ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតរួចថា ការបោះឆ្នោតមានលក្ខណៈល្អប្រសើរ ស្ងប់ស្ងាត់ ហើយការជេរបញ្ចោរ ចោទគ្នាចុះឡើងត្រូវបានថយចុះ ហើយស្ថានការណ៍បែបនេះ ដោយសារតែគណបក្សមួយៗមានភាពចាស់ទុំខាងនយោបាយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍យ៉ាងនេះថា “និយាយរួមដូចកាលពីបោះឆ្នោត៥ឆ្នាំមុនដែរ ការបោះឆ្នោតមានលក្ខណៈល្អប្រសើរ ស្ងប់ស្ងៀម ប៉ុន្តែយើងបានឃើញសភាពការណ៍មួយ គឺការជេរបញ្ចោរគ្នា ការចោទគ្នាចុះឡើងហ្នឹង វាធូរជាងមុន ពីព្រោះថា ម្នាក់ៗមានការចាស់ទុំជាងមុន ចឹងភាគច្រើននិយាយពីគោលនយោបាយរបស់គណបក្សរៀងខ្លួន ជាជាងជេរបញ្ចោរគ្នា”។ ចំពោះថា យុត្តិធម៌ ឬមិនយុត្តិធម៌ លោក ខៀវ កាញារីទ្ធ បានអះអាងថា “និយាយរួម គឺទុកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកវាយតម្លៃថា ការបោះឆ្នោតនេះយុត្តិធម៌ ឬអត់”។
សូមបញ្ជាក់ថា លោក ខៀវ កាញារីទ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៥៦៧ នៃសាលាបឋមសិក្សាទួលគោក។
តាមការគ្រោងទុក មកដល់ម៉ោង៧ ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចាប់ផ្ដើម ដោយមានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំគ្នាទៅនឹងនិយាយ ដោយទឹកមុខរីករាយ ហើយបើតាមសេចក្តីរាយការណ៍ផ្សេងៗបានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតមកដល់ពេលនេះ បានដំណើរការក្នុងបរិយាកាសមួយល្អ រលូន ហើយមិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ៕
Source: Kampuchea Thmey Daily
0 Comments