Ad Code

ក្រសួង​ធនធានទឹក​ជូនដំណឹង ពី​ព្យុះ​ទី​៩ ឈ្មោះ សុន​ទី​ញ ( SON-TINH ) ដែល​កំពុងមាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុ​ជា ​



​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង ពី​ស្ថានភាព​និង ឥទ្ធិពល ព្យុះ​ទី​៩ ឈ្មោះ សុន​ទី​ញ ( SON-TINH ) បាន និង​កំពុង​ស្ថិតនៅ​ភាគ​ខាងកើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​កាត់​កោះ​ហៃណាំ រួច​ទៅដល់​ឆ្នេរ​តុងកឹង ( ប្រទេស​វៀតណាម ) នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​បណ្តាល​ឲ្យ ប្រទេស​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពិសេស​តំបន់​មាត់សមុទ្រ​។



យោង​តាម សេចក្តី​ជូនដំណឹង​រប​ស់ ក្រសួង ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ថា បន្ទាប់ពី ធ្វើការ​អង្កេត​និង​តាមដាន លើ​អាកាសធាតុ និង​បាតុភូតធម្មជាតិ ឃើញថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ ព្យុះ​ទី​៩ ឈ្មោះ សុន​ទី​ញ ( SON-TINH ) បាន និង​កំពុង​ស្ថិតនៅ​ភាគ​ខាងកើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​កាត់​កោះ​ហៃណាំ រួច​ទៅដល់​ឆ្នេរ​តុងកឹង ( ប្រទេស​វៀតណាម ) នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។



ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​បន្ត ថា យោង​តាម​ការ​ព្យាករ ឥទ្ធិពល​របស់​ព្យុះ​នេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា មាន​ស្ថានភាព ដូចខាងក្រោម ធ្វើ​ឲ្យ​មូសុង​និរតី​ខ្លាំង បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្ក​ឲ្យ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ពពក​ច្រើន និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ពិសេស​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប តំបន់​ជួរ​ភ្នំ និង​បណ្តា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។



ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ថា នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​ធ្លាក់​ជោកជាំ លាយឡំ​នឹង​ខ្យល់​បក់​បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។ ​ជា​មួយ​គ្នា​នេះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ទំនាប​ជាប់​ផ្លូវទឹក​នានា បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។



សូម​រម្លឹក​ថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស ពិសេស​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង នឹងមាន​ភ្លៀង​ធ្លាក់​ច្រើនជាងគេ៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu