ភ្នំពេញ ៖ បន្ទាប់ពីគ្រប់គ្រងកៅអីសិល្ប៍ចំនួន៤២ ដោយសារការរលំរលាយនៃអតីតគណបក្សគណបក្សប្រឆាំងនោះ នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គណបក្សហ៊្វុនស៊ិនប៉ិច រកតែមួយកៅអីមិនបានផង តែអ្វីដែលជាបញ្ហាទៀតនោះ ក្រោយការបោះឆ្នោតមិនបានមួយចម្អិនកំពឹសផង ផ្ទៃក្នុងគណបក្សរាជានិយមមួយនេះ បានចាប់ផ្តើមកំរើកសាជាថ្មី។
សេចក្តីសម្រេចរបស់គណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដែលទើបតែធ្លាយដល់ដៃអ្នកសារព័ត៌មាន នៅពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃនោះ បានធ្វើការជំនួសប្រធានស្តីទី ដោយបានសម្រេចបញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤រូប រួមមាន ទី១. លោក យូ ហុកគ្រី ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត ទី២. លោក ប៉ោ ប៊ុនស្រ៊ឺ ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត ទី៣. លោក ញ៉េប ប៊ុនជិន ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត និងទី៤. លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត។
ទោះជាយ៉ាងណា ដើម្បីលើកទឹកចិត្ត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំងអតីតមន្ត្រីជាន់ខ្ពស់ចំនួន៣រូប ជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន លោក យូ ហុកគ្រី , លោក ប៉ោ ប៊ុនស្រ៊ឺ និងលោកញ៉េប ប៊ុនជិន។
ក្រៅពីដកតំណែងមន្ត្រីជាន់ខ្ពស់ទាំង៤រូបខាងលើនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានតែងតាំងព្រះរាជបុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ពេជ្រ សូជេដ្ឋា ជាអគ្គលេខាធិការប្រតិបត្តិ និងតែងតាំងលោក ណុប សុធារិទ្ធ ជាអ្នកនាំពាក្យថ្មីផងដែរ។
ការសម្រេចបញ្ចប់មុខតំណែងមន្ត្រីជាន់ជាន់ខ្ពស់ចំនួន៤រូប ដែលធ្លាប់បានតស៊ូ និងមានស្នាដៃ សម្រេចគណបក្សរាជានិយមមួយនេះ បានធ្វើឡើងខណៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងតែសម្រាកព្យាបាលព្រះកាយនៅទីក្រុងបាងកក ប្រទេសថៃ ក្រោយពីព្រះអង្គជួបគ្រោះថ្នាក់ចរចរណ៍យ៉ាងធ្ងន់ធ្ងរ នៅខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់។
ទាក់ទងបញ្ហានេះ លោក ណុប សុធារិទ្ធ ជាអ្នកនាំពាក្យថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ថា ការសម្រេចបញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់ចំនួន៤រូបនេះ មិនមានបញ្ហាអ្វីនៅក្នុងគណបក្សទេ នេះជាការសព្វព្រះហឫទ័យរបស់ព្រះអង្គ “តែព្រះអង្គសព្វព្រះហឫទ័យយ៉ាងម៉េច គឺចឹងហើយបង អត់មានរឿងអីទេបង មានការផ្លាស់ប្តូរបន្តិចបន្តួចទេ អត់មានអីទេបង អត់មានបញ្ហាអីនៅក្នុងបក្សទាំងអស់” ។
តាមលោក ណុប សុធារិទ្ធ ក្រោយពីបញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់ចំនួន៤រូបនោះ មិនមានការតែងតាំងសមាជិកថ្មីជំនួសតំណែងទាំងនោះឡើងវិញទេ ហើយវាជាការសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេលនេះ ព្រះអង្គកំពុងសម្រាកព្យាបាលនៅក្រៅប្រទេស។
ទាក់ទងបញ្ហានេះ ការិយាល័យយើងមិនអាចស្វែងរកការទំនាក់ទំនងមន្ត្រីជាន់ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចទាំង៤រូប ដើម្បីបំភ្លឺបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។
គេនៅចាំបានថា ក្រោយពីតុលាការកំពូលបានប្រកាសរំលាយអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អាសនៈនៅសភាចំនួន៥៥ របស់អតីតគណបក្សនេះ ត្រូវបាន គ.ជ.ប ចែកទៅឲ្យគណបក្សផ្សេងៗ ដែលរួមមាន ទី១. ៤១អាសនៈ បានទៅគណបក្សហ៊្វុនស៊ិនប៉ិច ទី២. ២អាសនៈ បានទៅគណបក្សសញ្ជាតិកម្ពុជា ទី៣. ១អាសនៈ បានទៅ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី៤. ៥អាសនៈ បានទៅ គណបក្សខ្មែរឈប់ក្រ ទី៥. ៦អាសនៈ បានទៅគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ក៏ទទួលបានតំណែងអនុប្រធានរដ្ឋសភាផងដែរ ប៉ុន្តែក្រោយការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កៅអីសិល្ប៍ចំនួន៤២នេះ ក៏ជ្រុះបាត់អត់អស់ សូម្បីតែមួយ ក៏មិនសល់ដែរ ដែលលទ្ធផលនេះ ដោយសារតែការបែកបាក់ផ្ទៃក្នុង និងភាពខ្សោយរបស់មេដឹកនាំគណបក្សរាជានិយមមួយនេះ និងការមិនចេះរួបរួមសាមគ្គីគ្នា ធ្វើឲ្យគណបក្សនេះត្រូវបានហែកជាចំរៀកៗ៕
Source: Kampuchea Thmey Daily
0 Comments