ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជំពាក់លុយគេជាច្រើនខែមកហើយនោះ ត្រូវបានស្ដ្រីដែលជាម្ចាស់បំណុលលើកគ្នាបីនាក់ ទៅវាយដល់ក្នុងបន្ទប់ជួលបណ្ដាលឲ្យរងរបួសបែកមុខមាត់ហូរឈាមកក្លាក់ ហើយក្រុមជនដៃដល់ទាំងបីនាក់ ក្នុងនោះមានប្រុសម្នាក់ផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរ និងចាត់ការតាមច្បាប់ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ ព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូងសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ចំណែកជនបង្កមានបីនាក់ទី១.ឈ្មោះ ហួត សុខាភេទស្រី អាយុ៤៤ឆ្នាំ មុខរបរជាកម្មកររោងចក្រជាម្ចាស់បំណុល ទី២. ឈ្មោះថុ ស្រីណាត ភេទស្រីអាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ និង ទី៣.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បីអ្នកទាំង៣នាក់ ស្នាក់នៅភូមិប៉ប្រកត្បូងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច បាននិងកំពុងតែអង្គុយហូបបាយនៅក្នុងបន្ទប់ជួលរបស់ខ្លួនបន្ដិចក្រោយមកក៏ស្រាប់តែស្ត្រីដែលជាម្ចាស់បំណុលឈ្មោះ ថុ ស៊ីណាត បានមកជេរដៀមដាម និងថែមទាំងចូលទៅវៃជនរងគ្រោះនិងចាប់អូសចេញមកខាងក្រៅ ចំណែកបក្ខពួក២នាក់ទៀត ក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់បែកមុខ មាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ។
តាមស្ដ្រីម្ចាស់បំណុលនិយាយថា ដោយសារទប់កំហឹងមិនបាន ព្រោះជនរងគ្រោះជំពាក់លុយខ្លួនហើយ និយាយសម្ដីថ្លោសទៀត ហាក់មិនកោតញញើតម្ចាស់លុយបន្ដិចសោះឲ្យតែមកទារលុយលើកណាក៏ថាគ្មានដែរ ហើយបង្ហើរពាក្យសម្ដីដៀមដាមហាក់មិនចង់សងទៀតផង ទើបខ្លួនទប់ចិត្តមិនបានលើកគ្នាមកចាត់ការឲ្យស្គាល់ដៃម្ដង តែមិននឹកស្មានថា វៃរួចសមត្ថកិច្ចទៅដល់ល្មម ហើយឃាត់ទាំងបីនាក់យកមកសួរនាំ និង បញ្ជូនបន្តនៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments