Ad Code

ជើងឯក​អាស៊ាន ​៖ ​ក្រុម U16​កម្ពុជា ចាញ់​វៀតណាម មុន​បន្ត​ប៉ះ​ហ្វីលីពីន នៅ​ល្ងាច​ថ្ងៃ​អង្គារ នេះ



ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​(U16) របស់​កម្ពុជា បាន​ប្រកួត​បើកឆាក​វគ្គ​ជម្រុះ​តាម​ពូ​ល​ចាញ់​ក្រុម​វៀតណាម មុន​បន្ត​ប៉ះ​ក្រុម​ហ្វីលីពីន ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ាន 2018 AFF U16 Championship ដែល​កំពុងតែ​ដំណើរការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

ការប្រកួត​ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​លើ​ទីលាន​កីឡដ្ឋាន​Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik​ក្រុម U16​កម្ពុជា បាន​ប្រកួត​បើកឆាក​ចាញ់​ក្រុម​វៀតណាម​១​ទល់​០ ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​អាជ្ញាកណ្ដាល​ជនជាតិ​ប្រ៊ុយណេ គឺ​លោក​Abdul Hakim Mohd Haidi​។ ចំណែក​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​វៀតណាម គឺ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​Đinh Thanh Trung នៅ​នាទី​៣៩​។

មុន​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី ក្រុម​U16​កម្ពុជា ដឹកនាំ​ដោយ​លោក​Lee Tae Hoon ជា​គ្រូបង្វឹក​និង​ជា​គ្រូបង្វឹក​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ដោយ​លទ្ធផល​៤​ទល់​០ និង​ស្មើគ្នា​ជាមួយ​ក្រុម UiTM-U19 ០​ទល់​០ អំឡុង​ពេល​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​១០​ថ្ងៃ។

សម្រាប់​ប្រកួត​ជា​បន្ត​ក្រុម U16​កម្ពុជា ត្រូវ​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ដោយ​ត្រូវ​ប៉ះ​ក្រុម​ហ្វីលីពីន នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​អង្គារ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik ដូចគ្នា​។ ក្រោយ​ប៉ះ​ក្រុម​វៀតណាម និង​ប៉ះ​ក្រុម​ហ្វីលីពីន ក្រុម​កម្ពុជា ត្រូវ​បន្ត​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២ ខែសីហា កម្ពុជា ហើយ​នៅ​ថ្ងៃទី​៤ ខែសីហា កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា និង​នៅ​ថ្ងៃទី​៦ ខែសីហា កម្ពុជា ប្រកួត​បិទ​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។

ចំពោះ​ពានរង្វាន់ 2018 AFF U16 Championship វិញ​មាន​ក្រុម​ត្រៀម​ចូលរួម​ចំនួន​១១ ចាប់ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២​គឺ​កីឡដ្ឋាន Gelora Joko Samudro Stadium និង​កីឡដ្ឋាន​Gelora Delta Stadium​។ យោងតាម​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) មាន​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, វៀតណាម​, មី​យ៉ាន់​ម៉ា​, កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ខណៈ​ពូ​ល B មាន​ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ឡាវ និង​ប្រ៊ុយណេ​៕ ​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu