Ad Code

ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង បាន កើនឡើង​លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ​ នៅ​ព្រឹក​នេះ



ស្ទឹងត្រែង ​៖​ ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង​ថា គិត​មកដល់​ម៉ោង​៦:៣០​នាទី ​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់​១០,៧៥ ម ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ​១០,៧០​ម ប៉ុណ្ណោះ។

ក្រសួង​បន្ត​ថា ទឹកទន្លេ​ បាន​ចាប់ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយចំនួន ​ដែល​នៅ​តាម​ដង​ទន្លេ​ជា​បណ្តើរ​ៗ​ហើយ។ គួរ​រំលឹក​ដែរ​ថា ​កាលពី​ថ្មី​កន្លង​មក​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ បាន​រងគ្រោះ​ជន់​លិច ម្តង​រួច​មក​ហើយ​ ដោយសារ​បាក់​ទំនប់​វារីអគ្គិសនី​ នៅ​ប្រទេស​ឡាវ។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​មាន​ភ្លៀង​ធ្លាក់ ជា​បន្ដបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​លើ ក្នុងប្រទេស​កម្ពុជា បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់​។​

​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា យោងតាម​ការ​ព្យាករ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​លើ អាច​កើន​ឡើងដល់​៖​ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់ ១១.០៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។​

ទន្លេមេគង្គ​ក្រចេះ​ ទឹក​អាច​កើនឡើង​ដល់ ២១.៦៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។​ ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​កើនឡើង​ដល់ ១៤.៨០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។ ជាមួយគ្នានេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu