ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅថ្មីៗនេះ ប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរ។
ថ្លែងតាមតាមរយៈទំព័រ Facebook ផ្លូវការកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធនិងសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះ ប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរ និងគ្មានអំពើអំពើហិង្សា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា»។
ចំណែកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិបានលើកឡើងថាជារួមបញ្ហាសន្ដិសុខនិងសណ្ដាប់ធ្នាប់នៃការបោះឆ្នោតអាណត្តិទី៦នេះ បានបិទបញ្ចប់ដោយភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានគំរាមកំហែង និងការរំខានអ្វីមួយនោះឡើយនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេសកម្ពុជា ជាង២ម៉ឺនការិយាល័យនោះ។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថា ការបោះឆ្នោតលើកនេះកម្លាំងនគរបាល បានចុះល្បាតនៅតាមគោលដៅនានា និងបានទប់ស្កាត់មិនឲ្យមានបទល្មើសអ្វីកើតឡើងដើម្បីបង្កលក្ខណៈងាយស្រួលចំពោះប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមស ខេងបានបន្តថា ការសម្រេចបាននូវជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លានេះគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូលទៅដល់សកលលោកបានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ មានកងកម្លាំងសមត្ថកិច្ចទាំងនគរបាល ទាំងអាវុធហត្ថ និង យោធាជាង៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្ដិសុខនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments