Ad Code

Hun Sen Cup ៖ បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង ភ្នំពេញ​ក្រោ​ន ទ័ព ប៉ូលីស អង្គ​រថា​យ​ហ្គឺ​រ សុទ្ធតែ​ឡើងទៅ​ជុំ​បន្ត



ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២ (Hun Sen Cup) វគ្គ​១៦​ក្រុម​ចុងក្រោយ​ជម្រុះ​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បណ្តើរៗ​ហើយ​។

លទ្ធផល​នៅក្នុង​ជើង​ទី​២​នេះ​មាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ចាញ់​ក្រសួងការពារជាតិ ៧​ទល់​១ ស្របពេល​ក្រុម​គីរីវង់​អែ​ហ្វ​ស៊ី ចាញ់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ខណៈ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ក្រុម​អគ្គីសនី​កម្ពុជា ៤​ទល់​០ ក្រុម​វិសាខា ស្មើគ្នា​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​១ និង​ក្រុម​បឹងកេត ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ១​ទល់​០​។ ចំណែក​ប្រកួត​រវាង​ក្រុម​ក្រុម​ខេត្តកំពត ជាមួយ​ក្រុម​ណាហ្គា​វើ​ល ត្រូវ​លើក​ពេលធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ នេះ​វិញ​ព្រោះថា​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​ដក់​ពេញ​ទីលាន​មិនអាច​ប្រកួត​បាន​។



ងាក​មក​មើល​លទ្ធផល​ជើង​ទី​១ កន្លងទៅ​ដែល​ធ្វើឡើង​នៅ​សប្ដាហ៍​មុន ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​ក្រុម​វិសាខា ១​ទល់​០ ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ស្មើគ្នា​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺរ ២​ទល់​២ ស្រប​ពេល​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២​ទល់​១ ខណៈ​ក្រុមណាហ្គា​វើល ឈ្នះ​ក្រុម​កំពត ៥​ទល់​១​។ ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣​ទល់​១ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្មើគ្នា​ជាមួយ​ក្រុម​គីរីវង់​អែ​ហ្វ​ស៊ី ២​ទល់​២ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​បឹងកេត ៥​ទល់​១​។

ចំណែក​១​ប្រកួត​ទៀត​គឺ​ជំនួប​រវាង​ក្រុម​ខេត្តកោះកុង ប៉ះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន CNCC សម្រេច​លើក​ពេល​ប្រកួត​ដោយ​ហេតុផល​សមាជិក​ភាគច្រើន​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជាប់​ប្រឡង​។ ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំង​២​ជើង​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២២​ខែកក្កដា និង​ជើង​ទី​២ ប្តូរ​ទៅធ្វើ​នៅ​បាទី វិញ​នៅ​ថ្ងៃទី ២៨ ខែ កក្កដា​។ ចំណែក​៧​គូ​ផ្សេងទៀត ក្រោយ​ប្រកួត​ចប់​ជើង​ទី​១ នៅ​ថ្ងៃ​ពុធ ទី​១១ កក្កដា នេះ​ត្រូវ​បន្ត​ប៉ះ​គ្នា​ជើង​ទី​២ នៅ​ថ្ងៃទី​១៨ កក្កដា ខាងមុខ​។



ដូច្នេះ​គិត​ត្រឹម​ពេលនេះ CNCC បាន​រកឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ជា​បន្ត​បណ្តើៗ​ហើយដោយ​ក្នុង​នោះ​មាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងការពារជាតិ និង​អង្គ​រថា​យ​ហ្គឺ​រ​។ ចំណែក​២​ក្រុម​ទៀត​កំពុង​រង់ចាំ​អ៊ុត​លទ្ធផល​គូ​ដែល​នៅសល់​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់ CNCC ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំនេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល (​វគ្គ​ជម្រុះ​បឋម​) និង​ជម្រុះ​ចុងក្រោយ​។

​វគ្គ​ជម្រុះ​តាម​ពូ​ល​ថ្នាក់​ខេត្ត​មាន​ទាំងអស់​២៧​ក្រុម​បែង​ចែកជា​៥​ពូ​ល ជា​លទ្ធផល​ក្រុម​ល្អ​ជាងគេ ពី​លេខ​១​ដល់​លេខ​៣ បូក​ទាំង​ក្រុម​លេខ​៤​ល្អ​បំផុត​ក្នុងចំណោម​ពូ​ល​ទាំង​៥​មានឈ្មោះ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ជា​បន្តបន្ទាប់ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​ក្រុម​ខ្លាំងជាងគេ​) មានឈ្មោះ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ (​យុវជន​សាលា​បាល់ទាត់​ជាតិ​ឈ្នះ​ជើងឯក​)​។ ចំណែក​ក្រុម​ខ្លាំងជាងគេ​ទាំង​៤​មាន U18​សាលា​បាល់ទាត់​ជាតិ គីរីវង់​អែ​ហ្វ​ស៊ី កំពត និង​កោះកុង​។



​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​វិញ​មាន​ក្រុម​ចំនួន​១២​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន​៤​ខ្លាំង​ជាង​គេ​ មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ដោយ​ចាប់ឆ្នោត​រើស​គួ​ប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​។ យ៉ាងណាក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ពានរង្វាន់​នេះ៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu