ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះគ្លីនិកឯកជនណាដែលមិនគោរពច្បាប់ឬតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានគ្លីនិកឯកជនមួយចំនួននៅតែធ្វើសកម្មភាពផ្គើននឹងការណែនាំរបស់ក្រសួងសុខាភិបាលឬ ច្បាប់។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងតាមរយៈសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះឲ្យដឹងថា «គ្រប់គ្លីនិកឯកជននៅកម្ពុជា នឹងត្រូវទទួលទោស បើមិនគោរពច្បាប់ និងការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ»។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា បច្ចុប្បន្ននេះសង្កេតឃើញថា មានម្ចាស់គ្លីនិកមួយចំនួន មិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងដែលបានដាក់ចេញកាលពីលើកមុនៗហើយបញ្ហានេះក្រសួងសុខាភិបាល ធ្លាប់បានហាមម្ចាស់គ្លីនិកមិនឲ្យផ្សព្វផ្សាយព័ត៌មានស្តីពីសេវាកម្មបង្កកំណើតសិប្បនិមិត្ត ដែលក្រសួង មិនទាន់បានអនុញ្ញាត។ ប៉ុន្តែម្ចាស់គ្លីនិកទាំងនោះនៅតែផ្គើនបន្តការផ្សព្វផ្សាយដដែល។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះលោក រដ្ឋមន្ត្រីបានប្រាប់ម្ចាស់គ្លីនិកទាំងនោះ ឲ្យរង់ចាំការកើតឡើងនូវច្បាប់ស្តីពីការពរពោះជំនួស និងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល ជាមុនសិន ហើយបន្ទាប់មកទើបក្រសួង សម្រេចថាអនុញ្ញាតឲ្យផ្សព្វផ្សាយ ឬយ៉ាងណា។
លោកសាស្ត្រាចារ្យបានប្រាប់ម្ចាស់គ្លីនិកទាំងនោះ ទៀតថា «នេះជាការរម្លឹកលើកចុងក្រោយ ដល់ម្ចាស់គ្លីនិកឯកជន ដែលមិនគោរពច្បាប់ និងប្រកាសរបស់ក្រសួង។ ប្រសិនបើ ម្ចាស់គ្លីនិក នៅតែបន្តសកម្មភាព នឹងត្រូវទទួលទោសតាមច្បាប់»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋគួរបញ្ឈប់ការប្រើប្រាស់ឱសថបំប៉នផ្លូវភេទសម្រាប់បុរសពិសេសឱសថបំប៉នផ្លូវភេទបុរសឈ្មោះNICEហើយក្រសួងបានស្នើឲ្យបញ្ឈប់ការនាំចូលលក់ចែកចាយ និង ផ្សព្វផ្សាយនិងប្រមូលមកវិញផលិតផលនេះដើម្បីធ្វើការកំទេចចោល៕
Source: Kampuchea Thmey Daily
0 Comments