅ ផ្ទះ​លេខ​៣១២ ផ្លូវ​លេខ​៤៤C ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​​ បាន​ឆ្លើយ​សារភាព​ថា ​កាលពី​ថ្ងៃ​ទី​១៤​ខែ​តុលា​ ឆ្នាំ​២០១៧ ខ្លួន​បាន​ចូល​ទៅ​ហាង​ផឹកស៊ី​មួយ ហើយ​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​នោះ​ បាន​និយាយ​ឌឺដង​ដាក់ខ្លួន​ថា​ អា​ប៉ូលិស​មាន់ស្ងោរ គ្រាន់តែ​ផឹកស៊ី​យក​អាវុធ​មក​តាម ក៏មាន​ទំនាស់​ពាក្យសំដី​តិចតួច ​ក៏​ប្រតាយប្រតប់​គ្នា ខណៈ​នោះ​ជនសង្ស័យ​ឈ្មោះ សាន បូរី បាន​ដក​អាវុធខ្លី​បាញ់​ឡើងលើ​១​គ្រាប់​ និង​២​គ្រាប់​ បាន​បាញ់​ត្រូវ​ជនរងគ្រោះ​ឈ្មោះ​ជ័យ ប៊ុនថន បណ្តាល​ឲ្យ​ស្លាប់​។​

សូមជម្រាបថា​ ទោះជា​យ៉ាងណា​រឿងក្តី​ឃាតកម្ម​ខាងលើនេះ ​ត្រូវបាន​លោក​ចៅក្រម​សម្រេច​កំណត់​យក​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២​រសៀល​ដើម្បី​ប្រកាស​សាលក្រម​។​

គួរ​រំលឹក​ថា ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៤០​នាទី នៅ​ចំណុច ក្នុង​ហាង​ផឹកស៊ី​មួយ ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​១១ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ បង្កឡើង​ដោយ​ឈ្មោះ សាន បូរី ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជ័យ ប៊ុនថន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ផ្សារ​ស្ទឹងមានជ័យ ស្នាក់នៅ ផ្ទះ ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ អាវុធខ្លី​មួយ​ដើម​ម៉ាក​រ៉ូឡូ ពណ៌​ខ្មៅ គ្រាប់​ចំនួន ០២ គ្រាប់ និង សំបក​គ្រាប់​ចំនួន ០៣៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu