ភ្នំពេញ ៖ បក្ខពួកក្រុមចោរឆក់កាបូបលុយតាមផ្លូវសាធារណៈចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបាន កាលពីម៉ោង២១និង៣០នាទីយប់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់(លួច)ទ្រព្យសម្បត្តិគេនៅក្នុងខណ្ឌទួលគោក។
តាមរបាយការណ៍ផ្លូវការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំង៣នាក់នោះ១.ឈ្មោះ ហេងនដាវីដ ហៅវីដ អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់កន្លែងទិញលក់អេតចាយ នៅម្តុំផ្លូវលេខ១៩៨០ សង្កាត់ភ្នំពេញថ្មី។ ២.ឈ្មោះសេង រិទ្ឋី អាយុ២៣ឆ្នាំ គ្មានមុខរបរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលេខ១០០៣ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ ៣.ឈ្មោះ សំ សាវ៉ន អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទបុជួលភូមិបន្លាស្អិត សង្កាត់ឃ្មួញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងខណៈដែលទទួលបានព័ត៌មានតាមវិទ្យុទាក់ទងប្រភេទ ID របស់នគរបាលខណ្ឌទួលគោកដែលស្រែកប្រកាសជាសាធារណៈថា មានចោរឆក់កាបូបលុយគេនៅមុខផ្សារទួលគោក ហើយជនល្មើសកំពុងជិះម៉ូតូរត់គេចចូលដីខណ្ឌសែនសុខ។
ប៉ូលិសបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននិងដឹងភិនភាគម៉ូតូនេះភ្លាម លោកអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យកងកម្លាំងដែលកំពុងតែយាមល្បាតក្នុងមូលដ្ឋានចេញប្រតិបត្តិការប្រដេញតាមចាប់ខ្លួនពួកគេបាន៣នាក់ជាបន្តបន្ទាប់ ប៉ុន្តែពួកគេប្រតាយប្រតប់ជាមួយសមត្ថកិច្ចបណ្តាលឲ្យរាលកៃកាំភ្លើងផ្ទុះត្រូវដៃពួកគេម្នាក់ឈ្មោះ សេង រិទ្ឋី។
ក្រោយសមត្ថកិច្ចសួរនាំ ពួកគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយ ពីអ្នកដំណើរពិតមែន ដោយពួកគេទាំងអស់មានគ្នា៥នាក់ ក្នុងនោះមានឈ្មោះ ហេង ដាវីដ ឌុប ឈ្មោះ សេង រិទ្ឋី បញ្ជាឲ្យឈ្មោះ យ៉ា និងឈ្មោះ ខ្វាន់ ជាអ្នកឆក់កាបូប ជិះរត់គេចខ្លួន ឯពួកខ្លួន ជិះបិទគូថពីក្រោយ រួមជាមួយឈ្មោះសំ សាវ៉ាន់។ ប៉ុន្តែឈ្មោះយ៉ា និងឈ្មោះ ខ្វាន់ បានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនដឹងថា នៅក្នុងកាបូបនោះមានអ្វីខ្លះនោះទេ ដែលតាមចម្លើយជនគេចខ្លួនគ្មានទីលំនៅពិតប្រាកដ ស្នាក់នៅកន្លែងស្តង់ទិញលក់អេតចាយ នៅសង្កាត់ភ្នំពេញថ្មី។
ប៉ូលិសនិយាយថា ចំណែកឯជនរងគ្រោះក៏មិនបានដឹងព្រោះគេមិនបានមកដាក់ពាក្យបណ្តឹងក្រោយពេលចោរឆក់កាបូបយកទៅបាត់នោះ នៅម្តុំមកុដផ្សារធីខេ ក្នុងទឹកដី សង្កាត់បឹងកក់២ ខណ្ឌទួលគោក៕
Source: Kampuchea Thmey Daily
0 Comments