Ad Code

ចាងហ្វាង​កាសែត New York Times ប្រា​ប់លោក Trump ថា ការវាយប្រហារ​ប្រឆាំង​សារព័ត៌មាន​គឺមាន “​គ្រោះថ្នាក់​និង​ខាតបង់​”



ចាងហ្វាង​កាសែត New York Times បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ព្រមាន​លោក Donald Trump នៅក្នុង​កិច្ចប្រជុំ​សេត​វិមាន​ថា ការវាយប្រហារ​ខ្លាំង​ឡើង​របស់លោក​ប្រធានាធិបតី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺ “​មាន​គ្រោះថ្នាក់​និង​ខាតបង់​ដល់​ប្រទេស​របស់​យើង​ ហើយនឹង​នាំទៅរក​អំពើហិង្សា​”​។​

ប៉ុន្តែ​កិច្ចប្រជុំ​ជាមួយ​លោក A.G. Sulzberger ដែលជា​ចាងហ្វាង​កាសែត​ដ៏​ល្បីល្បាញ​មួយ​នេះ​ចាប់តាំងពី​ថ្ងៃទី​១​ខែមករា​មក​នោះ​គឺ​ហាក់ដូច​ជាមាន​ឥទ្ធិពល​តិចតួច​ណាស់​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ឲ្យ​ល្អប្រសើ​និង​បន្ធូរបន្ថយ​ភាព​តានតឹង​របស់លោក Trump ជាមួយនឹង​សារព័ត៌មាន​។​

នៅលើ Twitter ប្រធានាធិបតី​បាន​រិះគន់​ចំពោះ​អ្វីដែល​លោក​ហៅថា​ជា “​អ្នកប្រឆាំង Trump នៅក្នុង​ឧស្សាហកម្ម​កាសែត​ដែល​ជិត​ដួលរលំ​” ដោយ​ហៅ​ពួកគេ​ថា “​អ្នក​មិន​ស្នេហា​ជាតិ​!”​។​

កិច្ចប្រជុំ​របស់លោក​ប្រធានាធិបតី​ជាមួយ​លោក Sulzberger បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ក្រោយពេល​មាន​សំណើ​ពី​សេត​វិមាន​សម្រាប់​អ្វីដែល​ហាក់ដូចជា​កិច្ចប្រជុំ​ជា​ទៀងទាត់​ដើម្បី​យល់ចិត្ត​គ្នា​។​

យោងតាម​លោក Sulzberger បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ដែល​រួមមាន​ទាំង​អ្នក​កែសម្រួល​ទំព័រ​បទ​វិចារណកថា​របស់​កាសែត Times លោក James Bennet ផងដែរ​នោះ​គឺ​បាន​រក្សា​ការសម្ងាត់​តាម​សំណើ​របស់​សេត​វិមាន​រហូតដល់​លោក Trump បាន​បង្ហោះ Twitter អំពី​វា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។​

លោក Trump បាន​និយាយថា “​មាន​កិច្ចប្រជុំ​ដ៏​ល្អ​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នៅ​សេត​វិមាន​ជាមួយ​លោក A.G. Sulzberger ។ បាន​ចំណាយពេល​ជាច្រើន​និយាយ​អំពី​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​និង​របៀប​ដែល​ព័ត៌មាន​ក្លែងក្លាយ​បាន​ប្រែ​ទៅជា​ពាក្យ “​សត្រូវ​របស់​ប្រជាជន​”​។ សោកស្តាយ​មែន​!”​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត The Times នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក លោក Sulzberger បាន​និយាយថា “​ខ្ញុំ​បាន​ប្រាប់​គាត់​ថា បើទោះបីជា​ពាក្យ​ថា “​ព័ត៌មាន​ក្លែងក្លាយ​” គឺ​មិនមែនជា​ការពិត​និង​មាន​គ្រោះថ្នាក់​ក៏ដោយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាងនេះទៅទៀត​ចំពោះ​គាត់​ដែល​ចាត់ទុក​អ្នកកាសែត​ថា​ជា សត្រូវ​របស់​ប្រជាជន​។ ខ្ញុំ​បាន​ព្រមាន​ថា ភាសា​លាប​ពណ៌​នេះ​កំពុង​រួមចំណែក​ដល់​ការកើនឡើង​នៃ​ការគំរាមកំហែង​ប្រឆាំង​អ្នកកាសែត​និង​នាំទៅរក​អំពើហិង្សា​”​។​

លោក Sulzberger បាន​សន្និដ្ឋានថា “​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ពិចារណា​ឡើងវិញ​អំពី​ការវាយប្រហារ​ខ្លាំងៗ​របស់គាត់​លើ​វិស័យ​សារព័ត៌មាន​ដែល​ខ្ញុំ​ជឿថា​មាន​គ្រោះថ្នាក់​និង​ខាតបង់​ដល់​ប្រទេស​របស់​យើង​”​។​
​គួរ​បញ្ជាក់ថា ក្រៅពី​ការបញ្ជា​ក់ថា​កិច្ចប្រជុំ​បានធ្វើ​ឡើង​នោះ សេត​វិមាន​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ឡើយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu