វីរបុរសកីឡាគ្រីកឃីតពានរង្វាន់ World Cup របស់ប្រទេសប៉ាគីស្ថានលោក Imran Khan បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅថ្ងៃសៅរ៍ បន្ទាប់ពីបានសន្យាថា នឹងមានយុគសម័យថ្មីមួយនៃការទទួលខុសត្រូវនិងភាពរុងរឿងក្នុងសុន្ទរកថានៅរដ្ឋសភា។
លោក Khan បានឈ្នះសំឡេងភាគច្រើនពីសមាជិកសភាក្នុងការបោះឆ្នោតសម្តែងការទុកចិត្តមួយកាលពីថ្ងៃសុក្រក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីការបោះឆ្នោតមួយដែលពោរពេញដោយពាក្យបណ្តឹងអំពីការជ្រៀតជ្រែករបស់យោធានិងការលួចបន្លំសន្លឹកឆ្នោត។
លោក Khan ត្រូវបានគេមើលឃើញជូតទឹកភ្នែកនៅពេលដែលការតែងតាំងត្រូវបានប្រកាស។
ការស្បថរបស់គាត់ក្នុងពិធីនេះបានកត់សម្គាល់ពីការបញ្ចប់នៃភាពជាអ្នកដឹកនាំវិលជុំរវាងបក្សនយោបាយចំនួនពីរដែលត្រូវបានបង្អាក់ដោយសម័យកាលនៃការគ្រប់គ្រងរបស់យោធា។
ការបោះឆ្នោតថ្ងៃទី២៥ខែកក្កដាត្រូវបានគេចាត់ទុកថាមាន “ភាពកខ្វក់បំផុតរបស់ប្រទេសប៉ាគីស្ថាន” ដោយមានការចោទប្រកាន់ក្នុងយុទ្ធនាការថា យោធាបានព្យាយាមជួយលោក Khan ។
អតីតកីឡាករគ្រីកឃីតដែលបានដឹកនាំប៉ាគីស្ថានឲ្យឈ្នះពានរង្វាន់ពិភពលោកក្នុងឆ្នាំ១៩៩២រូបនេះបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដាច់ខាតដែលជាហេតុបង្ខំឲ្យគាត់ត្រូវចាប់ដៃគូជាមួយគណបក្សតូចៗនិងគណបក្សឯករាជ្យដើម្បីបង្កើតរដ្ឋាភិបាលមួយ។
គាត់បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រថា “ជាបឋម យើងនឹងចាប់ផ្តើមគណនេយ្យភាពយ៉ាងតឹងរ៉ឹង។ ខ្ញុំសន្យាដល់ព្រះរបស់ខ្ញុំថា គ្រប់គ្នាដែលលួចយកប្រទេសនេះនឹងត្រូវទទួលខុសត្រូវ”។
គាត់នឹងត្រូវជួបប្រទះបញ្ហាជាច្រើនដូចជាភាពជ្រុលនិយម កង្វះទឹកស្អាតនិងកំណើនប្រជាជនដែលជះជាផលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ។
លោក Khan ក៏នឹងត្រូវប្រឈមនឹងបញ្ហាដូចគ្នានឹងអ្នកកាន់តំណែងមុនៗផងដែរ។ នោះគឺតើត្រូវរក្សាតុល្យភាពអំណាចនៅក្នុងទំនាក់ទំនងស៊ីវិលនិងយោធាដោយរបៀបណា៕ AFP
Source: Kampuchea Thmey Daily
0 Comments