Ad Code

គ្រូបង្វឹក​បឹងកេត​ ៖​ បញ្ហា​មិន​ចេះ​ចប់​ខ្ញុំ​ជាប់​ពិន័យ​ហើយ​កីឡាករ​មាន​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទៀត



ថ្មីៗ​នេះ​គ្រូបង្វឹក​ក្រុម​បឹងកេត លោក ហៅ សុជាតិ ត្រូវ​បាន​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ពិន័យ​មិន​ឲ្យ​ដឹកនាំ​ប្រកួត​ផ្លូវការ​ចំនួន​១​ខែ ខណៈ​ខ្សែការពារ​សំខាន់​ម្នាក់​របស់​ក្រុម​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រោយ​ធ្វើដំណើរ​ត្រឡប់​ពី​បោះឆ្នោត​នៅ​ស្រុកកំណើត​វិញ​។

ប្រភព​មកពី​ក្លិប​ជើងឯក​លី​គ​កំពូល​កម្ពុជា ៣​សម័យមួយ​នេះ​បាន​បញ្ជាក់​ថា ​កីឡាករ ស្លេះ សេន ជា​ខ្សែការពារ​វ័យក្មេង​ប្រចាំ​ក្លិប​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តកំពង់ឆ្នាំង នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ថ្មី​នេះ​។ គ្រោះថ្នាក់​នេះ​ធ្វើ​ឲ្យ​កីឡាករ​ខ្មែរ​-​ឥស្លាម ត្រូវ​ប៉ះទង្គិច​នៅ​ផ្ទៃមុខ តែ​មិនទាន់​ដឹង​ច្បាស់​ពី​ដើមចម​លម្អិត​ឡើយ​។



លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត បាន​លើក​ឡើង​ក្រោយ​លឺដំណឹង​ថា​ កូនក្រុម​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា «​ក្រុម​យើង​ជួប​បញ្ហា​មិនចេះ​អស់​មិនចេះហើយ អស់ពី​ខ្ញុំ​ដែល​ជា​គ្រូបង្វឹក​ត្រូវ​ជាប់​ពិន័យ​ដល់​វេន​កីឡាករ​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​។ ក្រុម​យើង​សូម​ជូនពរ​ប្អូនប្រុស ស្លេះ សេន ឆាប់​ជាសះស្បើយ​ឡើងវិញ​។ មិត្ត​រួម​ក្រុម​ និង ​អ្នកគាំទ្រ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​អតីត​កីឡាករ​ជម្រើសជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​កម្ពុជា (U19) ឲ្យ​ឆាប់​ជាសះស្បើយ​ផងដែរ​។

មុន​មកដល់​បឹង​កេត កីឡាករ ស្លេះ សេន ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត (​បច្ចុប្បន្ន​រំសាយ​ក្លិប​) និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​។ កីឡាករ​រូប​នេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​ផង​ដែរ​។ រូប​បាន​បង្ហាញខ្លួន​លេចធ្លោ​នៅពេលដែល​សិស្ស​ច្បង​មួយចំនួន​ក្នុង​ក្រុម​រងរបួស​ហើយ​ត្រូវ​បាន​គ្រូបង្វឹក​ទុកចិត្ត​និង​ជ្រើសរើស​ឲ្យ​ចូល​ប្រកួត​ជាប្រចាំ​ផងដែរ​។

​ក្រុម​បឹងកេត បានបញ្ជាក់​ថា​ នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ករណី​គ្រូបង្វឹក​របស់​ខ្លួន ​ដែល​ត្រូវ​ពិន័យ​រយៈពេល​១​ខែ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ក្រុម​នេះ​ទើបតែ​ស្គាល់​រសជាតិ​បរាជ័យ​លើកដំបូង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា គិត​ត្រឹម​១៥​សប្ដាហ៍​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​នេះ ដោយ​ថ្វី​ជើង​ក្រុម​ក្រសួងការពារជាតិ​។ ក្រុម​នេះ​មាន​អម្រែក​ការពារ​តំណែង​ជើងឯក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ផង និង​ត្រូវ​ប្រ​កូត​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វគ្គ​៨​ក្រុម​ចុងក្រោយ​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu