កណ្តាល ៖ នៅល្ងាចថ្ងៃទី១៧ កក្កដា ២០១៨ លោក គឹម រត្ន័ណារិន អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន ប្តីកាប់ប្រពន្ធ០៥ពូថៅ ដោយសារភ្លើងប្រចណ្ឌ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ"ឃាតកម្មគិតទុកជាមុន" ដែលប្រព្រឹត្តិនៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួលខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសអស់មួយជីវិត។
ជនត្រូវចោទមានឈ្មោះ ណន ណាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ទីលំនៅ សព្វថ្ងៃ ស្នាក់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ កម្មការិនីរោងចក្រ ទីលំនៅ សព្វថ្ងៃស្នាក់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះនិងជនសង្ស័យ ជាប្តី ប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅ។ លុះពេលជនរងគ្រោះដេកលង់លក់ជនសង្ស័យបាន យកពូថៅ កាប់ជនរងគ្រោះ៥ ពូថៅសំដៅចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ ហើយយកភួយគ្រប ដណ្តប់ពីលើ។ លុះព្រឹកឡើងថ្ងៃទី១៦ កក្កដា ២០១៨ វេលាម៉ោង០៨ ជនសង្ស័យបាននាំកូន២នាក់តូចៗ ជិះម៉ូតូ គេចខ្លួនទៅស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ។
លុះដល់ថ្ងៃទី១៦ កក្តដា ២០១៨ វេលាម៉ោង១៩ ឈ្មោះ ឈិត តាក់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះឃើញផ្ទះបងមិនបើកភ្លើង អំពូលក៏បានដើរទៅមើលហើយស្រែកហៅមិនឮ រួចបាន ឡើងទៅមើលនៅលើផ្ទះ បញ្ចាំងភ្លើងពិលឃើញជនរងគ្រោះដេកគ្របភួយស្លាប់បាត់ទៅហើយ ទើបចុះមកវិញ មកប្រាប់ប្រពន្ធនិងទៅរាយការណ៍ជូនមេភូមិ ព្រមទាំងសមត្ថកិច្ច មូលដ្ឋាន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចជំនាញខេត្ត ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យហេតុនិងធ្វើកោសល្យវិច័យ បើកធ្វើការស្រាវជ្រាវស៊ើបអង្កេត លុះដល់ម៉ោង២២និង១០នាទី កម្លាំងសមត្ថកិច្ច បានឈានទៅកំណត់ បាន មុខសញ្ញាសង្ស័យ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចនៅភូមិត្រពាំងក្រសាំង ឃុំ ក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ ឃាតកម្មដោយយកពូថៅកាប់ទៅលើជនរងគ្រោះកំពុងដេកលក់ចំក្បាលចំនួន៥ ពូថៅបណ្តាល ឲ្យ ស្លាប់ភ្លាមៗ មូលហេតុប្រចណ្ឌ មានរយៈពេល៣ឆ្នាំ មកហើយ និងធ្លាប់មានជម្លោះជាមួយគ្នា ជាញឹកញាប់៕
Source: Kampuchea Thmey Daily
0 Comments