Ad Code

គ​.​ជ​.​ប ប្រកាស​ច្រានចោល​សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ



ភ្នំពេញ ​៖ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ទេព នីថា បាន​ចេញ​លិខិត​មួយ​ប្រកាស​ច្រានចោល​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​សំអាង​ហេតុ​មួយចំនួន​។

ការប្រកាស​ច្រានចោល​សំណើ​សុំ​ធ្វើ​វិសោធន​កម្មនេះ ធ្វើឡើង​បន្ទាប់ពី​លោក ខឹម វាសនា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានដាក់​លិខិត​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដើម្បី​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ចំណុច​មួយចំនួន​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ទាក់ទង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​។

លិខិត​របស់​លោក ទេព នីថា ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ បាន​លើកឡើងថា គ​.​ជ​.​ប បានទទួល​រួចហើយ​នូវ​លិខិត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​បន្ទាប់ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស ដែល​ជា​បទពិសោធន៍​នៃ​ការអនុវត្ត​ការងារ​បោះឆ្នោត​កន្លងមក គ​.​ជ​.​ប មិន​អាចធ្វើ​វិសោធនកម្ម​លើ​ចំណុច​នេះ តាម​ការ​ស្នើសុំ​បានឡើយ។

ការសម្រេច​របស់ គ​.​ជ​.​ប គឺ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​បទពិសោធន៍​ដូចជា ទី​១, ការតម្រូវ​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធី​ស (✔) តែមួយគត់ ដើម្បី​គាំទ្រ​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​អំពី​បទបញ្ញត្តិ ក្នុង​កថាខណ្ឌ​ទី​២ នៃ​មាត្រា​១០៥ និង​មាត្រា​១២០​ដែល​កំណត់​អំពី​របៀប​គូស​លើ​សន្លឹកឆ្នោត ដែល​ត្រូវ​ចាត់ទុកជា​បានការ តាមរយៈ “​គំនូស​សញ្ញា​” នោះឡើយ​។ តាម​ស្មារតី​នៃ​បទបញ្ញត្តិ​នេះ គ្មាន​បានចែង​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសសញ្ញា​នេះ​តែមួយគត់​នោះឡើយ​។ មានន័យថា ច្បាប់​អនុញ្ញាត​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​គាំទ្រ​ទូទៅ​នៅលើ​សន្លឹកឆ្នោត វៀរលែងតែ​គំនូស​សញ្ញា​ទាំងឡាយ​ណា ដែល​ធ្វើ​ឲ្យ​គេ​សម្គាល់​បាន​នូវ​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត ដូច​ចែង​ក្នុង​ចំណុច​៣ នៃ​កថា​ខណ្ឌ​៣ មាត្រា​១២០ នៃ​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ (​ច​.​ប​.​ត​.​រ​)​។ ទី​២, ការ​ទទួលយក​ជា​បានការ​នូវ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ​នេះ ត្រូវបាន​អនុវត្ត​តាំងពី​ការបោះឆ្នោត​សភាធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ​អ៊ុនតាក់​មក​ម្ល៉េះ ហើយ​បទពិសោធន៍​ដ៏​ល្អ​នៃ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ​នេះ ក៏​ត្រូវ​បាន​បន្ត​អនុវត្ត​សម្រាប់​ការបោះឆ្នោត​ក្រោយ​ក្រោយ​ទៀត ក្នុង​គោលបំណង​ធានា​ការពារ​សំឡេង​គាំទ្រ​របស់​អ្នកបោះឆ្នោត​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​។ ទី​៣, តាម​ការសិក្សា​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ដូចជា​នៅ​ចក្រភព​អង់គ្លេស​ជាដើម គេ​មិនដែល​តម្រូវ​ឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសសញ្ញា​គាំទ្រ​ជាក់លាក់​ណាមួយ​នៅលើ​សន្លឹកឆ្នោត​នោះឡើយ​។

លោក ទេព នីថា បញ្ជាក់ទៀតថា ស្ថិតក្នុង​លក្ខខណ្ឌ ដែល គ​.​ជ​.​ប បាន​កំណត់​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការបោះឆ្នោត​ដូច​មាន​ចែង​នៅក្នុង​មាត្រា​១០៦​នោះ​ទេ​។ ជន​ណា​ដែល​ព្យាយាម​ដោយ​ទុច្ចរិត ក្នុង​គោលបំណង​គាត់​សំគាល់ ដើម្បី​ឲ្យ​ដឹង​ថា អ្នកបោះឆ្នោត​ណា​ម្នាក់ ឬ​ច្រើន​នាក់​បាន​បោះឆ្នោត​ឲ្យ​គណបក្សនយោបាយ​ណាមួយ នឹង​ត្រូវ​ទទួល​ការព្រមាន​ពី​ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ក្នុងករណី​នៅតែ​ធ្វើ​សកម្មភាព​ដដែល​ឡើងវិញ​ជា​លើក​ទី​២ នឹង​ត្រូវ​ចាត់ទុកថា ជា​ការ​រំលោភ​លើ​ការសម្ងាត់​នៃ​ការបោះឆ្នោត ហើយ​ជន​ដែល​មាន​ការ​ពាក់ព័ន្ធ​ត្រូវ​បណ្ដេញ​ចេញពី​ការិយាល័យ​រាប់​សន្លឹកឆ្នោត នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ស្ដីពី​ការបោះឆ្នោត​។

ទាក់ទង​បញ្ហា​នេះ លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់​បាន​អះអាង​ថា គ​.​ជ​.​ប មិនអាច​ធ្វើតាម​ការ​ចង់​បាន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់​លោក ខឹម វាសនា បានទេ ពីព្រោះ​ក្នុងចំណោម​គណបក្ស​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត មាន​គណបក្ស​ចំនួន​១៩ បាន​យល់ព្រម​លើ​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នេះហើយ លើកលែងតែ​បក្ស LDP នេះ​មួយ​មិន​យល់ព្រម មិនដឹង​ចង់បាន​អី​។ សំណើ​នោះ ផ្ទុយ​ទៅ​នឹង​ច្បាប់​ហើយ នៅក្នុង​ច្បាប់​អត់​បានកំណត់​គំនូស​យ៉ាងណា​នោះទេ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu