Ad Code

ប៉ូលិស​ស្ថិត​ក្នុងចំណោម​មនុស្ស​៤​នាក់​ ដែល​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​អគ្គិភ័យ​ឆេះ​សន្លឹកឆ្នោត​អ៊ីរ៉ាក់



អាជ្ញាធរ​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​អ៊ីរ៉ាក់​ បាន​ចាប់ខ្លួន​មន្ត្រីប៉ូលិស​ចំនួន​បីនាក់​ និង​បុគ្គលិក​គណៈកម្មការ​បោះឆ្នោត​ម្នាក់​ បន្ទាប់ពី​អគ្គិភ័យ​បាន​វាយប្រហារ​ឃ្លាំង​មួយ​ដែល​ផ្ទុក​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​នីតិបញ្ញត្តិ​កាលពី​ខែឧសភា​។​

អ្នកនាំពាក្យ​ក្រុមប្រឹក្សាតុលាការ​កំពូល​លោក Abdel Sattar Bayraqdar បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​ក្នុង​សង្កាត់ Al-Russafa ភាគ​ខាងកើត​ទីក្រុង​បា​កដាដ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​លួច​ដុត​នៅ​គណៈកម្មការ​បោះឆ្នោត​។​

ដំណឹង​នៃ​ការចាប់ខ្លួន​នេះ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់​លោក Qassem al-Araji បាន​និយាយថា “​គ្មានអ្វី​ត្រូវ​សង្ស័យ​ទេ​ដែលថា អគ្គិភ័យ​នេះ​គឺជា​ទង្វើ​ដោយ​ចេតនា​”​។​

អគ្គិភ័យ​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​មុន​ការរាប់​សន្លឹកឆ្នោត​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​ក្នុងអំឡុងពេល​បោះឆ្នោត​ដែល​គេ​បាន​មើលឃើញ​ពី​ជ័យជំនះ​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​បព្វជិត​ដ៏​មាន​ប្រជាប្រិយ​មួយរូប​។​

ប្រហែល​៦០​ភាគរយ​នៃ​អ្នកបោះឆ្នោត​២​លាន​នាក់​នៅក្នុង​ទីក្រុង​បា​កដាដ​គឺ​បាន​បោះឆ្នោត​កាលពី​ថ្ងៃទី​១២​ខែឧសភា​នៅក្នុង​មណ្ឌល​នេះ​។​

វិសាលភាព​នៃ​ការខូចខាត​ចំពោះ​ប្រអប់​សន្លឹកឆ្នោត​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ប៉ុន្តែ​មន្ត្រី​មួយចំនួន​បាន​លើកឡើងថា សន្លឹកឆ្នោត​ភាគច្រើន​ត្រូវបាន​ទុក​នៅ​កន្លែង​ផ្សេង​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក Saad Maan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​សម្ភារៈ​បោះឆ្នោត​រួមទាំង​សន្លឹកឆ្នោត​ផងដែរ​អាច​ត្រូវបាន​ដុត​ឆេះ​ប៉ុន្តែ​ភាគច្រើន​នៃ​សន្លឹកឆ្នោត​គឺ​ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​អគារ​មួយ​ផ្សេងទៀត​”​។​

គួរ​បញ្ជាក់ថា អគ្គិភ័យ​នេះ​បាន​ផ្ទុះឡើង​នៅពេលដែល​ចៅក្រម​៩​រូប​ត្រូវបានតែងតាំង​ដើម្បី​ត្រួត​ពិនិត្យមើល​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​តាម​បញ្ជា​របស់​រដ្ឋសភា​អ៊ីរ៉ាក់​ជិត​ផុត​អាណត្តិ​។​

អង្គនីតិប្បញ្ញត្តិ​នេះ​ក៏បាន​បណ្តេញ​គណៈកម្មកា​រ​ឯករាជ្យ​ដែលមាន​សមាជិក​ចំនួន​៩​រូប​ដែល​ត្រួតពិនិត្យ​ការបោះឆ្នោត​នេះ​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu