Ad Code

សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​យោធា​មី​យ៉ាន់​ម៉ា​ជុំវិញ​ការបង្ក្រាប​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា



សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បានដាក់​ទណ្ឌកម្ម​លើ​មេបញ្ជាការ​យោធា​ និង​មេបញ្ជាការ​ប៉ូលិស​មី​យ៉ាន់​ម៉ា​ចំនួន​៤​នាក់​ និង​អង្គភាព​កងទ័ព​ចំនួន​ពីរ​ដោយ​ចោទប្រកាន់​ពួកគេ​អំពី “​ការ​បោសសម្អាត​ជនជាតិភាគតិច​” ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ និង​ការ​រំលោភបំពាន​សិ​ទិ្ធ​មនុស្ស​រីក​រាលដាល​នៅ​ទូទាំងប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

ការដាក់ទណ្ឌកម្ម​ដោយ​ក្រសួង​រតនាគារ​បានក​ត់​សម្គាល់​ពី​សកម្មភាព​ដ៏​តឹងរ៉ឹង​បំផុត​របស់​សហរដ្ឋអាមេរិក​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្ក្រាប​របស់​មី​យ៉ាន់​ម៉ា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល ចាប់ផ្តើម​កាលពី​ឆ្នាំមុន​និង​បាន​ជំរុញ​ឲ្យ​មនុស្ស​ជាង​៧០០,០០០​នាក់​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​
​ប៉ុន្តែ​រដ្ឋបាល​លោក Trump មិនបាន​កំណត់​ទិសដៅ​លើ​យោធា​ខ្ពស់បំផុត​របស់​មី​យ៉ាន់​ម៉ា​ទេ​។​

វិធានការ​នេះ​ត្រូវបាន​ប្រកាស​ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo ត្រៀម​ចេញ​នូវ​ការរកឃើញ​នៃ​ការស៊ើបអង្កេត​របស់​ស​ហ​រដ្ឋ​អាមេរិក​អំពី​អំពើ​ប្រល័យពូជសាសន៍​របស់​អាជ្ញា​ធរ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​។​

ការចេញផ្សាយ​របាយការណ៍​នេះ​ដែល​ចងក្រង​ពី​ការសម្ភាសន៍​នៅ​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​បង់​ក្លា​ដែ​សត្រូវ​បាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥​សីហា​ដែលជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការបង្ក្រាប​បង្ហូរឈាម​។​

អនុរដ្ឋលេខាធិការ​ក្រសួង​រតនាគារ​ទទួល​បន្ទុក​យកការណ៍​ភេ​វរ​កម្ម​និង​ហិរញ្ញវត្ថុ​លោកស្រី Sigal Mandelker បាន​និយាយថា “​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ហិង្សា​ប្រឆាំង​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​រួម​មានការ​បោសសម្អាត​ជនជាតិភាគតិច ការសម្លាប់​រង្គាល ការរំលោភ​ផ្លូវភេទ ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​”​។​

ទណ្ឌកម្ម​ត្រូវបាន​ដាក់​លើ​មេបញ្ជាការ​យោធា​លោក Aung Kyaw Zaw, Khin Maung Soe និង Khin Hlaing និង​មេបញ្ជាការ​ប៉ូលិស​ព្រំដែន Thura San Lwin ព្រមទាំង​កងពលធំ​ថ្មើរជើង​លេខ​៣៣​និង​ទី​៩៩​។​

វិធានការ​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​បង្កក​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋអាមេរិក​ដែល​បុគ្គល​ទាំងនេះ​កាន់កាប់ ការហាមឃាត់​ចំពោះ​ជនជាតិ​អាមេរិក​ពី​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ​ក៏ដូចជា​បំរាម​លើ​ការធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ផងដែរ​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu