ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខេត្តក្រចេះបញ្ឈប់ការពិសារស្រាស ដែលផលិតដោយគ្មានបច្ចេកទេសត្រឹមត្រូវ ខណៈដែលមានប្រជាពលរដ្ឋនៅស្រុកស្នួលខេត្តក្រចេះចំនួន២នាក់ បានស្លាប់និងរងគ្រោះជាច្រើននាក់រួចមក។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានស្រាវជ្រាវរកឃើញថា មានប្រជាពលរដ្ឋនៅស្រុកស្នួលខេត្តក្រចេះចំនួន៦២នាក់ស្រី១៩នាក់ បានពុលស្រាស ដែលមានដាក់សារធាតុមេតាណុលខ្ពស់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ៦០នាក់ទៀត រងគ្រោះប៉ុន្តែបានចេញពីមន្ទីរពេទ្យជាបណ្តើៗហើយ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាអគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលដែលបានចុះទៅស្រាវជ្រាវករណីពុលស្រានៅខេត្តក្រចេះបានជំរុញឲ្យអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធត្រូវរឹតបន្តឹងការត្រួតពិនិត្យក្នុងការផលិត ការចែកចាយ និង ការលក់ស្រាសជាប្រចាំ ពិសេសត្រូវពិនិត្យច្រកចេញចូលនូវផលិតផលស្រាសនិងសារធាតុសម្រាប់ការផលិតស្រាសខុសបច្ចេកទេសឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសនូវការពុលស្រាដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ការពុលស្រាស ដែលមានសារធាតុមេតាណុលខ្ពស់នេះធ្វើឲ្យអ្នកពិសារអស់កម្លាំង ណែនដើមទ្រូង ឈឺក្បាល ស្រវាំងភ្នែក បាត់បង់ស្មារតី វិលមុខ ឈឺពោះ រាករូសនិងក្អួតចង្អោរជាដើម។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ដើម្បីទប់ស្កាត់ការពុលស្រាសនេះក្រុមការងារសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ខេត្តនឹងចុះអប់រំសុខភាពនិងចំណីអាហារដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗនិងធ្វើការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ មេក្រូចល័តនិងតាមបណ្តាញទំនាក់ទំនងសង្គមអំពីវិធានការការពារកុំឲ្យមានពុលស្រាសនិងបន្តតាមដានស្ថានភាពជំងឺនិងយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរលោកស្រីវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពពិសេសសង្ស័យថា ពុលស្រាសត្រូវប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់វេលា។
ចំណែកលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីសន្តិភាពនិងអភិឌ្ឍន៍បានស្នើឲ្យក្រសួងពាក់ព័ន្ធត្រូវធ្វើការត្រួតពិនិត្យលើការផលិតស្រាសជាប្រចាំនិងត្រូវបង្កើនការផ្សព្វផ្សាយពីវិធានការការពារនិងគ្រោះថ្នាក់ ដែលបណ្តាលមកពីការពិសារស្រាសនេះឲ្យបានផុលផុសថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងបញ្ចៀសពីការពុលស្រាសជាបន្តទៀត។
គួរបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានស្តីពីការពុលនៅខេត្តក្រចេះកាលពីរសៀលថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៨ ភ្លាមលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចាត់ក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាអគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលចុះអន្តរាគមន៍ជាបន្ទាន់។
ផ្អែកលើប្រវត្តិនៃការផលិតស្រាសដែលផលិតមិនត្រឹមត្រូវរោគសញ្ញានិងទិន្នន័យដែលទទួលបានពីការអង្កេតក្រុមសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ខេត្តចុះស្រាវជ្រាវករណីពុលស្រាសនៅស្រុកស្នួលខេត្តក្រចេះបានសន្និដ្ឋានថា អ្នកឈឺនិងស្លាប់ទាំងនោះគឺបណ្តាលមកពីពុលស្រាស ដែលមានសារធាតុមេតាណុល៕
Source: Kampuchea Thmey Daily
0 Comments