Ad Code

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅតែ​ឃុំឃាំង​កុមារ​អន្តោប្រវេសន៍​ចំនួន​៥៦៥​នាក់



រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​បន្ត​ឃុំឃាំង​កុមារ​អន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​៥៦៥​នាក់​ក្នុង​រយៈពេល​៣​សប្ដាហ៍ ​បន្ទាប់ពី​តុលាការ​កំណត់​ឲ្យ​ពួកគេ​ជួបជុំ​ជាមួយ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​វិញ។

នោះ​រួមបញ្ចូល​ទាំង​កុមារ​ចំនួន​២៤​នាក់​ ដែល​មាន​អាយុ​៥​ឆ្នាំ​ឬ​ក្មេង​ជាង​នេះ​ផង​ដែរ ​ដែល​ត្រូវបាន​មើលថែ​ដោយ​ការិយាល័យ​ជំរក​ជនភៀសខ្លួន (ORR) របស់​ក្រសួងសុខាភិបាល​និង​សេវា​មនុស្ស​។​
ORR បាន​រាយការណ៍​ថា ឪពុកម្តាយ​របស់​ក្មេង​ចំនួន​៣៦៦​នាក់​ក្នុងចំណោម​៥៦៥​នាក់​គឺ​ស្ថិតនៅ​ខាងក្រៅ​សហរដ្ឋអាមេរិក​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការជួប​ជុំគ្នា​មាន​ភាពលំបាក​។​

ORR បាន​រាយការណ៍​ទៀតថា ឪពុកម្តាយ​របស់​កុមារ​១៥៤​នាក់​បាន​និយាយថា ពួកគេ​មិន​ចង់​រួបរួមគ្នា​ជាមួយ​កូនៗ​វិញ​ទេ​។ ហើយ​កុមារ​ជាង​១៨០​នាក់​មិនអាច​ត្រូវបាន​បញ្ជូនទៅ​ឪពុកម្តាយ​វិញ​ទេ​ដោយសារតែ​ឪពុកម្តាយ​ទាំងនោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​គំរាមកំហែង​ដល់​កូនៗ​។​

កាលពីដើម​ឆ្នាំនេះ រដ្ឋាភិបាល​បាន​បំបែក​កុមារ​ជាង​២,៥០០​នាក់​ពី​ឪពុកម្តាយ​របស់​ពួកគេ​បន្ទាប់ពី​គ្រួសារ​ជាច្រើន​បាន​ឆ្លងកាត់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​កដោយ​ខុសច្បាប់​ជាមួយ​គោលបំណង​ស្នាក់នៅ​ក្នុងប្រទេស​នេះ​។​

ក្រុម​សិទ្ធិមនុស្ស​បាន​ជំទាស់​នឹង​ការ​បំបែក​នេះហើយ​ចៅក្រម​សហព័ន្ធ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​ត្រូវ​ជួបជុំគ្នា​វិញ​នៅត្រឹម​ថ្ងៃទី​២៦​ខែកក្កដា​។​

ក្រសួង​សន្ដិសុខ​មាតុភូមិ​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​អន្តោប្រវេសន៍​ខុសច្បាប់​បាន​និយាយថា ឪពុកម្តាយ​មួយចំនួន​បាន​ទទួលយក​ការបញ្ជូន​ត្រឡប់​ទៅ​ព្រំដែន​វិញ​ដោយ​បន្សល់ទុក​កូនៗ​ឲ្យ​រស់នៅ​សហរដ្ឋអាមេរិក​ហើយ​សង្ឃឹមថា​នឹងចូលរួម​ជាមួយ​ពួកគេ​នៅពេល​ក្រោយ​ដោយ​ស្របច្បាប់​។​

ORR បាន​និយាយ​នៅក្នុង​ឯកសារ​របស់ខ្លួន​ថា ខ្លួន​កំពុង​បន្ត​ព្យាយាម​ដាក់​កុមារ​ឲ្យ​ត្រឡប់មកវិញ​ជាមួយ​ឪពុកម្តាយ​ឬ​សាច់ញាតិ​របស់​ពួកគេ​នៅក្នុង​សហរដ្ឋអាមេរិក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu