ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ជូនអភិបាលរាជធានី ខេត្ត ស្តីពីការជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី ហើយការជំរុញនេះ មិនប្រកាន់និន្នាការនយោបាយឡើយ។
តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ដែលបានផ្ញើជូនអភិបាលរាជធានី ខេត្ត ទូទាំងប្រទេសបានបញ្ជាក់ថា ដើម្បីធានាដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ត្រូវបានបាត់ ឬខូច ដូច្នេះ ទី១-ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន ត្រូវបានបាត់ ឬខូច ដោយណែនាំដល់សាមីខ្លួន ត្រូវរួសរាន់ដាក់ពាក្យស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំសង្កាត់សាមី។
ទី២-ត្រូវណែនាំដល់អាជ្ញាធរ ឃុំ សង្កាត់ ឲ្យយកចិត្តទុកដាក់ និងពន្លឿនការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដែលបានស្នើសុំយកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ស្របតាមសេចក្តីណែនាំរួមលេខ០១៨ សណន ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត និងសេចក្តីណែនាំលេខ ០៤០ គ.ជ.ប សណន ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីប្រភេទឯកសារ ដែលអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ មិនបានកំណត់ពីនិន្នាការនយោបាយឡើយ៕
Source: Kampuchea Thmey Daily
0 Comments