ពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី១៩ របស់ខ្លួននៅចុងសប្ដាហ៍ថ្មីៗនេះ ស្របពេលក្រុមដែលកីឡាកររបស់កម្ពុជា ១រូបកំពុងប្រកបអាជីពនៅទីនោះ Teregganu FA របស់ ធារី ចន្ថាប៊ីន របូតអស់៣ពិន្ទុ ឃ្លាតពីតំបន់កំពូលតារាង។
លទ្ធផលសរុបប្រចាំសប្ដាហ៍ទី១៩ នេះឃើញថាក្រុម Kedah ចាញ់ក្រុមកំពូលតារាង Johor Darul Ta'zim ២ទល់១ ហើយក្រុម PKNS FC ឈ្នះក្រុម Terengganu FC ៤ទល់០ ខណៈក្រុម Kelantan ស្មើគ្នាជាមួយក្រុម Melaka ហើយក្រុម Perak ស្មើគ្នាជាមួយក្រុម Pahang FA ១ទល់១ តែក្រុមNegeri Sembilan ប្រកួតចាញ់ក្រុម PKNP ២ទល់១ និងក្រុមSelangor ស្មើគ្នាជាមួយក្រុម Kuala Lumpur ៣ទល់៣។
លីគកំពូលម៉ាឡេស៊ី ឆ្លងកាត់១៨ប្រកួតមកនេះក្រុមTerengganu របស់ ធារី ចន្ថាប៊ីន កំពុងប្រដេញតំបន់ប្រជែងកំពូលតារាងជាមួយក្រុមខ្លាំងJorhor និងក្រុម Pahang FA ជាក្រុមចាស់របស់ ចាន់ វឌ្ឍនាកា ក្រុម Perak ក្រុមKedah និងក្រុម PKNS ជាដើម។ ចំណែកក្រុម Negeri Sembilan អតីតក្រុមរបស់ ប្រាក់ មុន្នីឧត្តម ក៏ត្រូវការពិន្ទុដែរដើម្បីគេឱ្យផុតពីតំបន់ដែលត្រូវកាត់ចេញឲ្យទៅលេងពានរង្វាន់លីគលំដាប់ទី២ របស់ម៉ាឡេស៊ី។
ពានរង្វាន់លីគកំពូលម៉ាឡេស៊ី មានក្រុមសរុបចំនួន១២ក្រុមដោយតម្រូវឲ្យក្រុមទាំងអស់ប៉ះគ្នាចំនួន២លើក (២ជុំ) ហើយក្រុមដែលមានពិន្ទុច្រើនជាងគេនៅចប់រដូវកាលនឹងឈ្នះជើងឯកនឹងទទួលកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Champion League 2019 ផងដែរ។ តាមគ្រោងការប្រកួតនឹងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ មុនក្រុមជម្រើសជាតិរបស់ប្រទេសនេះត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup 2018។
សូមបញ្ជាក់ថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឱ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments