សៀមរាប ៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយអំពីគោលការណ៍ថែរក្សាបេតិកភណ្ឌ បទដ្ឋានគតិយុត្តិផ្សេងៗស្តីពីការសាងសង់ ការប្រើប្រាស់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានលើកថា ឆ្នាំ២០១៧ ប្រភេទសំណង់ដែលត្រូវបានអនុញ្ញាតរួមមានការតសំយាបផ្ទះ ការជួសជុលជញ្ជាំង ជណ្តើរ ដំបូលផ្ទះ ការប្តូរសសរ ការសង់ទ្រុងមាន់ ទា ជ្រូក គ្រោលគោ ជង្រុកស្រូវ បង្គន់អនាម័យ ចំនួន ៤៧៥ករណី និងឆមាសទី១ នៃឆ្នាំ២០១៨ បានចំនួន៥៨៦ករណី។
ទន្ទឹមគ្នានឹងការអនុញ្ញាតការជួសជុលសំណង់ប្រភេទស្រាល ក្នុងឆ្នាំ២០១៧ ក្រុមការងារសហគមន៍ ក៏បាននាំយកនូវកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក (ឃីត) ចែកជូនបងប្អូនស្ត្រីអ្នកស្រុកអង្គរ ដែលទើបតែសម្រាលកូនរួចថ្មីៗ ចំនួន៦០៥កញ្ចប់ ក្នុងក្រុង/ស្រុកចំនួន ៥ គឺក្រុងសៀមរាបចំនួន ៩១ កញ្ចប់ ស្រុកប្រាសាទបាគងចំនួន ៩៦ កញ្ចប់ ស្រុកអង្គរធំចំនួន ៦៩ កញ្ចប់ ស្រុកបន្ទាយស្រីចំនួន១៤០កញ្ចប់ផងដែរ។
ក្នុងនោះដែរ ដើម្បីចូលរួមលើកកម្ពស់ជីវភាពអ្នកស្រុកអង្គរ អាជ្ញាធរជាតិអប្សរាបានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនតាមមូលដ្ឋានដូចជា ផ្លូវថ្នល់ ការស្តារប្រព័ន្ធធារាសាស្ត្រសម្រាប់ការបង្កបង្កើនផលកសិកម្ម ផ្តល់ពូជកសិកម្ម វប្បកម្ម សិប្បកម្ម ផ្តល់បច្ចេកទេសកសិកម្ម ឧបត្ថម្ភថវិកាមនុស្សធម៌ដល់គ្រួសារជួបទុក្ខលំបាក ព្រោះគ្រោះទុរភិក្ស ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ ឧបត្ថម្ភគាំទ្រវិស័យសាសនា ឧបត្ថម្ភសំលៀកបំពាក់ឯកសណ្ឋានប្រជាការពារភូមិ ថែរក្សាបរិស្ថាន ដាំដើមឈើដើម្បីជាការលើកកម្ពស់ទេសភាពវប្បធម៌ និងការជួសជុលថែរក្សាអភិរក្សប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕
Source: Kampuchea Thmey Daily
0 Comments