Ad Code

អគ្គិភ័យ​ បំផ្លាញ​ផ្ទះ​តៀម​១​ខ្នង ​សង្ស័យ​ទុស្សេ​ខ្សែភ្លើង



ភ្នំពេញ ៖​ មាន​ករណី​អគ្គិភ័យ​មួយ​ បាន​លេប​ត្របាក់​ផ្ទះ​តៀម​ចំនួន​១​ខ្នង​ ឆេះ​អស់​គ្មាន​សល់​ ដែល​ជា​ប្រភេទ​ផ្ទះ​តៀម​ទំហំ​៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ​ ​ហើយ​មូលហេតុ​ជំហាន​ដំបូង​ ​​គេ​បាន​ដាក់​ការ​សង្ស័យ​ថា​ទុស្សេ​ខ្សែភ្លើង។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​គៀន​ឃ្លាំង​ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​ កាលពី​វេលា​ម៉ោង​០១​និង​៤៥​នាទី​ ថ្ងៃទី​៣០ ​ខែកក្កដា ​ឆ្នាំ​២០១៨​រហូត​ទល់​ម៉ោងជាង​២​ទើប​ឆេះ​អស់ទាំង​ស្រុង​ ដោយ​ផ្អើល​រថយន្ត​ពន្លត់អគ្គិភ័យ ១៥​គ្រឿង​ទៅ​អន្តរាគមន៍​ តែ​ប្រើប្រាស់​អស់​តែ​២​គ្រឿង​ប៉ុណ្ណោះ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​ស្រាប់តែ​គេ​ឃើញ​ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ពីក្នុងផ្ទះ​តៀម​នោះ ​លាយឡំ​នឹង​ផ្សែង​ និង​អំណាច​ខ្យល់​បក់​ផង​នោះ អគ្គិភ័យ​កាន់តែ​បាញ់​ផ្សែង​ខ្មួលខ្មាញ់​ឡើង សន្ធោសន្ធៅ នាំអោយ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ខ្លះ​រត់​នាំគ្នា​ជួយ​ឈឺឆ្អាល​ក្នុងការ​ពន្លត់ តែដោយសារ​ឥទ្ធិពល​ខ្យល់​បោកបក់​ខ្លាំងក្លា​ពេក​ធ្វើអោយ​ផ្ទះ​១​ខ្នង​ត្រូវបាន​ឆេះ​បំផ្លាញ​ខ្ទេច ។​

តាម​ការ​ឱ្យដឹងពី​អ្នក​ដែល​ស្នាក់​នៅផ្ទះ​នោះ​និយាយថា ​ខ្លួន​ឈ្មោះ​ទុយ ហ៊ី​ម​ អាយុ​៣៦​ឆ្នាំ ​ជា​មេការ​សំណង់ ហើយ​ម្ចាស់ផ្ទះ​បានឱ្យ​ស្នាក់​នៅផ្ទះ​នោះ តែ​ថ្ងៃ​នោះ​ខ្លួន​មិន​នៅផ្ទះ​ទេ ចាក់សោ​ចោល​មក​ដេក​តែ​យប់ៗ ស្រាប់តែ​ថ្ងៃកើតហេតុ​ក៏ត្រូវ​អគ្គិភ័យ​ឆាបឆេះ​តែម្តង ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​នរណាម្នាក់​មាន​គ្រោះថ្នាក់​ឡើយ ដោយ​អគ្គិភ័យ​នេះ​គេ​សង្ស័យ​បង្កឡើង​ដោយ​ការ​ទុស្សេ​ខ្សែភ្លើង​ប៉ុន្តែ​មិន​ច្បាស់​ទេ​យើង​រង់ចាំ​ស្រាវជ្រាវ​បន្ត។ ទោះយ៉ាងណា​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះ​ត្រូវ​ខូចខាត​ឆេះ​ខ្ទេចខ្ទី​អស់​ផងដែរ។

ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​គេ​ឃើញ​មានការ​ដឹកនាំ​ចូលរួម​អន្តរាគមន៍​ផ្ទា​ល់​ពី​អាជ្ញាធរ​ខណ្ឌ​ និង​អាជ្ញាធរ​ភូមិ​សង្កាត់​ចូលរួម​បញ្ជា​កម្លាំង​យ៉ាង​ស្វិតស្វាញ​រហូតដល់​អគ្គិភ័យ​មួយ​នេះ ​ត្រូវបាន​រលត់​ជា​ស្ថាពរ​ព្រោះ​អស់​អី​ឆេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu