Ad Code

ធន មករា ជួប Phat Seila ឯ ឈុត សេរី​វ៉ាន់​ថង ជួប Phat Thou ក្នុង​ជំនួប​ចុងក្រោយ​នៅ​SEATV



ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​៦ ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៤​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​សប្ដាហ៍​ចុងក្រោយ និង​ជុំ​ក្រោយ រវាង​អ្នក​ប្រដាល់​កម្ពុជា​ធន មករា សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ និង អ្នក​ប្រដាល់​ថៃ Phat Seila ហើយ​អ្នក​ប្រដាល់​កម្ពុជា​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Phat Thou។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៤​ចុងក្រោយ​នេះ ធន មករា​និង ឈុត សេរី​វ៉ាន់​ថង ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ ខណៈដែល​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ គេ​ទទួល​បាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​រួចទៅហើយ ដោយ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​នោះ ហើយ​នៅសល់​មួយ​កន្លែង​ទៀត​នោះ គឺ​សម្រាប់​ធន មករា និង​ឈុត សេរី​វ៉ាន់​ថង ប្រជែង​គ្នា​យក​ក្នុង​ជំនួប​ចុងក្រោយ​នេះ។

យ៉ាងណា ធន មករា ទោះបីជា​ឈ្នះ Phat Seila ក្នុង​ការប្រកួត​លើក​ចុងក្រោយ​នេះ​ក្តី ក៏​ការ​ឈ្នះ​របស់គេ​ត្រូវតែ​ទាមទារ​ឈ្នះ​ក្នុង​ទឹក​ទី​១ ហើយ​ក្នុង​វិនាទី​តិច​បំផុត​ដែរ ព្រោះ​ឈុត សេរី​វ៉ាន់​ថង ក្នុងការ​ឈ្នះ​បី​ប្រកួត​កន្លងមកនេះ មាន​១​ប្រកួត​គេ​វាយ​ដៃគូ​អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ម្ល៉ោះហើយ​ធន មករា ទោះបី​ឈ្នះ Phat Seila ដោយ​ពិន្ទុ​ឬ​ក្នុង​ទឹក​ទី​២-៣-៤​ក្តី​ក៏​នៅតែ​ចាញ់​ឈុត សេរី​វ៉ាន់​ថង មិនបាន​ឡើង​ទៅ​ផ្តាច់ព្រ័ត្រ​ជួប​ជាមួយ​ឡុង ជិន​ដែរ គឺ​នៅតែ​ឈុត សេរី​វ៉ាន់​ថង​ជា​អ្នក​ឡើងទៅ​ជួប​ឡុង ជិន​ដដែល​ទេ។

រវាង ធន មករា និង Phat Seila​នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។ មករា​គេ​ទើបតែ​ឡើង​ប្រកួត​ជាមួយ​ថៃ​បាន​៣​លើក​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ​ប៉ុណ្ណោះ ឯ​Phat Seila គេ​ជា​អ្នក​ប្រដាល់​ចាស់​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ហើយ​កន្លងមក។

ធន មករា និង Phat Seila នេះ តាម​ការ​កត់សម្គាល់​ឃើញ​នោះ អ្នក​ប្រដាល់​ថៃ​រូបនេះ ប្រហែលជា​មិនអាច​ឈ្នះ​ធន មករា បាន​នោះ​ឡើយ ព្រោះ​ថា Phat Seila ៣​ប្រកួត​កន្លងមក គេ​វាយ​ចាញ់​ទាំង​៣​ប្រកួត​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ ឯ​ធន មករា ៣​ប្រកួត​កន្លងមក​ដូចគ្នា គេ​វាយ​ឈ្នះ​ពីរ​ប្រកួត​ចាញ់​១​ប្រកួត មាន​៧​ពិន្ទុ។

Phat Seila មាន​កម្ពស់​១,៦០​ម៉ែត្រ ខណៈ​ធន មករា មាន​កម្ពស់​១,៦៨​ម៉ែត្រ។ Seila គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ​៧៩​លើក​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៦៦​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក​។ ចំណែក​ធន មករា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៥​លើក ឈ្នះ​៤៧ លើក ចាញ់​០៦​លើក និង​ស្មើ​០២​លើក ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការ​ជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បាន​ដែរ។

ចំពោះ​ការជួបគ្នា​រវាង ឈុត សេរី​វ៉ាន់​ថង​និង Phat Thou វិញ គូ​នេះ​ក៏​ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ដែរ​ទេ​។​ត្បិត​ថា អ្នក​ប្រដាល់ Phat Thou​នេះ ក៏​មិន​ខ្លាំង​និង​ល្អ​ជាង​សេរី​វ៉ាន់​ថង នោះដែរ។

ឈុត សេរី​វ៉ាន់​ថង ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​របៀប​វាយ​របស់គេ​ល្អ​និង​ខ្លាំង ព្រមទាំង រហ័សរហួន ហើយ​កម្លាំង​និង​ទឹកចិត្ត​របស់​គេ​ក៏​ខ្លាំង​និង​ធំ​ណាស់​ដែរ។ សេរី​វ៉ាន់​ថង ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំនួន​១០​នាក់​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​ទាំង​១០​នាក់​មិនដែល​ចាញ់​ទេ ។ ឈុត សេរី​វ៉ាន់​ថង​មាន​កម្ពស់​១,៦៨ ម៉ែត្រ គេ​មាន​កំនត់ត្រា​ប្រកួត​៥៧​លើក ឈ្នះ​៥០​លើក ចាញ់​០៦​លើក និង​ស្មើ​០១​លើក ។ ទោះជា​យ៉ាងណា សេរី​វ៉ាន់​ថង គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​និង​មាន​ទំនុកចិត្ត។

ចំពោះ Phat Thou វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៦៨​លើក ចាញ់​១៩​លើក និង​ស្មើ​០១​លើក។ ទោះបី​គេ​មិន​ធ្លាប់​ជួបគ្នា​ក៏​ពិត​មែន តែ​មើលទៅ Phat Thou អាច​យ៉ាប់​ជាមួយ សេរី​វ៉ាន់​ថង​ហើយ។ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​៤​ចុងក្រោយ​នេះ រវាង​ឈុត សេរី​វ៉ាន់​ថង និង Phat Thou តើន​រណារ​កបាន​៣​ពិន្ទុ​នោះ ?។ យ៉ាងណា ឈុត សេរី​វ៉ាន់​ថង គេ​ចាំបាច់​ត្រូវតែ​យកឈ្នះ Phat Thou​ឲ្យ​បាន ដើម្បី​ឡើងទៅ​ជួប​ឡុង ជិន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៥៧​គីឡូក្រាម​នោះ។

អ្នក​ប្រដាល់​ពីរ​នាក់​នេះ ឆ្លងកាត់​ការប្រកួត​បី​លើក​កន្លងមក​នោះ គឺ​ឈុត សេរី​វ៉ាន់​ថង គេ​ឈ្នះ​ទាំង​៣​ប្រកួត មាន​៩​ពិន្ទុ ហើយ Phat Thou គេ​វាយ​ចាញ់​ទាំង​បី​ប្រកួត មាន​៣​ពិន្ទុ​ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu