Ad Code

ជិះ​ម៉ូតូឌុប​គ្នា​ឆក់​កាបូប​គេ​បាន​ហើយ​ រត់​មិន​រួច​ម្ចាស់​កាបូប​ដេញ​ចាប់​បាន​ម្នាក់



ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​គេ​ដោយ​មិន​ស្គាល់ ភូមិសាស្ត្រ ក្រោយពី​ឆក់​កាបូប​បានសម្រេច​ហើយ ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​រហូតដល់​ផ្លូវ​ទាល់​ទៅមុខ​លែងរួច អស់ជម្រើស​ផ្តួល​ម៉ូតូ​ចោល​ចុះ​រត់​មិន​រួច​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់​បាន​ម្នាក់​ហើយ​ម្នាក់ទៀត​ រត់​គេចខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​១៧ ​ខែកក្កដា​ ឆ្នាំ២០១៨ ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣​ ភូមិ​ព្រៃ​ព្រីង​ត្បូង ​សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ជនសង្ស័យ​ម្នាក់​ចាប់​ខ្លួន​បាន ឈ្មោះ ញ៉ែម បុរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​អង្ក្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ រីឯ​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់។ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ាក Duke ពណ៌​ខ្មៅ​លា​យស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FL-1777។ ចំណែក​ជនរងគ្រោះ​ឈ្មោះ រិ​ទ្ធ ចាន់ណា​រី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ភូមិកំណើត​នៅ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ប្តី​ឈ្មោះ​ឃុ​ត បូរ៉ា​វី អាយុ​៣៩ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ស្រុកកំណើត ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ។ ដោយឡែក​កាបូប​ ដែល​ជនសង្ស័យ​ឆក់​បាន​ពណ៌​ក្រហម ​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​និង​លុយ​មួយចំនួនទៀត។



តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ​រោងចក្រ​បំណង​ទៅ​ហួស​ផ្សារ​រក​ទិញ​ម្ហូប​សិន​មុន​ចូល​ផ្ទះ ដោយ​ជិះ​តាមផ្លូវ​ជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​Duke តាម​ពីក្រោយ​ពេល​មក​ដល់​ទន្ទឹម​គ្នា​ ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ដៃ​ប្រពន្ធ គាត់​បានសម្រេច​ហើយ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​សរសៀរ​តាម​របង​បន្ទាយ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០​សំដៅ​ឡើង​ឆ្ពោះ​ទៅខាង​ផ្លូវជាតិ​លេខ​៤​ ក៏ប៉ុន្តែ​ផ្លូវលំ​ខាងក្រោយ​តំបន់​នោះ​ ស្មុគស្មាញ​កាច់​កុង​បត់បែន​ច្រើន​ធ្វើ​ឲ្យ​ជនសង្ស័យ​ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​បើក​រត់​ទៅដល់​ផ្លូវ​ទាល់ ទៅមុខ​លែង​រួច​ជម្រើស​ចុងក្រោយ​ពួកគេ​បាន​ផ្តួល​ម៉ូតូ​ចុះ​រត់​គេច​ខ្លួន តែ​បាន​ជនរងគ្រោះ​ជំនាញ​ខាង​បើក​ម៉ូតូ​ដែរ​តាម​ទាន់​ស្រែក​ផ្អើល​ពលរដ្ឋ​ជួយ​ដេញ​ចាប់​បាន​ម្នាក់​ និង រត់​គេច​ខ្លួន​បាត់​ម្នាក់។

ក្រោយពី​ចាប់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ​រួម​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​ ដើម្បី​សាកសួរ​ និង ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី ចំណែក​សម្ភារៈ​កាបូប​លុយ​ដែល​ជនសង្ស័យ​ឆក់​បាន​នោះ​ សមត្ថកិច្ច​ដកហូត​បាន​មក​វិញ​ ហើយ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu