ប៉ូលិសបាននិយាយថា កម្មករភេទស្ត្រីម្នាក់បានចាក់ទារកបីនាក់ដែលក្នុងនោះមានពីរនាក់មានអាយុតិចជាងមួយខែនៅក្នុងមណ្ឌលថែទាំកុមារមួយក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រមុនពេលអារក.ដៃរបស់នាង និងត្រូវបានគេចាប់ខ្លួន។
លោក Juanita Holmes ជំនួយការប្រធានល្បាតសម្រាប់នាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបាននិយាយក្នុងសន្និសីទសារព័ត៌មានថា ស្ត្រីម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណអាយុ៥២ឆ្នាំដែលក៏បានចាក់មនុស្សពេញវ័យពីរនាក់នៅក្នុងឧប្បត្តិហេតុមុននេះផងដែរនោះគឺស្ថិតនៅក្នុងស្ថានភាពមិនធ្ងន់ធ្ងរទេ។
ប៉ូលិសមិនបាននិយាយលម្អិតអំពីហេតុផលដែលជំរុញឲ្យមានករណីនេះកើតឡើងទេ។
ប៉ូលិសបាននិយាយថា ក្នុងចំណោមទារកដែលត្រូវគេចាក់នោះគឺមានស្រីពីរនាក់និងប្រុសម្នាក់។ ទារកទាំងបីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាមួយស្ថានភាពធ្ងន់ធ្ងរប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ រដ្ឋអាជ្ញាបាននិយាយថា ពួកគេមានអាយុ១៣ថ្ងៃ, ២២ថ្ងៃនិង៣៣ថ្ងៃ។
ស្ត្រីរូបនោះក៏បានចាក់បុរសអាយុ៣១ឆ្នាំម្នាក់ដែលត្រូវបានគេជឿថាជាឪពុករបស់ក្មេងម្នាក់និងស្ត្រីម្នាក់នៅឯមណ្ឌលថែទាំ Mei Xin Care ក្នុងសង្កាត់ Flushing ផងដែរ។ ប៉ូលិសបាននិយាយថា កាំបិតផ្ទះបាយនិងកាំបិតកាប់សាច់ប្រឡាក់ឈាមត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
ប៉ូលិសបាននិយាយថា មានកុមារចំនួន៩នាក់និងឪពុកម្តាយជាច្រើននាក់ស្ថិតក្នុងផ្ទះឯកជនមួយនេះនៅពេលការវាយប្រហារកើតឡើង។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សពេញវ័យពីរនាក់ដែលត្រូវបានគេចាក់គឺរស់នៅក្នុងផ្ទះនោះ។ អ្នកនាំពាក្យបានបន្ថែមថា ជនល្មើសគឺជាអ្នកធ្វើការនៅមណ្ឌលនោះប៉ុន្តែមិនមែនរស់នៅទីនោះទេ។
លោក Richard Brown មេធាវីសង្កាត់ Queens បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវាយប្រហារត្រូវបានឃុំឃាំងនៅមន្ទីរពេទ្យក្បែរនោះដើម្បីធ្វើការវាយតម្លៃពីជំងឺផ្លូវចិត្តក៏ដូចជាការព្យាបាលរបួសផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments