កណ្តាល ៖ ថ្នាំញៀនចំនួន១៩កញ្ចប់ និង ជនសង្ស័យម្នាក់ បានត្រូវនគរបាលស្រុកស្អាងរឹបអូសបាន និង ចាប់ខ្លួនភ្លាមៗក្រោយពីមានប្រជាពលរដ្ឋរាយការណ៍។ ប្រតិបត្តិការនេះ ធ្វើឡើង នៅថ្ងៃ ពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី ចំណុច ភូមិ ចុងកោះ ឃុំ កោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ ចំនួនម្នាក់ (ឃាត់ខ្លួន)ឈ្មោះ លី តូម៉ា ហៅ តូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិ ចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៩កញ្ចប់តូច។
លោកអធិការឲ្យដឹងទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ លី តូម៉ា បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១៩កញ្ចប់តូច រួចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី តូម៉ា ហៅតូ បានសារភាពថា យប់មិញ (១៧.០៧.២០១៨) ខ្លួនបានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ២៤កញ្ចប់តូច តម្លៃ ៣០០,០០០៛ (បីសែនរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកលក់ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល លក់អស់ចំនួន ០១កញ្ចប់តូច និងប្រើប្រាស់(ជក់)ខ្លួនឯង អស់ចំនួន ០៤កញ្ចប់តូច។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
Source: Kampuchea Thmey Daily
0 Comments