Ad Code

អភិបាលខេត្ត​រតនគិរី ចាត់​ឲ្យ​មន្ត្រី​សាធារណការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ក្រោយ​រង​ការខូចខាត​ដោយ​ទឹកភ្លៀង



រតនគិរី​ ៖​ លោក ថង សាវុន អភិបាលខេត្ត និង​លោក គិត ទ្រី អភិបាលរង​ខេត្ត បាន​អមដំណើរ​ជាមួយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវលំ​មួយ​ខ្សែ​ ខណៈ​ភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា​អស់​រយៈពេល​ជាង​២​ខែ​កន្លង​មក​នេះ​ ធ្វើ​ឲ្យ​ផ្លូវ​ទៅកាន់​បណ្តា​ស្រុក​មួយចំនួន​ដូចជា ស្រុក​វើ​ន​សៃ ស្រុក​តា​វែង​និង​ស្រុក​អណ្តូង​មាស​ជាដើម​។​ល​។ បាន​រង​នូវ​ការ​ផល​ប៉ះពាល់​ខូចខាត​ហូរ​ដាច់​ច្រោះ​ជាច្រើន​កន្លែង​ និង​មាន​ជង្ហុក​ទឹក​ដក់​ជាដើម​ ជាហេតុ​ធ្វើ​ឲ្យ​ការ​ចរាចរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាងខ្លាំង។

ឆ្លើយ​តម​ទៅនឹង​ស្ថានភាព​ចំពោះមុខ​នេះ​ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​បាន​ចាត់វិធានការ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ជា​សេនាធិការ​ ចុះ​ជួសជុល​ជាក់ស្តែង​នូវ​កំណាត់​ផ្លូវ​មួយ​ខ្សែទទឹង​៧ ម៉ែត្រ​បណ្តោយ​២៨ គីឡូម៉ែត្រ ដែល​រង​ការខូចខាត​ខាងលើ​ដោយ​បាន​ដឹក​ក្រួស​ចាក់​ជង្ហុក​កិន​បង្ហាប់​និង​កៀរ​សម្អាត​ឲ្យ​មានមុខ​ទឹក​ហូរ​ចេញ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​។​

បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សារធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ដោយមាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រាល់ថ្ងៃ​ជាហេតុ​ធ្វើ​ឲ្យ​ការជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​អន្លើៗ​ទៅកាន់​បណ្តា​ស្រុក​មួយចំនួន​ជួប​ការ​លំបាក​ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​មន្ទីរ​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​ជួសជុល​តាមតែ​អាចធ្វើ​ទៅបាន​។​

​​នៅពេល​អាកាសធាតុ​អំណោយផល​រាំង​មិនមាន​ភ្លៀង មន្ទីរ​នឹងធ្វើ​ការជួសជុល​ជាបន្ទាន់​ភ្លាម ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួប​ការ​លំបាក​ទៀត​នោះទេ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu