ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៩ឆ្នាំកម្ពុជា (U19) បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលនៃនៃរង្វាន់ពាន AFF U19 Championship 2018 លើទឹកដីឥណ្ឌូនេស៊ី ខណៈក្រោយធ្វើដំណើរត្រឡប់មកដល់មាតុភូមិនៅល្ងាចថ្ងៃអាទិត្យ ចុងសប្តាហ៍នេះលោកMusashi Mizushima ជាគ្រូបង្វឹក បានសម្លឹងឃើញពីចំណុចខ្សោយរបស់កូនក្រុម។
បុរសជនជាតិជប៉ុន រូបនេះបានលើកឡើងថា «ការបាត់បង់ឱកាសឡើងទៅជុំបន្ទាប់របស់យើងគឺ ដោយសារកីឡាករយើងខ្វះបទពិសោធន៍នៅឡើយ ។ ខ្ញុំគិតថា បើសិនកូនក្រុមមានបទពិសោធន៍គ្រប់គ្រាន់ និងគ្រប់គ្រងការប្រកួតបានល្អ ពិសេសគឺអាចយកស្មើក្រុម U19មីយ៉ាន់ម៉ា គឺយើងនឹងបានឡើងទៅវគ្គបន្ដ។ ប៉ុន្ដែដោយសារកីឡាកររបស់យើង មិនអាចគ្រប់គ្រងការប្រកួត បានធ្វើឲ្យភ្លាត់ចាញ់មីយ៉ាន់ម៉ា និងមិនអាចសម្រេចបំណងរបស់យើងតែម្ដង»។
គ្រូបង្វឹកប្រចាំសាលាបាល់ទាត់ជាតិបាទី រូបនេះបានបន្តថា កូនក្រុមខ្លួនពេលលេងជាមួយក្រុមកម្រិតល្មមគឺធ្វើបានល្អ ប៉ុន្ដែពេលជួយក្រុមខ្លាំង ពួកគេហាក់បាត់បង់ស្មារតីជាក្រុម ធ្វើឲ្យការគ្រប់គ្រងបាល់មិនបានល្អ ជាហេតុនាំឲ្យគូប្រជែង មានឱកាសស្វែងរកគ្រាប់បាល់។ ជាក់ស្តែងការជួបក្រុម U19ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាក្នុងពូលB ថ្មីៗនេះ។ លោកថានេះគឺដោយសារការខ្វះខាតបទពិសោធន៍ ទើបធ្វើឲ្យការកំណត់គោលដៅឡើងវគ្គ ៤ក្រុមចុងក្រោយមិនសម្រេច។
សរុបលទ្ធផលទាំងអស់ប្រចាំពាន AFF U19 Championship 2018 ក្រុមU19កម្ពុជា ដែលស្ថិតក្នុងពូលB បានប្រកួតឈ្នះប្រ៊ុយណេ ៥-០ និងឈ្នះទីម័រខាងកើត ២-១ តែចាញ់ក្រុមម៉ាឡេស៊ី ២-០ និងចាញ់ក្រុមមីយ៉ាន់ម៉ា ៤-១។ ពានរង្វាន់នេះចាប់ពីថ្ងៃទី១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខណៈម្ចាស់ផ្ទះបានរៀបចំទីក្រុងចំនួន២គឺ Gresik និងSidoarjo សម្រាប់ដំណើរការការប្រកួត។ ជាលទ្ធផលជើងឯកបានទៅក្រុម U19ម៉ាឡេស៊ី ក្រោយយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៤-៣ ហើយចំណាត់ថ្នាក់លេខ៣ បានទៅក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះក្រុមថៃ ២-១។
ងាកមកក្រុម U19 កម្ពុជា ដែលចេញទៅប្រកួតនៅក្រៅប្រទេសលើកនេះដឹកនាំដោយលោកMusashi MIZUSHIMA ហើយកីឡាករទាំង២៣នាក់មានសៀង ចន្ធា, សៀន សុភត្រា, ហេង ទីណា,ថា ច័ន្ទឬទ្ធី, សឿត ណាវ៉ា, ឡុង ម៉េងហាវ, ហ៊ុល គឹមហ៊ុយ, លន ថេន, ឈឿង វិស៊ីនុ, ផាច សុជាវីឡា, ទេស សម្បត្តិ, ណារ៉ុង កក្កដា, សាន គឹមហេង, ជា វ៉ាន់សាក់, សាន បូរ៉ា, ត្រាយ វិចិត្រ, ឃាង ម៉េងហួរ, ណុប ដេវីដ, ពេជ្រ សុវណ្ណារ័ត្ន, យ៉េត ចិត្រា, ចន្ថា ធនធាន, ឪ ភារ៉ុណ, ឃុន សេងថៃ៕
Source: Kampuchea Thmey Daily
0 Comments