មន្ត្រីឧទ្យានជាតិមួយ បាននិយាយនៅថ្ងៃចន្ទថា អ្នកឡើងភ្នំជាង៥០០នាក់ និងអ្នកនាំផ្លូវរបស់ពួកគេនៅតែជាប់គាំងដោយការបាក់ដីលើភ្នំភ្លើងដ៏សកម្មមួយនៅកោះ Lombok មួយថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារកោះលំហែកាយរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ។
ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះថ្មើរជើងត្រូវបានដាក់ពង្រាយដើម្បីស្វែងរកនៅជម្រាលភ្នំ Rinjani ដែលជាកន្លែងដ៏ពេញនិយមនិងសម្បូរទៅដោយអ្នកទេសចរឡើងភ្នំ។
ប្រធានឧទ្យានជាតិ Rinjani លោក Sudiyono បាននិយាយថា “នៅតែមានមនុស្សចំនួន៥៦០នាក់ត្រូវជាប់គាំង។ មានមនុស្សចំនួន៥រយនាក់នៅក្នុងតំបន់ Segara Anakan និង៦០នាក់ទៀតស្ថិតនៅ Batu Ceper”។
មនុស្សចំនួន១៦នាក់ត្រូវបានសម្លាប់និងអគាររាប់រយត្រូវបានបំផ្លាញដោយការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រកាលពីព្រឹកថ្ងៃអាទិត្យ។ ការរញ្ជួយដីនេះក៏បានបណ្តាលឲ្យមានការបាក់ថ្មរាប់តោននិងភក់ផងដែរលើភ្នំ Rinjani ដែលជាហេតុធ្វើឲ្យមនុស្សមិនមានភាពងាយស្រួលដើម្បីចុះក្រោម។
ដោយមានកម្ពស់៣,៧២៦ម៉ែត្រពីលើនីវ៉ូសមុទ្រ វាជាភ្នំភ្លើងខ្ពស់លំដាប់ទីពីរនៅប្រទេសឥណ្ឌូនេស៊ីនិងជាទីពេញនិយមក្នុងចំណោមអ្នកកម្សាន្តដែលចង់មើលទេសភាពដ៏ស្រស់ត្រកាល។
ការឡើងភ្នំនេះត្រូវបានបិទបន្ទាប់ពីមានការរញ្ជួយដីដោយសារតែភាពភ័យខ្លាចថា អាចនឹងមានការរអិលបាក់ដីបន្ថែមទៀត។
ក្រុមអង្កេតភូគុព្ភសាស្ត្រអាមេរិកបានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រភាគឦសាននៃទីក្រុងធំ Mataram របស់កោះ Lombok ដែលនៅឆ្ងាយពីចំណុចទេសចរណ៍សំខាន់ៗនៅភាគខាងត្បូងនិងខាងលិចនៃកោះនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments