អតីតនាយក CIA និងចារបុរសជាន់ខ្ពស់ជាច្រើននាក់ទៀតរបស់សហរដ្ឋអាមេរិកបានចេញការថ្កោលទោសដែលមិនធ្លាប់មានពីមុនមួយលើលោកប្រធានាធិបតី Donald Trump បន្ទាប់ពីការសម្រេចចិត្តរបស់គាត់ក្នុងការដាក់លោក John Brennan ចូលក្នុងបញ្ជីខ្មៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អតីតមេ CIA ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យរួមទាំងលោក Robert Gates, លោក George Tenet, លោក Porter Goss, លោក Leon Panetta និងលោក David Petraeus បានថ្កោលទោសការសម្រេចរបស់លោក Trump ក្នុងការដកហូតសិទ្ធិលោក Brennan ពីការទទួលបានព័ត៌មានសម្ងាត់។
អតីតចារបុរសជាច្រើននាក់បានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះសេចក្តីថ្លែងការណ៍នេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា “សកម្មភាពរបស់លោកប្រធានាធិបតីទាក់ទងនឹងលោក John Brennan និងការគំរាមកំហែងនៃសកម្មភាពប្រហាក់ប្រហែលគ្នាប្រឆាំងនឹងអតីតមន្ត្រីដទៃទៀតគឺមិនទាក់ទងទៅនឹងអ្នកដែលគួរឬមិនគួររក្សាសិទ្ធិទទួលបានព័ត៌មានសម្ងាត់នោះទេប៉ុន្តែវាជាការព្យាយាមរារាំងសេរីភាពបញ្ចេញមតិ”។
ពួកគេបានទទូចថា “យើងមិនដែលឃើញមានការអនុញ្ញាតឬការដកហូតសិទ្ធិទទួលបានព័ត៌មានសម្ងាត់ត្រូវបានប្រើជាឧបករណ៍នយោបាយដូចដែលបានធ្វើនៅក្នុងករណីនេះនោះទេ”។ ពួកគេបានហៅទង្វើរបស់លោក Trump ថា “មិនសមរម្យនិងគួរឲ្យសោកស្តាយជាទីបំផុត”។
លោក Trump បានឲ្យដឹងថា ពីរនាក់ក្នុងចំណោមអ្នកដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះដូចជាអតីតនាយកចារកម្មជាតិលោក James Clapper និងអតីតនាយក CIA លោក Michael Hayden គឺស្ថិតនៅក្នុងបញ្ជីមនុស្សដែលអាចបាត់បង់សិទ្ធិទទួលបានព័ត៌មានសម្ងាត់។
ជាញឹកញាប់ អតីតមន្ត្រីបានរក្សាសិទ្ធិទទួលបានព័ត៌មានសម្ងាត់បន្ទាប់ពីចាកចេញពីតំណែងដើម្បីអនុញ្ញាតឲ្យអ្នកស្នងតំណែងរបស់ពួកគេពិគ្រោះយោបល់លើបញ្ហានានា។
សេតវិមានបាននិយាយថា លោក Brennan ដែលជាអ្នករិះគន់លោក Trump យ៉ាងខ្លាំងគឺត្រូវបានគេដកហូតសិទ្ធិទទួលបានព័ត៌មានសម្ងាត់ដោយសារតែឥរិយាបថ “ខុសប្រក្រតី” របស់គាត់៕ AFP
Source: Kampuchea Thmey Daily
0 Comments