ពលរដ្ឋហ្ស៊ីមបាវ៉េ បានធ្វើការបោះឆ្នោតនៅថ្ងៃចន្ទក្នុងការបោះឆ្នោតលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីមេដឹកនាំផ្តាច់ការលោក Robert Mugabe ត្រូវបណ្តេញចេញកាលពីឆ្នាំមុនស្របពេលការព្រួយបារម្ភអំពីការក្លែងបន្លំ និងលទ្ធភាពនៃលទ្ធផលវិវាទបានរំខានថ្ងៃបោះឆ្នោត។
លោកប្រធានាធិបតី Emmerson Mnangagwa ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក Mugabe នៅក្នុងគណបក្ស ZANU-PF កំពុងកាន់អំណាចត្រូវប្រឈមមុខនឹងមេដឹកនាំ Nelson Chamisa នៃគណបក្សចលនាសម្រាប់ការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ (MDC) នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់ប្រទេសនៃតំបន់អាហ្វ្រិកខាងត្បូងមួយនេះ។
លោក Mugabe អាយុ៩៤ឆ្នាំដែលត្រូវបានទម្លាក់ដោយយោធាកាលពីខែវិច្ឆិកាគឺបានធ្វើអន្តរាគមន៍ដ៏ភ្ញាក់ផ្អើលមួយមុនថ្ងៃបោះឆ្នោតដោយអំពាវនាវឲ្យអ្នកបោះឆ្នោតទម្លាក់គណបក្ស ZANU-PF ចេញពីតំណែង។
ថ្លែងក្នុងភូមិគ្រឹះរបស់គាត់នៅទីក្រុង Harare កាលពីថ្ងៃអាទិត្យ លោក Mugabe បាននិយាយថា លោកសង្ឃឹមថា ការបោះឆ្នោតនេះនឹងផ្តាច់ចេញពីទម្រង់យោធារបស់រដ្ឋាភិបាល។
លោក Mugabe បាននិយាយថា “ខ្ញុំមិនអាចបោះឆ្នោតឲ្យអ្នកដែលធ្វើទារុណកម្មខ្ញុំទេ”។
ពួកឧត្តមសេនីយ៍ហ្ស៊ីមបាវ៉េបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីឆ្នាំមុននៅពេលដែលពួកគេបានរឹបអូសការគ្រប់គ្រងនិងតែងតាំងលោក Mnangagwa ឲ្យកាន់អំណាចបន្ទាប់ពីលោក Mugabe បានព្យាយាមដាក់ភរិយារបស់គាត់ឈ្មោះ Grace ឲ្យធ្វើជាអ្នកស្នងតំណែងរបស់គាត់។
លោក Mnangagwa អាយុ៧៥ឆ្នាំដែលបានសន្យាថានឹងចាប់ផ្តើមប្រទេសនេះជាថ្មីនោះគឺជាបេក្ខជនឈានមុខដែលទទួលបានអត្ថប្រយោជន៍នៃការគាំទ្រផ្នែកយោធា។
ប៉ុន្តែលោក Chamisa វ័យ៤០ឆ្នាំដែលបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្នុងអំឡុងយុទ្ធនាការឃោសនាគឺមានសង្ឃឹមថានឹងចាប់យកសំឡេងពីប្រជាជនវ័យក្មេងដែលអាចបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះគឺជាលើកដំបូងរបស់ប្រទេសហ្ស៊ីមបាវ៉េដោយគ្មានការឈរឈ្មោះរបស់លោក Mugabe ដែលបានដឹកនាំគណបក្ស ZANU-PF ឲ្យឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតមួយនៅពេលដែលប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៨០ហើយកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments