គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញមុខបញ្ជាក់ជាផ្លូវការចំពោះរូបមន្តនៃការរាប់ចំណាត់ថ្នាក់សម្រាប់ក្រុមជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) សាជាថ្មី នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈពានរង្វាន់នេះកំពុងដំណើរដល់សប្ដាហ៍ទី១៤ ក្នុងចំណោម២២សប្ដាហ៍។
CNCC បានបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ខ្លួនថា ដោយសារនៅមានការភ័ន្តច្រឡំខ្លះលើរូបមន្ត នៃការចែងចំណាត់ថ្នាក់ករណីក្រុម២ ឬ ច្រើនក្រុមមានពិន្ទុស្មើគ្នានោះចំណាត់ថ្នាក់នឹងធ្វើឡើងតាមលំដាប់ដូចជាទី១) រាប់ផលសងនៃគ្រាប់បាល់សរុប (Total Goal Difference) ទី២) គ្រាប់បាល់សរុបដែលរកបាន (Total goals scored) ទី៣)កំណត់ត្រាជួបគ្នា (Head-to-head record) ទី៤) ក្រុមដែលមានចំណាត់ថ្នាក់ល្អបំផុតនៃការលេងហ្វ៊ែផ្លេ (Team that has best Fair Play rankings)។
ជាក់ស្តែងជាឧទាហរណ៍ស្រាប់ សម្រាប់ក្រុមបឹងកេត នៅតែឈរកំពូលតារាងដដែល មាន៣៦ពិន្ទុ តែសម្រាប់ ណាហ្គាវើលដ៍ និង វិសាខា ឥឡូវនេះមាន៣២ពិន្ទុស្មើគ្នាគឺក្រុមណាហ្គាវើលដ៍ នៅតែឈរពីលើវិសាខា ក្នុងតារាងពិន្ទុរួម ដោយហេតុផលលើបទបញ្ជាផ្លូវការនៃការប្រកួតដែលប្រើរូបមន្តផលសងគ្រាប់បាល់សរុបជាអាទិភាព។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម។
តាមគ្រោងប្រកួតសប្ដាហ៍ទី១៥ ដែលជាសប្ដាហ៍បន្ទាប់នៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមអាស៊ីអឺរ៉ុប ត្រូវបើកទ្វារកីឡដ្ឋាន AEU Sport Park របស់ខ្លួនទទួលក្រុមវិសាខា វេលាម៉ោង៣រសៀល ហើយក្រុមបឹងកេត ទទួលក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ និងក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣និង៣០នាទីល្ងាច លើទីលានកីឡដ្ឋានខេត្តសៀមរាប។ ចំណែកនៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា វិញក្រុមវេស្ទើនភ្នំពេញ ជួបក្រុមក្រសួងការពារជាតិ នៅម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន ហើយក្រុមណាហ្គាវើល ប៉ះក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានស្តាតចាស់ និងក្រុមអគ្គស្នងការដ្ឋាននគរបាលប៉ះក្រុមអគ្គីសនីកម្ពុជា នៅម៉ោង៦ល្ងាចលើ ទីលានពហុកីឡដ្ឋានជាតិ៕
Source: Kampuchea Thmey Daily
0 Comments