ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវទៅកាន់ជនរួមជាតិឲ្យចូលរួមការពារ និង អភិរក្សប្រាង្គប្រាសាទដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ក៏ដូចជាប្រាង្គប្រាសាទដែលនៅសេសសល់ដទៃទៀតសូមខិតខំថែរក្សា។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវបែបនេះនៅក្នុងពិធីអបអរខួប១០ឆ្នាំ និង ខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និង ប្រាសាទសម្បូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីរាត្រីថ្ងៃទី ១៥ ខែកក្កដា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះជនរួមជាតិទាំងអស់ ចូលរួមការពារប្រាង្គប្រាសាទដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ក៏ដូចជាប្រាង្គប្រាសាទដែលនៅសេសសល់ដទៃទៀត សូមខិតខំថែរក្សាវា។ ដូនតាយើងបានខិតខំកសាងឡើង យើងជាអ្នកជំនាន់ក្រោយគឺខិតខំការពារឲ្យខានតែបាន”។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅនៅតំបន់មួយចំនួន ដែលជាតំបន់ប្រាសាទត្រូវបានអភិរក្ស ហើយត្រូវបានរាជរដ្ឋាភិបាលធ្វើការដោះដូរឲ្យទៅរស់នៅកន្លែងផ្សេង ។ ដោយសម្តេចបានបញ្ជាក់ថា ប្រសិនជាមិនមានការចាំបាច់រាជរដ្ឋាភិបាលមិនធ្វើការផ្លាស់ប្តូរទីលំនៅរបស់បងប្អូននោះទេ ។ ក៏ប៉ុន្តែវាមានភាពចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើលើលក្ខខណ្ឌដែលបានកំណត់ដោយអង្គការបេតិកភណ្ឌពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ សូមបងប្អូនធ្វើការយោគយល់ ជាពិសេសបងប្អូននៅក្នុងខេត្តព្រះវិហារ ដែលត្រូវបានជម្លៀសចេញពីតំបន់ជិតប្រាសាទនោះ ដែលកន្លងទៅ រាជរដ្ឋាភិបាលក៏បានផ្តល់ទីតាំងផ្សេងដើម្បីជំនួសឲ្យវិញ។ ប្រសិនបើគ្មានការចាំបាច់ទេ រាជរដ្ឋាភិបាលក៏គ្មានតម្រូវការនឹងយកបងប្អូនចេញពីទីនោះ។ ប៉ុន្តែទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធនៃប្រាង្គប្រាសាទព្រះវិហារនេះតែម្តង (ដែលយើងត្រូវធ្វើដូចនេះ)”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ “ប្រសិនបើទីនោះ មិនត្រូវបានដោះស្រាយ ហើយការរំលោភបំពានដីធ្លីទាំងនៅប្រាសាទព្រះវិហារ ទាំងនៅប្រាសាទអង្គរវត្ត ទាំងនៅប្រាសាទសម្បូរព្រៃគុក នឹងធ្វើឲ្យប្រាសាទទាំងនេះបាត់បង់នូវតម្លៃដែលនឹងត្រូវដកហូតចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ ហើយសូមថែទាំទាំងអស់គ្នា។ ប្រសិនបើមានការបំពានណាមួយទៅលើលក្ខខណ្ឌដែលកំណត់ដោយអង្គការបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្គូ (UNESCO) យើងនឹងបាត់បង់នូវតម្លៃសកលនោះហើយគេនឹងដកយើងចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ នេះហើយ ដែលខ្ញុំបាននិយាយកាលពីឆ្នាំកន្លងទៅថា សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល …”។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងការអរគុណចំពោះជនរួមជាតិដែលបានគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាល រយៈពេលកន្លងទៅ ជាពិសេសនៅក្នុងវិស័យវប្បធម៌ នៅពេលដែលប្រាសាទព្រះវិហារត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង បានរួមគ្នាវាយប៉ោត វាយស្គរ វាយគង វាយឃ្មោះ ដើម្បីអបអរសាទរទទួលនូវកិត្តិយសរបស់ប្រទេសជាតិរបស់យើង។
សម្តេចតេជោបន្តថា មិនមានជោគជ័យណាមួយ ដែលកើតចេញដោយខ្វះការគាំទ្រនោះទេ។ សម្តេចបានចាត់ទុកថា ការគាំទ្ររបស់ប្រជាជននេះហើយគឺជាខឿនការពារវប្បធម៌ជាតិ ហើយបន្ទាប់មកខឿនការពារជាតិមួយក៏ត្រូវកើតឡើងបន្ទាប់ពីព្រឹត្តិការណ៍ ១៥កក្កដា ឆ្នាំ ២០០៨ ។ សម្តេចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្សនៃប្រាង្គប្រាសាទនានា។
នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលមានអ្នកចូលរួមប្រមាណជិត ១ម៉ឺននាក់នេះក៏មានវត្តមាននៃភ្ញៀវជាតិនិងអន្តរជាតិ បណ្តាអង្គទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជាចូលរួមយ៉ាងច្រើនកុះករ។ នៅពិធីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏មិនភ្លេចរំលឹកអំពីព្រឹត្តិការណ៍នៃការចូលឈ្លានពានរបស់ទាហានថៃមកលើប្រាសាទព្រះវិហាររបស់ខ្មែរគឺនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា “ថ្ងៃនេះ ថ្ងៃ១៥ កក្កដា ឆ្នាំ ២០១៨ ហើយកាលពី ១០ ឆ្នាំមុនថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំលំបាកជាងគេនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តមួយ។ ខ្ញុំសុំអភ័យទោសជាមួយ សមភាគីថៃ ដែលខ្ញុំមិនគួររំលឹក។ ក៏ប៉ុន្តែយើងមិនអាចមើលរំលងបញ្ហានេះ ព្រោះជាបទពិសោធន៍ដែលយើងត្រូវចងចាំទាំងអស់គ្នាហើយយើងត្រូវខិតខំរួមគ្នា ដើម្បីបង្កើតឡើងនូវខ្សែព្រំដែនរបស់យើង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ខ្ញុំអាចនិយាយបានថា ១០ ឆ្នាំមុននេះ គឺជារយៈពេល និងពេលវេលាដែលខ្ញុំលំបាកបំផុតនៅក្នុងជីវិតនយោបាយរបស់ខ្ញុំ នៅត្រង់ថា នៅពេលដែលកងទ័ពថៃបានចូលមកក្នុងវត្តកែវសិក្ខាគិរីស្វារៈនៅក្នុងតំបន់ប្រាសាទព្រះវិហារ ។ ពេលនោះយើងកំពុងស្ថិតនៅក្នុងយុទ្ធនាការបោះឆ្នោត...”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ពេលនោះសម្តេចបានដាក់ចេញនូវលទ្ធភាព៣ យ៉ាងដើម្បីកម្រិតនៃការដោះស្រាយបញ្ហានេះ ។ លទ្ធភាពទី១-កម្រិតអោយនៅទ្រឹងស្ថានភាពក្នុងវត្តកែវសិក្ខាគិរីស្វារៈ មិនអោយមានការផ្ទុះអាវុធទាំងអស់ ។លទ្ធភាពទី២-យើងក៏បានត្រៀមបម្រុងនូវលទ្ធភាពដែលអាចកើតឡើងផងដែរថា អាវុធនឹងអាចផ្ទុះនៅតំបន់មួយចំនួននៅក្បែរខាងនោះ ដូច្នេះការបោះឆ្នោតនឹងត្រូវចាប់បង្ខំបិទនូវការិយាល័យបោះឆ្នោតមួយចំនួននៅពេលនោះតែម្ដង។ លទ្ធភាពទី៣-គឺជាលទ្ធភាពដែលសង្គ្រាមផ្ទុះនៅទូទាំងព្រំដែនទាំងមូលតែម្ដង ។ លទ្ធភាពបែបនេះត្រូវលុបចោលការបោះឆ្នោតសិន ។
សម្តេចតេជោ ហ៊ុន សែន បន្តថា គឺជាកាលៈទេសៈដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន លំបាកជាងគេនៅក្នុងការធ្វើការសម្រេចចិត្ត ។ ទីចុងបំផុត ដោយសារតែការថ្នាក់ថ្នមសភាពការណ៍ យើងបានទទួលត្រឡប់មកវិញនូវការរក្សាបាននូវការមិនពង្រីកជម្លោះ ហើយកាត់បន្ថយនូវជម្លោះនេះអោយវានៅទ្រឹងមួយកន្លែង ហើយយើងដំណើរការបោះឆ្នោតបានដោយត្រឹមត្រូវនិងយុត្តិធម៌។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិធានការ ៣ យ៉ាងត្រូវប្រើព្រមៗគ្នា និងរំលត់នូវសភាពការណ៍នេះ ដែលនាំមកនៅទំនាក់ទំនងល្អរហូតមកដល់សព្វថ្ងៃនេះ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្នុងនោះយន្តការទី១-ជាយន្តការនៅនឹងកន្លែងកងទ័ពត្រូវឈរជើងរឹងមាំដើម្បីការពារនូវអធិបតេយ្យភាពរបស់ជាតិ។យន្តការទី២-ប្រើប្រាស់ការទូតគោះទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកនៅដំណោះស្រាយខាងផ្នែកនយោបាយ តាមរយៈការទូត និង យន្តការទី៣-តាមរយៈយន្តការតុលាការអន្តរជាតិ ទីក្រុងឡាអេ បកស្រាយសាលក្រមឆ្នាំ ១៩៦២ ឡើងវិញ។ ដោយសារការដោះស្រាយតាមរបៀបនេះហើយ បានជាយើងខិតខំបញ្ចៀសនូវការជម្លោះប្រដាប់អាវុធហើយនាំយកនូវតំបន់នោះ ជាតំបន់ឥតកងទ័ព ដែលងាយស្រួលដើម្បីជៀសវាងនូវការប៉ះទង្គិច ហើយវាប៉ះពាល់ទៅដល់ប្រាសាទរបស់យើងថែមទៀត។
សម្តេចតេជោ បានបញ្ជាក់អំពីការលំបាករបស់សម្តេចនៅក្នុងកាលៈទេសៈនោះថា សភាពការណ៍កើតឡើងចៃដន្យរបៀបនេះ វាពិតជាបានសាកល្បងចំពោះសមត្ថភាពរបស់សម្តេចយ៉ាងពិតប្រាកដថា តើត្រូវធ្វើការសម្រេចចិត្តរបៀបណា ? ការវាយប្រយុទ្ធគ្នាមិនមែនជាជម្រើសល្អនោះទេ តែវិធីដោះស្រាយដោយសន្តិវិធីទើបជាជម្រើសដ៏ល្អ។ សម្តេចតេជោបានគិតថា រឿងនេះ មិត្តថៃពិតជាមិនប្រកាន់ខឹងជាមួយនឹងអ្វីដែលសម្តេចបានលើកមកនិយាយទេ ព្រោះជាការពិត។
យ៉ាងណាក៏ដោយ ស្ថានភាពទាំងអស់នេះ បានផ្តល់មេរៀនឲ្យយើងកាន់តែច្បាស់ថា ការកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជាអាទិភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា។
គួររំលឹកថា ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ ដោយអង្គការយូណេសស្កូ ។ មួយសប្តាហ៍ក្រោយមកនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ទាហានថៃចូលឈ្លានពានបានបង្កហេតុរហូតដល់ផ្ទុះសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហារ។
ជំលោះដ៏តានតឹងស្ដីពីប្រាសាទព្រះវិហារ បានបង្ខំឲ្យកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដោយសុំឲ្យតុលាការនេះចាត់វិធានការបន្ទាន់ដើម្បីការពារប្រាសាទចេញពីគ្រោះថ្នាក់។ កម្ពុជាក៏សុំឲ្យតុលាការក្រុងឡាអេបកស្រាយឡើងវិញ នូវសាលក្រមឆ្នាំ១៩៦២ ដែលតុលាការនេះឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិឈ្នះក្តីភាគីថៃផងដែរ។ ដោយឡែកប្រាសាទសម្បូរព្រៃគុកក៏ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែកក្កដា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីអបអរសាទរប្រាសាទព្រះវិហារនិងប្រាសាទសម្បូរព្រៃគុក ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើងក្នុងបំណងពិសេសខុសប្លែកពីការកសាងប្រាសាទអង្គរវត្តដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ។ ប្រាសាទព្រះវិហារ ត្រូវបានស្ថាបនាឡើងដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី ២ ក៏អញ្ចឹងដែរ ព្រះអង្គនៅតែគាំទ្រគំនិតដែលថា មហិទ្ធិឫទ្ធិធំណាស់អាទិទេពនេះ ដូច្នេះត្រូវធ្វើម៉េច បន់ស្រន់ គោរពបូជា យ៉ាងដាច់ខាត។
ចំណែកប្រាសាទសម្បូរព្រៃគុក ជារាជធានីដែលមានឈ្មោះដើមថា ឥសានបុរៈ ត្រូវបានកសាងដោយ ព្រះបាទឥសាន្តវរ្ម័នទី១ (៦១៦-៦៣៥) នៃសម័យអាណាចក្រចេនឡា ដែលមានទីតាំងស្ថិតនៅតំបន់ប្រាសាទសម្បូរព្រៃគុក ឃុំសម្បូរ ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ៕
Source: Kampuchea Thmey Daily
0 Comments