Ad Code

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បន្ត​បើក​យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំងប្រទេស



ភ្នំពេញ​ ៖​ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​បន្ដ យុទ្ធនាការ​ត្រួតពិនិត្យ​តាមដាន​តម្លៃ​ប្រេងឥន្ធនៈ​ជា​រៀងរាល់ថ្ងៃ គ្រប់​រាជធានី ខេត្ដ​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​អនុវត្ដ​ ​ឲ្យ​មាន​ប្រសិទ្ធភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់ចេញ​នូវ បទបញ្ជា លើ​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​។

បើ​តាម​លោក ឃួន សាវុធ ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ និង​គោលនយោបាយ​ទូទៅ នៃ​អគ្គ នាយកដ្ឋាន​កាំកុងត្រូល​នៃ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា​ ដើម្បី​ពង្រឹង​ប្រសិទ្ធ ភាព​ក្នុងការ​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល បាន​ឯកភាព​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​១៦០​រៀល ក្នុង​១​លីត្រ ពោលគឺ​តម្លៃ​៣៩៥០​រៀល សម្រាប់ ប្រេងសាំង​ធម្មតា និង​៣៧៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​មន្ត្រី​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម​នៅតែ​បន្ត​យុទ្ធនាការ​ត្រួតពិនិត្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅតាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​នានា​។

លោក​បាន​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ តម្លៃ​ប្រេងឥន្ធនៈ​នេះ គឺ​មន្ដ្រី​កាំកុងត្រូល​បាន​ធ្វើ​ជា​រៀងរាល់ថ្ងៃ​គ្រប់​រាជធានី ខេត្ដ ទូទាំងប្រទេស ដើម្បី ណែនាំ​ឱ្យ​អាជីវករ​លក់ដុំ លក់រាយ និង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ដាក់លក់​ក្នុង​តម្លៃ​ទៅតាម​អន្ដរ ក្រសួង​ដែល​បានកំណត់​ដើម្បី​ធានា​តម្លៃ​លក់​ឱ្យបាន​ត្រឹមត្រូវ​នៅលើ​ទីផ្សារ​។



គួរ​បញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា​នៃ​យុទ្ធនាការ​នេះ មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះទៅ​កាន់​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​៧០​ស្ថានីយ​ទូទាំង​ប្រទេស ដោយបាន​នាំ យក​នូវ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ បាន​ចុះទៅ​ត្រួតពិនិត្យ និង​ណែនាំ​ស្ថានីយ​ប្រេង​បាន ចំនួន​០៨​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ដ​កណ្ដាល​ចំនួន​២៨​ទីតាំង ខេត្តក្រចេះ​ចំនួន​០៧​ទីតាំង និង រាជធានី​ភ្នំពេញ​ចំនួន​២៧​ទីតាំង។

ចំណែក​លោក ស៊ា​ង ថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិ​ជ្ជ​កម្ម​បាន​បញ្ជាក់​ថា​ នៅ​តាម​ស្ថានីយ ប្រេងឥន្ធនៈ​ត្រូវ​ដាក់​លក់​ក្នុងតម្លៃ​ទៅតាម​អន្ដរក្រសួង​កំណត់ ហើយ​ពេល​ដែល​មន្ដ្រី​កាំកុងត្រូល​ចុះ​ទៅពិនិត្យ​ឃើញ​លក់​មិន​គ្រប់​លីត្រ ឬ​គុណ​ភាព​មិន​ត្រឹមត្រូវ ជា​ជំហាន​ដំបូង​ត្រូវធ្វើ​ការណែនាំ​ជា​មុនសិន​។ បន្ទាប់មក ក្នុងករណី​រក​ឃើញ​ល​ក់ មិន​គ្រប់​លី​ត ឬ​គុណ​ភាព​មិន​ត្រឹមត្រូវ​ទៀត មន្ដ្រី​កាំកុងត្រូល ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ ហើយ​ប្រសិនបើ​នៅតែ​មិន​ព្រម​កែប្រែ​ទៀត​នោះ ​ក្រសួង នឹង​ដក​អាជ្ញាប័ណ្ណ ឬ​ផ្អាក​អាជីវកម្ម តែម្ដង។

លោក​បាន​បន្ថែម​ថា ចំពោះ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ ដែល​បាន​រក​ឃើញ​មាន​បញ្ហា ជាមួយ​តម្លៃ​ប្រេង មន្ត្រី​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ធ្វើ​ការ​សម្របសម្រួល និង​ណែនាំ​ដល់​ម្ចាស់ ស្ថានីយ​ទាំងអស់​នោះ ធ្វើការ​កែប្រែ​តម្លៃ​ប្រេង​ភ្លាមៗ ទៅតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង សេចក្តី​ជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ដោះស្រាយ​ការលំបាក និង​ជួយ​សម្រួល ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu