Ad Code

ប្រជាជន​កម្ពុជា ​គួរតែ​យល់ដឹង​អំពី​អ្វី​ទៅជា​បដិវត្តន៍​ពណ៌​ ហើយ​ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់​វង់​យូរអង្វែង



ភ្នំពេញ ​៖ ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​មក​នូវ​សេចក្ដី​វិនាស​យ៉ាង​ធ្ងន់ធ្ងរ​មកដល់​ប្រទេសជាតិ​ថែមទៀត​ផង។ បើ​និយាយ​ចំពោះ​ប្រជាជន​កម្ពុជា​វិញ ពួកគាត់​មិនសូវ​ជា​យល់​ទេ​ថា តើ​អ្វី​ទៅ​គឺជា​បដិវត្តន៍​ពណ៌​នោះ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​យើង​ ងាយ​រងគ្រោះ​ ដោយសារ​ពួក​អ្នកនយោបាយ​ពង្វក់ ឬក៏​ប្រើប្រាស់​អោយ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ពណ៌​ដោយ​មិន​ដឹង​ខ្លួន។

​និយមន័យ​បដិវត្តន៍​ពណ៌​(Color revolution)​ឬក៏​ហៅ​ម្យ៉ាង​ទៀត​ថា ​បដិវត្តន៍​ផ្កា ដោយ​បដិវត្តន៍​នេះ​ពួកគេ​ជា​ដំបូង​ប្រើប្រាស់​វិធីសាស្ត្រ​អហិង្សា ឬ​ក៏​ដោយ​សន្តិវិធី​ដើម្បី​អោយ​កើតមាន​នូវ​ការ​ផ្លាស់ប្ដូរ​រដ្ឋអំណាច​នៅ​ពេល​នេះ បដិវត្តន៍​ពណ៌​ បាន​ជ្រាប​ចូល​ដល់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្នុង​គោល​បំណង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​កាន់តែ​យល់​ច្បាស់​នៃ​ផលវិបាក នៃ​បដិវត្តន៍​ពណ៌​នឹង​ថែរក្សា​សុខសន្តិភាព ដែល​បាន​មក​យ៉ាង​លំបាក​របស់​ប្រទេស​កម្ពុជា។ ទូរទស្សន៍​ក្នុងស្រុក គឺ​ទូរទស្សន៍​អាស៊ី​អាគ្នេ​យ៍ (SEATV) ចាប់តាំងពី​ថ្ងៃទី​១៨ ខែឧសភា រហូតដល់​ថ្ងៃទី​៩ ខែមិថុនា​នេះ បានធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី “​អ្នក​គួរតែ​ដឹង​” (You Should Know) ដែល​លើកយក​ប្រធានបទ បដិវត្តន៍​ពណ៌​មក​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ និង​ទទួល​ការ​ស្វាគមន៍​ជាខ្លាំង​ពី​សំណាក់​ទូរទស្សនិកជន​។ ឆ្លងកាត់​តាម​កម្មវិធី​នេះ ធ្វើអោយ​យើង​ដឹងថា បដិវត្តន៍​ពណ៌​មាន​លក្ខណៈ​ខុសគ្នា​បន្តិចបន្តួច​ជាមួយនឹងរដ្ឋ​ប្រហារ និង​បដិវត្តន៍ ប៉ុន្តែ​ធាតុពិត គឺជា​ការធ្វើរដ្ឋ​ប្រហារ​តាមរបៀប​ថ្មី ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ពួកគេ​តែងតែ​ប្រើប្រាស់​ផ្កា ឬ​ជាស​ញ្ញា​អ្វីមួយ​ដើម្បី​ប្រមូលផ្តុំ​ប្រជាជន យុវជន សិស្ស​និស្សិត កម្មករ​។​ល​។ ធ្វើការ​ជួបជុំ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍ពណ៌​។ តាម​ការពិតទៅ​ចាប់តាំងពី​ការបោះឆ្នោត​អាណត្តិ​ទីមួយ​មក​ម្ល៉េះ​ប្រទេស​កម្ពុជា​យើង បាន​រង​នូវ​ការធ្វើ​បដិវត្តន៍ពណ៌​ទៅហើយ ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។ រហូតដល់​ឆ្នាំ​២០១៣​សកម្មភាព​បដិវត្តន៍​ពណ៌​មានការ​វិវត្តន៍​ជា​ខ្លាំង ជា​សំណាង​បំផុត​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​កម្ចាត់​ចោល​ទាំងស្រុង​នូវ​ឫសគល់​នៃ​បដិវត្តន៍​ពណ៌ បញ្ឈប់​បាន​នូវ​ការវិវត្តន៍​របស់​បដិវត្តន៍ពណ៌។



ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​ប្រចាំ​កម្ម​វិធី ឯកឧត្តម​បណ្ឌិត​សភាចា​រ្យរ​ស់ច​ន្ត្រា​បុត្រ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេល​ថ្មីៗ​នេះ ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​បាន​មានប្រសាសន៍ថា ​៖ ”​បើសិនជា​រាជរដ្ឋាភិបាល ​ដែលមាន​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​មិនបាន​ទប់ស្កាត់​បដិវត្តន៍​ពណ៌​បាន​ទាន់ពេលវេលា​ទេនោះ ម្ល៉េះ​បដិវត្តន៍ពណ៌​មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​សេចក្តី​វិនាស​យ៉ាងធ្ងន់ធ្ងរ​មកដល់​ប្រទេសជាតិ​ថែមទៀត​ផង​”​។ បណ្ឌិតសភា​ចា​រ្យរ​ស់ច​ន្ត្រា​បុត្រ​ បាន​បន្តថា ការចាប់ផ្តើម​នៃ​បដិវត្តន៍ពណ៌​គឺមាន​លក្ខណៈ​ជាការ​ជួបជុំ បាតុកម្ម កូដកម្ម​។​ល​។ ដើម្បី​ផ្តួលរំលំរ​ដ្ឋាភិ​បាល​ស្របច្បាប់​។ ដំណាក់កាល​នៃ​បដិវត្តន៍​ពណ៌​គឺ​ចាប់ផ្តើម​ពី​ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​តូច​ទៅជា​ធំ និង​វិវត្តន៍​ទៅជា​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើងៗ​ក្លាយជា​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេសជាតិ​ទាំងមូល។ ជាទូទៅ​ប្រជាជន​ជា​សិស្ស​និស្សិត កម្មករ​។​ល​។ ត្រូវ​ពួក​អ្នកនយោបាយ​ពង្វក់ ឬក៏​ប្រើប្រាស់​អោយ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ពណ៌​ដោយ​មិន​ដឹង​ខ្លួន​។ មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​​​កម្ពុជា​បាន​បញ្ជាក់​ថា ប្រសិនជា​ប្រទេស​កម្ពុជា​មិនបាន​ចាត់វិធានការ​ទាន់​ពេល​វេលា ក្នុងការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ទេ​នោះ ប្រហែលជា​លទ្ធផល​ចុងក្រោយ​នៃ​បដិវត្តន៍​ពណ៌​នេះ ​ធ្វើអោយ​ប្រទេស​រងគ្រោះ​ថ្នាក់​ដ៏​ធំធេង​។ ជាទូទៅ​យើង​បានឃើញ​យ៉ាងច្បាស់​ថា បដិវត្តន៍ពណ៌​នាំមក​នូវ​លទ្ធផល​ចុងក្រោយ​គឺ​ធ្វើអោយ​ប្រជាជន​ខកចិត្ត​ជាខ្លាំង​។ តួយ៉ាង​ដូចជា​បដិវត្ត​ន៍​ផ្កាកូលាប នៃ​ប្រទេស​ហ្ស៊​ក់​ហ្ស៊ី​(Georgia)​ក្នុង​ឆ្នាំ​២០០៣ បដិវត្តន៍ពណ៌​ទឹកក្រូច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​(Ukraine)​ក្នុង​ឆ្នាំ​២០០៤ និង​បដិវត្តន៍​ផ្កា​ធូលី​ប​នៃ​ប្រទេស ឃើ​គី​ស្ថាន​(Kyrgyzstan)​ក្នុង​ឆ្នាំ​២០០៥​។​ល​។

លោក​បណ្ឌិតសភា​ចា​រ្យ​បាន​មានប្រសាសន៍ថា ​៖ ក្នុងចំណោម​ការបះបោរ​ទាំងឡាយ គឺមាន​មួយ​ភាគ​ប្រាំ គឺ​បណ្តាលអោយមាន​មនុស្ស​រងរបួស ឬក៏​ស្លាប់បាត់​បង់ជីវិត​។ កាន់តែ​គួរអោយខ្លាច​ទៀត​នោះ នៅក្នុង​ប្រទេស​ខ្លះ​អ្នកចូលរួម​ត្រូវបាន​គេ​អោយ​លេបថ្នាំ​ញៀន ដើម្បី​ធ្វើការ​ប្រឆាំង​ដោយ​គ្មាន​ខ្លាច​ការនឿយហត់ ឬសេចក្តីស្លាប់​ឡើយ​។ បណ្ឌិតសភា​ចា​រ្យរ​ស់ច​ន្ត្រា​បុត្រ​បាន​មានប្រសាសន៍​បន្តថា ទោះ​នៅ​ប្រទេស​ណា ក៏ដោយ​អ្នកដឹកនាំ​បដិវត្តន៍ពណ៌​តែង​សន្យាថា​នឹង​នាំ​ប្រទេស​ឈានទៅរក​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​ធ្វើអោយ​ប្រទេសជាតិ​រីកចម្រើន​ថ្កុំថ្កើង តែ​ធាតុពិត​ការសន្យា​ទាំងនោះ​មិនដែល​កើតចេញ​ជា​រូបរៀង​បានឡើយ​។ ក្នុង​កម្មវិធី​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ កុំអោយ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍ពណ៌ ហើយ​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ​រក្សាសុខ​សន្តិភាព​របស់​ប្រទេសជាតិ​កម្ពុជា​យើង ព្រោះ​យើង​មាន​សន្តិភាព​នៅ​ក្មេងខ្ចី​នៅឡើយ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​ទើប​ប្រទេសជាតិ​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ គឺ​ស្របតាម​ពាក្យស្លោក​មួយ​ថា ទាំងអស់គ្នា​ដើម្បី​សន្តិភាព និង​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​។ ឆ្លងកាត់​តាម​កម្មវិធី​នេះ​ធ្វើអោយ​ប្រជាជន​កម្ពុជា​បាន​យល់ដឹង​អំពី​អ្វី​ទៅជា​បដិវត្តន៍​ពណ៌ ហើយ​ដែល​ធ្វើអោយ​ប្រជាជន​កាន់តែ​យល់ច្បាស់​អំពី​ផល​វិបត្តិ​នៃ​បដិវត្តន៍​ពណ៌​ នឹង​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព និង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu