ក្រោយពេលសម្តែងការគួរសមពីចម្ងាយដាក់គ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនខែ, លោក Donald Trump និងលោក Vladimir Putin បានអង្គុយជាមួយគ្នាកាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំកំពូលជាលើកដំបូងរវាងមេដឹកនាំទាំងពីរ។ វាអាចបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសសម្រាប់ប្រធានាធិបតីអាមេរិក ប៉ុន្តែជាជ័យជម្នះនៃភូមិសាស្ត្រនយោបាយសម្រាប់សមភាគីរុស្ស៊ីរបស់គាត់។
ភាគីទាំងពីរមិនរំពឹងថានឹងទម្លាយភាពទាល់ច្រកសំខាន់ៗពីកិច្ចពិភាក្សានៅក្នុងរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់ទេក្រៅពីពាក្យកក់ក្តៅនិងកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមជួសជុលទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីឡើងវិញហើយប្រហែលជាមានកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការពិភាក្សាលើបញ្ហានានាដូចជាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនិងបញ្ហាស៊ីរីជាដើម។
បុរសទាំងពីរដែលបានកោតសរសើរគ្នាអំពីគុណសម្បត្តិនៃភាពជាអ្នកដឹកនាំទៅវិញទៅមកគឺក៏អាចព្រមព្រៀងផងដែរក្នុងការចាប់ផ្តើមឡើងវិញនូវស្ថានទូតរបស់ពួកគេនិងការប្រគល់មកវិញនូវទ្រព្យសម្បត្តិការទូតដែលបានរឹបអូសបន្ទាប់ពីរលកនៃការនិរទេសនិងសកម្មភាពសងសឹកដែលត្រូវបានបង្កឡើងដោយការបំពុលលើអតីតចារបុរសរុស្ស៊ីម្នាក់នៅក្នុងចក្រភពអង់គ្លេស។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលកិច្ចប្រជុំកំពូលនេះ ភាគីទាំងសងខាងបាននិយាយគ្នាអំពីព្រឹត្តការណ៍នេះដោយលោក Trump បានប្រាប់សារព័ត៌មាន CBS ថា លោកនឹងមាន “ការរំពឹងទុកតិចតួច” ហើយលោក John Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ថា កិច្ចប្រជុំនេះនឹង “មិនមានរចនាសម្ព័ន្ធ” ទេ។
ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់ស្ថានីយទូរទស្សន៍ RT របស់រុស្ស៊ីថា លោកក៏មានការរំពឹងទុកទាបដែរ។ លោកបាននិយាយថា លោកនឹងចាត់ទុកកិច្ចប្រជុំកំពូលនេះថាជាជោគជ័យបើសិនជាមានកិច្ចព្រមព្រៀងមួយដើម្បីបើកបណ្តាញទំនាក់ទំនងឡើងវិញបន្ទាប់ពីត្រូវបានកាត់ផ្តាច់។
ចំពោះលោក Putin, កិច្ចប្រជុំកំពូលនេះដែលកើតឡើងបើទោះបីជាមានស្ថានភាពដ៏អាក្រក់របស់រុស្ស៊ីក្នុងចំណោមជនជាតិអាមេរិកខ្លះនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយនោះគឺជាជ័យជម្នះខាងភូមិសាស្ត្រនយោបាយព្រោះនៅក្នុងភ្នែករបស់រុស្ស៊ីវាបានបង្ហាញថា ក្រុងវ៉ាស៊ីនតោនទទួលស្គាល់ក្រុងមូស្គូថាជាមហាអំណាចមួយដែលផលប្រយោជន៍របស់ខ្លួនត្រូវយកមកពិចារណា។ ។
សម្រាប់ប្រទេសរុស្ស៊ី វាក៏ជាសញ្ញាដ៏មានឥទ្ធិពលមួយផងដែរថា ការខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដើម្បីបំបែកក្រុងមូស្គូឲ្យនៅតែឯងគឺបានទទួលបរាជ័យ។
ប៉ុន្តែសម្រាប់លោក Trump កិច្ចប្រជុំនេះគឺពោរពេញទៅដោយហានិភ័យនយោបាយនៅក្នុងប្រទេស៕ REUTERS
Source: Kampuchea Thmey Daily
0 Comments