Ad Code

នាយករដ្ឋមន្ត្រី​ចិន បង្ហាញ​ចេតនា ចង់​ធ្វើការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​លើក​កម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​កម្រិត​ថ្មី​មួយទៀត​



ភ្នំពេញ​ ៖​ នៅក្នុង​សារលិខិត​របស់លោក លី ឃឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​ផ្ញើ​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជក់​ច្បាស់​ថា លោក​ពិតជា​ចង់​ធ្វើការ​ជាមួយ​សម្តេច ហ៊ុន សែន ដើម្បី​បន្ត​ពង្រឹង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​តាម​ការអនុវត្ត​ជាក់ស្ដែង​លើ​គ្រប់​វិស័យ។

នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ចំ​ថ្ងៃខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ដែល​ទំនាក់ទំនង​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការផ្តល់​ផលប្រយោជន៍​ជូន​ប្រទេស​ទាំងពីរ ដែល​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ទាំង​ព្រះមហាក្សត្រ​ខ្មែរ​ទាំង​ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​សុទ្ធតែ​បាន​ផ្ញើ​សារ​ជូនពរ​គ្នា​ទៅវិញទៅមក។

លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ថា​ «​ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​បន្ត​ពង្រឹង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ចិន និង​កម្ពុជា ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ តាម​ការអនុវត្ត​ជាក់ស្ដែង​លើ​គ្រប់​វិស័យ​ហើយ​និង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅ​កម្រិត​ថ្មី​មួយទៀត​»​។ នេះ​ជា​សារ​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង ផ្ញើជូន​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងឱកាស​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។



លោក លី ខឹ​ឈាង បាន​សង្កត់ធ្ងន់​ថា ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រកបដោយ​ភាតរភាព​តាំងពី​បុរាណកាល​មក។ ចិន និង​កម្ពុជា ជា​មិត្ត​ជិតខាង​ស្និត​ស្នាល​គ្នា​ជា​ប្រពៃណី ហើយ​ព្រមទាំង​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផងដែរ។

ទំនាក់ទំនង​រវាង​ចិន​-​កម្ពុជា​កន្លងមក​បាន​សម្រេច​សមិទ្ធផល​ជាច្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​នាំមក​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។



លោក​បាន​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែមករា ឆ្នាំ​២០១៨ នេះ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ជា​ឯកច្ឆ័ន្ទ​ស្តីពី​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ចិន​-​កម្ពុជា​ផង​ដែរ​។ លោក លី ឃឺ​ឈាង ក៏បាន​បញ្ជាក់​ជំហរ​ថា ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា​ក្នុង​ការ​ប្រកាន់យក​នូវ​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​ទៅតាម​លក្ខ​ខណ្ឌ​របស់ខ្លួន​។

ចំណែក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ផ្ញើ​សារលិខិត​មួយច្បាប់​ជូន​ទៅ​លោក លី ខឺ​ឈាង ថាស​ម្តេច​ពិតជា​មានការ​ពេញចិត្ត​ជាទីបំផុត​នូវ​ទំនុកចិត្ត​នយោបាយ​កាន់តែ​រឹងមាំ​ក៏ដូចជា​កំណើន​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែ​ផ្កា​កាន់តែ​ស៊ីជម្រៅ និង​មាន​វិសាលភាព​កាន់តែ​ធំ​ក្នុង​វិស័យ​ជាច្រើន​រវាង​ប្រជាជាតិ​របស់​យើង​ទាំងពីរ។ សារលិខិត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​តាំងពី​ថ្ងៃទី ២ ខែកក្កដា។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​សំខាន់​នោះ ទេ​តែ​ជា​ប្រភព​ទុន​វិនិយោគ​បរទេស​ធំ​បំផុត​សម្រាប់​កម្ពុជា​ផង​ដែរ ហើយក៏​ឈរ​ក្នុង​លំដាប់​ទី​១ ក្នុង​បញ្ជី​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា។ ពាណិជ្ជកម្ម​ទៅមក​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​កើនឡើង​ដល់ ៥,៥ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៧ មាន​សក្តានុពល​រីកធំឡើង​ថែមទៀត​ដោយសារ​ចិន​មាន​ឆន្ទៈ​នឹង​សម្រួល​ដល់​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ឲ្យ​កាន់តែច្រើន។

ប្រមុខ​រាចរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​នូវ​ជំហរ​ឥត​ងាករេ​ក្នុងការ​ប្រកាន់យក​គោលនយោបាយ​ចិន​តែមួយ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់ រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​ឯករាជ្យភាព និង​ដំណើការ​អភិវឌ្ឍ​កម្ពុជា​ស្របតាម​បរិបទ​របស់​ផង​ខ្លួន។



ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​របស់​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី ១០-១១ ខែមករា​កន្លងទៅ​គឺជា​ការ​បើកឆាក​នៃ​ការ​ប្រារព្ធ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។​ចាប់ពី​ដើមឆ្នាំ​២០១៨ កម្ពុជា​បាន​រៀប​ចំ​ការ​សម្តែង​សិល្បៈ​ចម្រុះ​កម្ពុជា​-​ចិន​ ស្រប​ពេល​ជាមួយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ការរៀបចំ​ពិព័រណ៍​រូបថត វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ ២០១៨ និង វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី​១ និង​បន្ត​មាន​សកម្មភាព​ផ្សេងៗ​ទៀត​រហូតដល់​ចុងឆ្នាំ ដូចជា​ការ​ផ្លាស់ប្តូ​រ​ទស្សនកិច្ច​គ្រប់​កម្រិត រួមទាំង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន យុវជន និង​យុវជន ការរៀបចំ​សិក្ខាសាលា​ស្តីពី​ការជំរុញ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម​និង​វិនិយោគ​ជាដើម​។

ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន ៥.៥៧៧​លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦​។ ក្នុង​ឆ្នាំ​២០១៧ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ​១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ ដែល​មាន​ទំហំ​សរុប​ប្រមាណ ១.៦៤៤ លាន​ដុល្លារ។ លើស​ពី​នេះ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ឡើង​ដល់ ៦.០០០ លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០​។ ចំពោះ​វិស័យ​ទេសចរណ៍​មាន​ក្រុមហ៊ុន​ឤកាសចរណ៍​ចំនួន ១៥ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​រវាង​កម្ពុជា និង​ចិន​។ នៅ​ឆ្នាំ​២០១៧ ទេសចរ​ចិន មាន​ប្រមាណ ១,២ លាន​នាក់។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ នេះ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់ ដែល​ក្នុង​នោះ ទេសចរ​ចិន​មាន​ចំនួន​ជាង​៥០ ម៉ឺន​នាក់។

កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ក្នុង​ការគោរព​ឯករាជ្យ​អធិបតេយ្យ​និង​ការ​ចាត់​វិធានការ​នានា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​ដើម្បី​ការ​ការពារ​សន្តិសុខ និង​ស្ថិរភាព​សង្គម​។ កម្ពុជា​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ និង ​ផ្លែផ្កា​ដែល​ទទួល​បាន​នា​ពេល​កន្លងមក​និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ច​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ឲ្យ​ឈាន​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​យើង​ទាំងពីរ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu