មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់ឡើងខ្លាំង បានសម្លាប់មនុស្សយ៉ាងតិច១០នាក់និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះរបស់ពួកគេនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
តំបន់នៃដីកសិកម្មដ៏ធំធេងត្រូវបានជន់លិចដោយទឹកភក់ហើយផ្ទះខ្លះមើលឃើញតែដំបូលប៉ុណ្ណោះ។ មនុស្សដែលជាប់គាំងមួយចំនួនត្រូវបានយកចេញពីទឹកដោយក្រុមអ្នកជួយសង្គ្រោះដែលជិះទូកខណៈក្រុមអ្នកស្ម័គ្រចិត្តបានប្រើក្បូនធ្វើពីធុងនិងបន្ទះឈើ។
ជនរងគ្រោះដោយទឹកជំនន់ផ្សេងទៀតបានដើរលុយទឹកលិចត្រឹមចង្កេះដើម្បីគេចចេញជាមួយនឹងកូនដាក់នៅលើស្មារបស់ពួកគេរួមជាមួយរបស់របរដែលមានតម្លៃ។
មន្ត្រីក្រសួងសុខុមាលភាពសង្គមម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា “មានមនុស្សចំនួន១០នាក់បានស្លាប់ដោយសារទឹកជំនន់”។ មន្ត្រីដដែលបានបន្ថែមថា តួលេខនេះរួមបញ្ចូលទាំងទាហាន៣នាក់ដែលត្រូវបានគេអះអាងថាស្លាប់កាលពីថ្ងៃអាទិត្យផងដែរ។
មន្ត្រីរូបនេះបាននិយាយទៀតថា “មានប្រជាជនផ្លាស់ទីលំនៅជាង៥៤,០០០នាក់ដែលរងគ្រោះដោយសារទឹកជំនន់នៅទូទាំងប្រទេស”។
ការបញ្ជាជម្លៀសនេះត្រូវបានដាក់ចេញនៅតាមតំបន់ជាច្រើនខណៈជំរំប្រមាណ១៦៣ត្រូវបានបង្កើតឡើងសម្រាប់អ្នកផ្លាស់ទីលំនៅនៅភាគខាងត្បូង ភាគខាងកើតនិងកណ្តាលប្រទេស។
លោក Myint Myint Than ដែលជ្រកកោននៅតំបន់ Bago បាននិយាយថា “មានទឹកជំនន់ជាធម្មតាប៉ុន្តែមិនដូចឆ្នាំនេះទេ។ ឆ្នាំនេះគឺអាក្រក់បំផុតមិនធ្លាប់មានពីមុនមកក”។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរជារៀងរាល់ឆ្នាំហើយក្នុងឆ្នាំ២០១៥ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបានដាក់ប្រទេសនេះលើទីកំពូលនៃបញ្ជីប្រជាជាតិសកលលោកដែលរងគ្រោះខ្លាំងបំផុតដោយអាកាសធាតុខ្លាំងក្លា។
ក្នុងឆ្នាំនោះ មនុស្សជាង១០០នាក់បានស្លាប់ដោយសារទឹកជំនន់ហើយរាប់សែននាក់ទៀតបានផ្លាស់ទីលំនៅនៅទូទាំងប្រទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments