Ad Code

តុលា​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ទណ្ឌិត សម រង្ស៊ី ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បទ​ល្មើ​សប៉ុនប៉ង​កាត់​ទឹកដី​ឲ្យ​បរទេស នា​ព្រឹក​ថ្ងៃទី​១៣ សីហា ខាងមុខ



ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពី​ថ្មីៗ​នេះ​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឲ្យ​ទណ្ឌិត សម រង្ស៊ី មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ពាក់ព័ន្ធ​នឹង​បទល្មើស​ប៉ុនប៉ង​កាត់​ទឹកដី​កម្ពុជា​ឲ្យ​បរទេស ហើយ​ដីកា​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ កាលពី​វេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​។

តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន ចុះហត្ថលេខា​ដោយ​លោក រស់ ពិសិដ្ឋ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ត្រូវបាន​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ពីបទ “​ប៉ុនប៉ង​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ដែនដី​ជាតិ​មួយ​ផ្នែក​” ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ ជា​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​។ ជាមួយគ្នា​នោះ បាន​បង្គាប់​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ដើ​ម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ហើយ​ត្រូវ​ចូលខ្លួន​តាម​កំណត់ ក្នុងករណី​មិន​ចូលខ្លួន​តាម​ការកំណត់​ខាងលើនេះ​ទេ នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឬ​ចាប់ខ្លួន​។



ពាក់ព័ន្ធ​ករណីនេះ តំណាង​អយ្យការ ធ្លាប់​បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​ម្តង​រួចហើយ នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​លោក សម រង្ស៊ី មិនបាន​ចូលខ្លួន​តាម​កំណត់​នោះទេ​។

សូម​បញ្ជាក់​ថា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧ កូនចៅ​របស់​លោក សម រង្ស៊ី បាន​ទម្លាយ​នូវ​រឿង​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​ត្រូវ​ដឹង គឺ​លោក សម រង្ស៊ី បាន​ទៅ​ចុះហត្ថលេខា​នៅ​នៅ​ទីក្រុង Greensboro នៃរ​ដ្ធ North Carolina ឆ្នាំ​២០១៣ ជាមួយនិង​លោក កុសល កើត ជនជាតិ​យួន ដើម្បី​ទទួលស្គាល់​ជនជាតិ​យួន​ដេ​ហ្កា​ទាំងអស់ ដែល​រស់នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា គឺជា​ជនជាតិខ្មែរ ព្រមទាំង​កាត់​ដី​មួយចំនួន​ផងដែរ​។

ប្រភព​នោះបាន​សរសេរថា “​ខ្ញុំ​បានទទួល​នូវ​ព័ត៌មាន និង​សំណុំ​ឯកសារ​ជាច្រើន​ពី​ប្រជាជន​ខ្មែរ​អាមេរិកាំង​រស់នៅ​ទីក្រុង Greensboro នៃ​រដ្ឋ North Carolina –USA និង​បាន​សុំ​ឲ្យ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជួយ​ទម្លាយ​រឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ក្បត់ជាតិ ដែល​ប្រជាជន​កម្ពុជា ទាំងមូល​ត្រូវតែ​ដឹង​ឲ្យ​បាន​ច្បាស់​ទាំងអស់គ្នា ព្រោះថា​អ្វីដែល​លោក សម រង្ស៊ី នៅ​រង់ចាំ​នោះ គឺ​នៅសល់​តែមួយ​ជំហាន​ទៀត​តែប៉ុណ្ណោះ​គឺ គាត់​នឹង​បានសម្រេច​នូវ​ផែនការ​ក្បត់ជាតិ និង​ក្បត់ប្រជាជន​កម្ពុជា​បាន​១០០​ភាគរយ​ហើយ​។ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​អំពើ​ទង្វើ​ក្បត់ជាតិ​របស់លោក សម រង្ស៊ី ខ្ញុំ​សូម​បង្ហាញ​នូវ​ភស្តុតាង​តែមួយ​ចំនួន​តូច​សិន ដើម្បី​ទម្លាយ​នូវ​ការពិត​ជូន​បងប្អូន​ជន​រួម ជាតិ​បាន​ជ្រាប​អំពី ការចុះ​កិ​ច្ជ​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី ដែលមាន​ម្តាយ​ជា​ជនជាតិ​យួន ជាមួយ​ប្រធាន​ចលនា​ជនជាតិភាគតិច​ដេ​ហ្កា​យួន​ឈ្មោះ កុសល កើត​”​។



លោក កុសល កើត រឺ KOK KSOR គឺជា​ជនជាតិ​វៀតណាម​កើត​នៅ​ឆ្នាំ ១៩៤៥ នៅ​ខេត្ត យ៉ា​ឡាយ​ប្រទេស​វៀតណាម​។ បច្ចុប្បន្ន​គាត់​មាន​សញ្ជាតិ អាមេរិកាំង​ដើមកំណើត​យួន ហើយ​ជា​ប្រធានរ​ណ​សិ​រ្យ​ជាតិ​រំដោះ​ជនជាតិភាគតិច​ដេ​ហ្កា​យួន បាន​រៀប​ចំ​ផែនទី​ដោយ​កាត់​យក​ទឹកដី នៃ​ខេត្ត​មួយចំនួន របស់​កម្ពុជា​បច្ចុប្បន្ន​ធ្វើជា​ទឹកដី​នៃ​រដ្ឋ​ដេ​ហ្គា​។ នៅក្នុង​ពិធី​ជា​ផ្លូវការ​ដែលមាន​អ្នក​ចូល​ប្រមាណ​ជិត​មួយ​ពាន់​នាក់ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិ​ដេ​ហ្កា​យួន នៅ​ទីក្រុង Greensboro នៃរ​ដ្ឋ North Carolina លោក កុសល កើត បាន​និយាយ​ទៅកាន់​លោក​សម រង្ស៊ី ដោយបាន​រៀបរាប់​អំពី​គោលបំណង​ដ៏​សំខាន់​បំផុត​នៃ​ពិធី​ជួបជុំ​នេះ​ថា គាត់​ចង់បាន​ការបញ្ជាក់ អំពី​គោលជំហរ និង​គោលនយោបាយ​របស់​លោក សម រង្ស៊ី ចំពោះ​ជនជាតិ​ដេ​ហ្គា​យួន និង​បាន​លើក​ឡើង​ថា ជនជាតិ​ដេ​ហ្កា គឺជា​ប្រជាជន​ដែល​ធ្លាប់ រស់នៅ​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌល​គី​រី​កន្លងមក​។ ដូចនេះ ដើម្បី​ឲ្យ​ប្រជាជន​ដេ​ហ្គា អាច​មក​រស់នៅ​កម្ពុជា​វិញ​បាន តើ​លោក សម រង្ស៊ី មាន​ផែនការ​បែប​ណា​ខ្លះ ដើម្បី​ជួយ​ជនជាតិភាគតិច​យួន​ដេ​ហ្គា ឲ្យ​ទទួល​បាន​នូវ​ទឹកដី​ខ្លួន​ក្នុងប្រទេស​​កម្ពុជា​វិញ​?​។ នៅក្នុង​ឱកាស​នោះ លោក សម រង្ស៊ី បាន​និយាយ​ឆ្លើយតប​យ៉ាងច្បាស់​លាស់​ថា ខ្លួន​ទទួលស្គាល់​ជនជាតិ​យួន​ដេ​ហ្កា​ទាំងអស់​នោះ គឺជា​ជនជាតិខ្មែរ ដោយ​ស្វ័យប្រវត្តិ​។ តើ​លោក សម រង្ស៊ី មាន​ដឹង​ដែរ​ ឬ​ អត់ថា កុសល កើត ជា​ជនជាតិ​យួន​?​។

នៅ​ឆ្នាំ ២០១៣ សម រង្ស៊ី និង កុសល កើត បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​នោះ​នៅ​ទីក្រុង Greensboro ~ North Carolina ~ USA ។ បន្ទាប់ពី លោក សម រង្ស៊ី បាន​ជួប​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ កុសល កើត រួចហើយ លោក​អនុប្រធាន កឹម សុខា ក៏បាន​ទៅ​ជួប​ជា​សម្ងាត់ ជាមួយ​ជនជាតិ​យួន​នេះ​ទៀត​ដែរ ដើម្បី​ជា​ការ​បញ្ជាក់ថា បក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​បក្ស​សិទ្ធិមនុស្ស និង​បក្ស សម រង្ស៊ី គឺ​មាន​ជំហរ​ដូចគ្នា​ចំពោះ​កិច្ចព្រមព្រៀង​នេះ​នៅពេល​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ក្នុង​ការ​បោះឆ្នោត និង​ដឹកនាំ​ប្រទេស​។ ដូច្នេះ​អ្វី​ដែល​នៅសល់​សម្រាប់​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​ខ្មែរ​ឲ្យ​ទៅ​យួន និង​ការ​ទទួលស្គាល់​ជនជាតិ​យួន​ដេហ្កា​ជា​ជនជាតិខ្មែរ​នេះ គឺ​នៅ​រង់ចាំតែ សន្លឹកឆ្នោត​របស់​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។ សូម​បងប្អូន​ខ្មែរ​យើង​វិភាគ និង​ប្រៀបធៀប​រវាង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ដើម្បី​កំណត់​ព្រំ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ការពារ​ដី​ខ្មែរ ជាមួយ​លោក សម រង្ស៊ី ដែល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ កុសល កើត ដែល​ជា​ជនជាតិ​យួន ដើម្បី​កាត់​ទឹកដី​ខ្មែរ​ឲ្យ​ជនជាតិ ភាគតិច​ដេ​ហ្កា​យួន ព្រមទាំង​ការទទួលស្គាល់​ជនជាតិ​យួន​ភាគតិច​នោះ​ជា​ជនជាតិខ្មែរ​ជា​ស្វ័យប្រវត្តិ?។



ប្រភព​នោះបាន​លើកឡើង​ដែរ​ថា ដើម្បី​ជា​ភស្តុតាង សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ពិនិត្យមើល​នូវ​រូបភាព​មួយចំនួន​សិន​ដែល​បញ្ជាក់​ពី​ដំណើរ ការរៀបចំ​ផែនការ​ក្បត់ជាតិ​របស់លោក សម រង្ស៊ី ក្នុងការ​ចុះហត្ថលេខា​ជាមួយ​យួន កុសល កើត កាត់​ទឹកដី​ខ្មែរ និង​ទទួលស្គាល់​យួន​ជា​ជនជាតិខ្មែរ​។ ដោយមាន​រូបថត​លោក​សម រង្ស៊ី ចុះហត្ថលេខា​ជាមួយ កុសល កើត កាត់​ទឹកដី​របស់​ខេត្ត​ខ្មែរ​មួយចំនួន​ឲ្យ​យួន​កានកាប់ និង​រូបភាព​ដែល​លោក កឹម សុខា ជួប​ជាមួយ​យួន កុសល កើត ក្រោយ សម រង្ស៊ី បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ និង​ទទួលស្គាល់​យួន​ជា​ជនជាតិ​ខ្មែរ ហើយ​រូបថត​របស់​យួន កុសល កើត Kok KSOR ដែល​បងប្អូន​អាច​រក​ឃើញ​តាម Google ផងដែរ និង​ក៏មាន​រូប​ផែនទី​ដែល សម រង្ស៊ី និង​យួន ដែល កុសល កើត បានរៀបចំ និង​ព្រមព្រៀងគ្នា ដើម្បី​កាត់​ខេត្ត​ខ្មែរ​ឲ្យ​យួន​កាន់កាប់​បើ​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស​ផងដែរ​។

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក សម រង្ស៊ី អះអាងថា លោក​ពិតជា​បាន​ចុះហត្ថលេខា​ជាមួយ លោក Kok Ksor នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៣​នោះ ពិតប្រាកដ​មែន​។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់បាន​លើកឡើងថា បទល្មើស​កាត់ទឹក​ដី​ឲ្យ​បរទេស គឺជា​បទឧក្រិដ្ឋ ដែល​កំណត់​ទោស​ធ្ងន់ធ្ងរ​បំផុត នៅក្នុង​ក្រមព្រហ្មទណ្ឌ ដោយសារតែ​បទល្មើស​នេះ បានធ្វើឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​។ លោក​បាន​បន្តថា បទល្មើស​នេះ គឺ​ស្ថិតនៅក្នុង​ជំពូក​ទី​២ អំពី​ការប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ និង​ផ្នែក​ទី​១ ស្តីពី​អំពើ​ក្បត់ជាតិ ក្នុង​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា បើសិនជា​តុលាការ​បាន​រកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ ក្នុង​សំណុំរឿង​ថ្មី​នេះ​ពិតប្រាកដ​មែន​នោះ ទណ្ឌិត សម រង្ស៊ី អាច​នឹង​ជាប់ពន្ធនាគារ​មួយជីវិត​ផងដែរ​។​

​តាម​មាត្រា​៤៤០ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​អំពី​អំពើ​ក្បត់ជាតិ និង​ចារកម្ម បានកំណត់​យ៉ាង​ដូច្នេះ​ថា “​អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំងស្រុង ឬមួយ​ផ្នែក ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​មួយជីវិត​”៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu