Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ការចូលរួម​ថែរក្សា​ការពារ​វប្បធម៌​ខ្មែរ​ជាការ​លើកស្ទួយ​កិត្តិយស​ជាតិ



ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​ថ្លែង​ថា ​ការចូលរួម​ថែរក្សា​ការពារ​វប្ប​ធ​ម៌ខ្មែរ​គឺជា​ការ​ចូល​រួម​ខ្ពស់​ក្នុងការ​លើកស្ទួយ​កិត្តិយស​ជាតិ​ពីព្រោះ​ថា វប្ប​ធ​ម៌​របស់​ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក​គឺជា​កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ពី​របៀបរបប​នៃ​ការអភិវឌ្ ​ជឿនលឿន​របស់​ប្រទេស​នោះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែប​នោះ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃទី​២២​ខែកញ្ញា​នេះ​ខណៈ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនងជា មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី សម្ពោធ​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៥ មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូប អាហារ​ខ្មែរ​លើក​ទី​១៩ និង​ការ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​លើក​ទី​១៨ នៅ មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនងជា មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​សម្ពោធ​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៥ មហោស្រព​សិល្បៈ​ដណ្ដាំ​ស្ល​ម្ហូបអាហារ​ខ្មែរ​លើក​ទី​១៩ និង​ការ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​លើក​ទី​១៨ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២២ -២៣ ខែកញ្ញា ឆ្នាំ២០១៨​នៅ មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រណ៍​កោះ​ពេជ្រ​ដ៏​ម​ហោ​ឱឡារិក​នាពេលនេះ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ជា​រៀងរាល់ឆ្នាំ​ក្រសួង​វប្បធម៌​បាន​ផ្តួច ផ្តើម​ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​អាពាហ៍ពិពាហ៍ ម​ហោ ស្រព​សិល្បៈ តាម​រាជធានី ខេត្ត និង​អង្គការ​សហគម ដោយ មាន​ដៃគូ​ឯកជន​ជាច្រើន​ចូលរួម​។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​បំផុស​ចលនា​មហាជន ជាពិសេស យុវជន​ឲ្យ​ចូល​រួម​ថែរក្សា ការពារ និង​លើកស្ទួយ​សិល្បៈ​វប្បធម៌​ជាតិ ពិសេស ទម្រង់​អាពាហ៍ពិពាហ៍ ម្ហូប​អារ​ហារ និង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វប្បធម៌​ជាតិ ដោយ​បណ្ដុះ​នូវ​ស្មារតី​ស្រលាញ់​ការយល់ដឹង​អំពី​គុណ​តម្លៃ និង​ការផ្ទេរ​បន្ត​ទៅ​ឲ្យ​អ្នកជា​ជំនាន់​ក្រោយ​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​បន្ត​ទៀត​ថា ​នេះ​ជាការ​ជួយ​ពង្រឹងសមត្ថភាព​សិល្បៈ ផ្លាស់ប្តូរ បទពិសោធន៍ និង​លើកកម្ពស់​គុណភាព​ផលិតផល​វប្ប ធម៌ ដើម្បី​ឈាន​ទៅ​សហការ និង​ប្រកួត ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​វិស័យ​វប្បធម៌​នេះ ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​សេចក្តីត្រូវការ​របស់​ម​ហា​ជន​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ចាត់ទុកថា ការរៀបចំ​ពិព័រណ៍ និង​មហោស្រព​សិល្បៈ​នា​ពេល​នេះ ជា​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​មាន​សារៈសំខាន់ ដែល​រួម​វិភាគទាន​ដោយ​ផ្ទាល់​ដល់​ការ​អភិរក្ស ផ្សព្វផ្សាយ និង​លើកស្ទួយ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ក្នុង​ក្របខណ្ឌ នៃ​កិច្ច សហការ​ល្អ រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន អង្គការ​មហាជន សហគមន៍ និង​សប្បុរសជន​នានា​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​ប្រមែប្រមូល​ពូន​ផ្ដុំ​ការចូលរួម ស្របតាម​គោលការណ៍​”​រដ្ឋ​ជា​អ្នក​គ្រប់ គ្រង គាំពារ ដៃគូ​ឯកជន​ជា​អ្នកអនុវត្ត​”​។

ព្រះរាជាណាចក្រ​កម្ពុជា ជា​ផែនដី​ដែល​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​បេតិកភណ្ឌ​វប្បធម៌ ទាំង​រូបី និង​អរូបី ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់ទុក​មកជា​ច្រើន​ជំនាន់ ធ្វើឱ្យ​កេរ្តិ៍​ឈ្មើ​របស់​កម្ពុជា​ល្បី​រន្ទឺ​សុសសាយ​នៅលើ​ពិភពលោក​។



ក្រៅពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី ដូចជា​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ច្រើន​រាប់ពាន់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស កម្ពុជា​ក៏មាន​សម្បត្តិ​បេ​តិក ភណ្ឌ​វប្បធម៌​អរូបី​ដ៏​សម្បូរ​បែប​ផង​ដែរ​ដូចជា របាំ ល្ខោន តន្ត្រី គំនូរ ចម្លាក់ សិប្បកម្ម សំលៀកបំពាក់ ម្ហូប​អារ​ហារ ប្រពៃណី ទំនៀមទម្លាប់ និង​ពិធីបុណ្យ​នានា​ជាមួយនឹង​ចំណេះដឹង ជំនាញ បច្ចេកទេស ដែល​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​រហូតមកដល់​សព្វ​ថ្ងៃនេះ​។ កេរដំណែល​វប្បធម៌​ទាំងនេះ គឺជា​ដួង​ព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ដ៏​រឹងមាំ មានតម្លៃ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន ហើយក៏​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​ផង​ដែរ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ជាពិសេស​តាមរយៈ​វិស័យ​ទេសចរណ៍វប្បធម៌​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ​ដោយមាន​ការ​យកចិត្តទុកដាក់​ពី​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នោះ វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ត្រូវ​បាន​លើ​កម្ពស់​ទាំង​នៅ​លើ​ឆាក​ជាតិ​និង​អ​នុ្ត​រ​ជាតិ​។ ជាក់ស្ដែង​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​យើង​មួយចំនួន​ត្រូវបាន​ពិភពលោក​ទទួល ស្គាល់ និង​បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​មាន​ជាអាទិ៍ ប្រាសាទ​តំបន់​អង្គរ​, ប្រាសាទព្រះវិហារ ,​តំបន់​ប្រាសាទ​សំបូរ ព្រៃ​គុក ,​របាំ​ក្បាច់​បុរាណ​ខ្មែរ​, ល្ខោនស្បែក​ធំ ល្បែង​ទាញ ព្រ័ត្រ និង​ចាប៉ីដងវែង​។

ជា​មួយ​គ្នា​នេះ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មួយ​ចំនួន​ទៀត​ក៏បាន​នឹង​កំពុង​រៀបចំ​ឯកសារ ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព លោក និង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។

ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ធនធាន​វប្បធម៌​នេះ​ហើយ ទើប​កម្ពុជា​ត្រូវបាន​គេ​ចាត់​ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​មួយ ប្រ​កបដោយ​ចីរភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu