Ad Code

ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ បរាជ័យ​២​ប្រកួត​ជាប់​គ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ពាន​ជើងឯក​ហ្វូ​ត​សាល​អាស៊ាន



ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល​ឆ្នាំ​២០១៧ (​ហ្វូ​ត​សាល​) តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​ប្រកួត​បរាជ័យ​២​លើក​បើកឆាក​វគ្គ​ជម្រុះ​តាម​ពូ​ល ក្នុង​ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល​តំបន់​អាស៊ាន AFF Futsal Club Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

២​ប្រកួត​បើកឆាក​នេះ​មាននៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ បាន​ប្រកួត​ចាញ់​ក្រុម East Coast Heat FC របស់​អូស្ត្រាលី ៨​ទល់​០ ខណៈ​ប្រកួត​បន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកក្កដា ក្រុម​កម្ពុជា មួយ​នេះ​បាន​ប្រកួត​ចាញ់​ក្រុម MIC Futsal Club ដោយ​លទ្ធផល​៤​ទល់​២​។ សម្រាប់​ប្រកួត​បន្ទាប់​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​១១:៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ត្រូវ​ប្រកួត​បិទ​ពូ​ល​ជាមួយ​ក្រុម ក្រុម​Arbisyam FC របស់​ប្រ៊ុយណេ​។



​សូម​រំលឹក​ពានរង្វាន់​AFF Futsal Club Championship 2018 មាន​ក្រុម​ចំនួន​៨​ក្រុម ចូលរួម​ដែល​បាន​បែង​ចែកជា​២​ពូ​ល​ ក្នុង​នោះ​ក្រុម​កំចាយមារ​របស់​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ជាមួយ​ក្រុម East Coast Heat FC (​អូស្ត្រាលី​) Arbisyam FC (​ប្រ៊ុយណេ​)​និង MIC (​មី​យ៉ាន់​ម៉ា​)​។ ចំណែក​ពូ​ល B វិញ​មាន​ក្រុម​SKN FC Kebumen របស់​ឥណ្ឌូណេស៊ី​, Bangkok BTS (​ថៃ​), Melaka United (​ម៉ាឡេស៊ី​) និង Sanatech Khanh Hoa (​វៀតណាម​)​។

លោក ផាន់ សុ​ផា​ណា​រ៉ា គ្រូបង្វឹក​របស់​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ទទួលស្គាល់ថា ​នេះ​ជា​បទពិសោធន៍​ថ្មី ​សម្រាប់​ក្រុម​លោក ជាហេតុ​ពិបាក​ថា​នឹង​អាច​ដណ្តើម​បាន​ជើងឯក​ ឬ​ ជើងឯក​រង​ប្រចាំ​ក្នុង​ពូ​ល​ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​ជុំ​បន្ទាប់​។ ពានរង្វាន់​នេះ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ក្រុម​សមាជិក​ទាំង​៨​ក្រុម​នេះ បែង​ចែកចេញជា​២​ពូ​ល​ធ្វើការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​២​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុននឹង​ប្រជែង​គ្នា​ដណ្ដើម​ជើងឯក​។

ចំពោះ​ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៣​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មក​ហើយ​ក្លិប Port FC របស់​ថៃ ជា​ក្រុម​ជើងឯក​ទាំង​៣​លើក​នេះ​។ សម្រាប់​កម្ពុជា វិញ​នេះ​ជា​ឆ្នាំ​ដំបូង​ដែលមាន​បេក្ខភាព​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ក្រោយ​មាន​ចលនា​ប្រកួត​នៅក្នុង​ស្រុក​ឡើងវិញ​គិត​តាំងពី​ឆ្នាំ​២០១៧​មក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu