ជាប្រចាំគឺ៥ឆ្នាំជាម្តង ប្រជាជនកម្ពុជាបាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤នៃខែកក្កដា។ ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ បានប្រារព្ធឡើងនាថ្ងៃទី ២៩ ខែកក្កដា។ ប្រជាពលរដ្ឋ បានបង្ហាញភាពសប្បាយរីករាយនិងជឿជាក់ទៅលើជោគជ័យនៃការបោះឆ្នោតនេះ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និង តម្លាភាព ស្របទៅនឹងលទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង និង អំពើហិង្សា កើតឡើងឡើយ។
នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែកក្កដា ការិយាល័យបោះឆ្នោតនានានៅកម្ពុជាត្រូវបានបិទជាផ្លូវការ បញ្ចប់ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាល ទី ៦។ យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺការបោះឆ្នោតលើកនេះបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរបំផុត។
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅរាជាធានីភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអះអាងថា ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៦បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រជាធិបតេយ្យ សមភាព ត្រឹមត្រូវតាមច្បាប់។ យោងតាមគ.ជ.ប លទ្ធផលចុងក្រោយ ដោយបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ ៦៩,៦១%តែប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានបង្ហាញតាំងពីការចាប់ផ្ដើមនៃយុទ្ធនាការឃោសនាបោះឆ្នោត អ្នកនយោបាយអាចបត់បែនតាមគោលគំនិត និងតម្រូវការរបស់ម្ចាស់ឆ្នោតជាសំខាន់។ ម្ចាស់ឆ្នោតភាគច្រើនបានចាប់ផ្ដើមប្រើភាពវៃឆ្លាតរបស់ខ្លួនមុននឹងសម្រេចចិត្ត ដោយពឹងផ្អែកលើគោលនយោបាយច្បាស់លាស់របស់បក្សនយោបាយ ជាងការអួតអាងដោយប្រើពាក្យអសុរោះ និងការគំរាមកំហែងជាដើមនោះ។ ក្នុងអាណត្តិថ្មីនេះអ្នកនយោបាយមានចរិតចាស់ទុំច្រើន។ មន្ត្រីបក្សនយោបាយបានបង្ហាញនូវក្រមសីលធម៌របស់ខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូររបស់ខ្លួនមកទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ ប្រសើរជាងការប្រើអំពើហិង្សាគំរាមកំហែងដៃគូរបស់ខ្លួន។
ក្រោយការបិទបញ្ចប់ការបោះឆ្នោតភ្លាមៗអ្នកអង្កេតការណ៍អន្តរជាតិនៅល្ងាចថ្ងៃទី២៩ ខែកក្កដា បានប្រកាសពីលទ្ធផលដែលពួកគេរកឃើញថាមានភាពប្រសើរ។ ក្នុងនោះអ្នកអង្កេតការណ៍មកពីក្រសួងការបរទេសចិនថាលទ្ធផលត្រឹមត្រូវហើយជំរុញឲ្យបង្កើតសភានិងរាជរដ្ឋាភិបាលថ្មីឲ្យបានឆាប់។
តំណាងក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញការសាទរយ៉ាងត្រចះត្រចង់ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេបានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ-ភូកេត្រា នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានតំណាងមកពីស្ថាប័នអន្តរជាតិធំៗមួយចំនួន រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) អង្គការសភានៃប្រទេសនិយាយភាសាបារាំង សភាសង្គមស៊ីវិល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិសភាអាស៊ាន (AIPA)។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីអង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមក្នុងការបោះឆ្នោតយ៉ាងសស្រាក់សស្រាំដើម្បីសម្រេចឆន្ទៈនយោបាយរៀងៗខ្លួន។ តំណាងក្រុមមកពីប្រទេសចិននេះបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិទី៦នេះ បានប្រព្រឹត្តទៅប្រកបដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសនេប៉ាល់ បានបង្ហាញការស្ងើចសរសើរនៅពេលបានឃើញប្រជាពលរដ្ឋកម្ពុជាទៅចូលរួមបោះឆ្នោតច្រើន ខណៈដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក៏ប្រព្រឹត្តទៅដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ ពោលដំណើរការដោយភាពរលូន។ លោកអ្នកតំណាងបានបន្តថា ប្រទេសកម្ពុជាមានសុវត្ថិភាព មានវឌ្ឍនភាព ពិសេសក្រុមអ្នកសង្កេតការណ៍របស់នេប៉ាល់គ្មានការភ័យខ្លាចក្នុងពេលចុះសង្កេតការណ៍នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាឡើយ។
ចំណែកគណៈកម្មការសិទ្ធិមនុស្សនៃប្រទេសម៉ាល់ឌីវ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះផងដែរ។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងឡើយ។ នៅពេលបានឃើញពីភាគរយនៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ៨២.១៧% តំណាងអង្គការ CDI បានបង្ហាញការអបអរសាទរយ៉ាងខ្លាំងចំពោះជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល។
តំណាងសហភាពសហជីពកម្មករអុីតាលី បានឲ្យដឹងថា បានសង្កេតឃើញថាអ្នកបោះឆ្នោតមានទឹកមុខសប្បាយរីករាយ ដែលនេះគឺជារូបភាពនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប្រជាពលរដ្ឋមានសិទ្ធិសម្រេចចិត្តជ្រើសរើសអនាគតមេដឹកនាំប្រទេសរបស់ខ្លួន។ មានមនុស្សជាច្រើនបានចេញទៅបោះឆ្នោតទាំងនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តដទៃទៀត។
តំណាងអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេស និងអង្គការដទៃទៀត ដូចជា អង្គការសភានៃប្រទេសនិយាយភាសាបារាំងសភាសង្គមស៊ីវិល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិសភាអាស៊ាន (AIPA) ក៏សុទ្ធតែបង្ហាញការអបអរសាទរយ៉ាងខ្លាំងចំពោះលទ្ធផលជោគជ័យ ក្នុងការបោះឆ្នោតនៅកម្ពុជានេះ ហើយពួកគេសុទ្ធតែបញ្ជាក់ថា តាមរយៈការបោះឆ្នោតនេះ ប្រទេសកម្ពុជាពិតជាបានអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ មានសេរីភាព ប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតយ៉ាងស្រាក់សស្រាំ។
បើទោះជាគណបក្សនយោបាយមួយចំនួនបានបង្ហាញភាពក្លាហានក្នុងការចេញមកទទួលស្គាល់ លទ្ធផលបណ្តោះអាសន្ន និងស្ថានភាពទូទៅនៃការបោះឆ្នោត ថាពិតជាត្រឹមត្រូវ យុត្តិធម៌ អាចទទួលយកបានព្រោះគ្មានការគំរាមកំហែង ឬ ការបង្ខិតបង្ខំណាមួយទេ។ គណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ និង គ.ជ.ប ប្រកាសថា ការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ ពលរដ្ឋពេញចិត្តទៅបោះឆ្នោត និងជាមោទនភាពរបស់កម្ពុជា។ គណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបញ្ចប់ការបោះឆ្នោត ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ បានប្រព្រឹត្តទៅដោយរលូន គ្មានការរារាំង និងអំពើហិង្សាកើតឡើងដូចអាណត្តិមុននោះទេ។
គណបក្សយុវជនកម្ពុជារបស់ លោកពេជ្រ ស្រស់ បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះករ។ គណបក្សខ្មែរតែមួយរបស់ លោក កែម រិទ្ធីសិត ដែលជាប្អូនប្រុសបង្កើតរបស់លោក កែម ឡី ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះករ។
ក្រុមអ្នកសង្កេតការណ៍ជាតិក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនីតិកាលទី៦ នេះថាបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌៕
Source: Kampuchea Thmey Daily
0 Comments