Ad Code

អត្រា​អ្នកបោះឆ្នោត​ខ្ពស់​ បង្ហាញ​ពី​ភាព​រីករាយ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស



ភ្នំពេញ ​៖ ​គណបក្ស​ប្រជាជន​កម្ពុជា ​បានចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ល្ងាច​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ដោយ​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​សម្តែង​សេចក្តីសោមនស្ស​រីករាយ​តាមរយៈ​សេចក្តីប្រកាស​បណ្តោះអាសន្ន​របស់​គជប ដោយ​បាន​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​៨២,១៧%​នៃ​អ្នកបោះឆ្នោត​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨​ដើម្បី​បង្ហាញ​ពី​ជំរើស និង​ឆន្ទៈ​របស់​ខ្លួន។

អត្រា​អ្នកបោះឆ្នោត​ខ្ពស់​បង្ហាញ​ពី​ភាព​រីករាយ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស។

គណបក្ស​ប្រជាជន​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់​ ដែល​បាន​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​​កក្កដា​នេះ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​នយោបាយ ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ភ្នាក់ងារ​គណបក្ស​,​អ្នកសង្កេតការណ៍​បោះឆ្នោត​ជាតិ និង​អន្តរជាតិ មកពី​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​,​អង្គការ​សង្គម​ស៊ីវិល​,​អង្គការ​អន្តរជាតិ និង​អង្គការ​បណ្តាញ​គណបក្ស​នយោបាយ​អន្តរជាតិ​មកពី​ប្រទេស​ចំនួន​៥២​ជុំវិញ​ពិភពលោក​ដើម្បី​ធ្វើជា​សាក្សី​នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​)​បាន​ឲ្យ​ដឹង​ ​បន្ទាប់ពី​បិទ​បញ្ចប់​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​នោះ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦​ ឆ្នាំ​២០១៨​មាន​ចំនួន​៦.៨៨៥.៧២៩​នាក់ ស្មើនឹង​៨២,១៧%​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ៨.៣៨០.២១៧​នាក់។

គជប បាន​ឲ្យ​ដឹងថា ដំណើរការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី​មិន​មាន​ការ​រំខាន​អ្វី​ទេ ទាំង​សុវត្ថិភាព ទាំង​សន្តិសុខ ទាំង​ទឹកចិត្ត​រីករាយ​របស់​អ្នកបោះឆ្នោត​ម្នាក់ៗ​។ ​មាន​ការិយាល័យ​១​ចំនួន​បាន​បិទ​មុន​ម៉ោង​៣​រសៀល​ដោយសារ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ការិយាល័យ​នោះ​បានមក​បោះឆ្នោត​អស់ និង​ការិយាល័យ​ភាគច្រើន​បាន​បិទ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​។​

គជប បន្តទៀតថា បើ​គ្មាន​ពាក្យបណ្តឹង​ទេ គជប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១​ខែ​សីហា ឆ្នាំ​២០១៨ និង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥​សីហា​។ ជាមួយគ្នានេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​របាយ​ការ​ណ៍​បណ្តោះ​អាស​ន្ត​ស្ដីពី​ចំនួន​អ្នកបោះឆ្នោត​ ដែល​បានមក​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​រាជធានី​ភ្នំពេញ ចំនួន​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៨៦៦.២៦៥​នាក់ ក្នុងនោះ​អ្នក​ដែល​បានមក​បោះឆ្នោត​មាន​ចំនួន​៦៩៣.៦៩៩​នាក់​ស្មើនឹង​៨០,០៨%​។​ចំនួន​អ្នកបោះឆ្នោត​ទូទាំងប្រទេស មានការ​កើនឡើង​យ៉ាងខ្លាំង​លើសពី​ឆ្នាំ​២០១៣​ដែល​មានតែ​៦៩,៦១%​តែប៉ុណ្ណោះ​។ ​ចំណែក​គណបក្ស​នយោបាយ​ក៏​មាន​ការ​កើនឡើង​ដែរ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​ ដែល​មាន​ត្រឹមតែ​៨​គណបក្ស នៅពេល​ឆ្នាំ​២០១៨​នេះ​មាន​គណបក្ស​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu